តុលាការឃុំខ្លួនជនជាតិចិន៣​នាក់ ខណៈលុយជាង៣​លាន ដុល្លារ ត្រូវបញ្ជូនទៅទុកនៅ ធនាគារជាតិនៃកម្ពុជា

788
ចែករម្លែក

ដោយ:​ឆាយា​នាថ/ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លុយជាង​៣​លាន ដុល្លារ​អាម៉េរិក ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុក​នៅធនាគារជាតិនៃកម្ពុជា ដើម្បីជាភស្តុតាងក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន៣​នាក់ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប៉េ​ហ្ស៊ី។ ​នេះបើតាមការបញ្ជាក់ របស់​​នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថា​រិ​ទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

​តាម​របាយការណ៍​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គោរព​ជូនសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យនិង​វត្ថុតាង​ជា​សាច់ប្រាក់​នេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយបានឃាត់ខ្លួន​ជនជាតិចិន៣​នាក់ ធ្លាប់ធ្វើ​ដំណើរ​ទៅមក​ប្រទេស​កម្ពុជា​ជាច្រើនលើកមកហើយ។

​លទ្ធផល​នៃ​ការសាកសួរ បាន​បង្ហាញថា ជនសង្ស័យ​២​នាក់ ពិតជា​បាន​យក​សាច់ប្រាក់​សរុប​ចំនួន ៣.៥២០.០០០​ដុល្លា​រអាម៉េរិក ចេញពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា​មែន ដោយ​អះអាងថា ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ ហើយ​ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ គឺ​បានមកពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ ខ្ចី​បងប្អូន និង​ខ្លះទៀត​បានមកពី​ផលចំណេញ​ក្រុមហ៊ុន ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់​។​

​ទោះបីយ៉ាងណា ពេលនេះសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ ដែលនឹងបន្តការស៊ើបអង្កេតបន្តទៀត៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ