រវល់​មក​ធ្វើ​អនុរក្ស​ប្រឡង​នៅ​ខេត្ត​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​គាស់ក្រឡ​ម៉ដ្ឋ​

986
ចែករម្លែក
ទិដ្ឋភាព​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​, លោក​អភិបាលស្រុក និង​អ្នក​ទៅ​ជួយ​ពន្លត់ (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​គ្រូបង្រៀន​រវល់​មក​ធ្វើ​អនុរក្ស​ប្រឡង​បាក់​ឌុប​នៅ​ខេត្ត ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​គាស់ក្រឡ​ម៉ដ្ឋ​សល់​តែ​ផេះ​។ ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ កើតឡើង​កាលពី​ម៉ោង​ប្រហែល ៤​ទៀបភ្លឺ​
​ឈានចូល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទួល​ប​ល្ល័​ង្គ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ​។ ប៉ុន្តែ​មិនមាន​អ្នករបួស​ទេ​។​

​លោក​វរសេនីយ៍ទោ ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ជុំ សុភ​ក្តិ អាយុ​៣២​ឆ្នាំ​(​ប្តី​) និង​ប្រពន្ធ​ឈ្មោះ ឌិន សារឿ​ត អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន​ទាំង​ប្តី​ប្រពន្ធ ហើយ​ត្រូវ​មក​ធ្វើជា​អនុរក្ស​នៅ​ទី​រួម​ខេត្តបាត់ដំបង​។​

ទិដ្ឋភាព​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​, លោក​អភិបាលស្រុក និង​អ្នក​ទៅ​ជួយ​ពន្លត់ (​រូប​៖ គ្រញូង​)

​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា ក្នុងពេល​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ គេ​សង្កេតឃើញ​មាន​លោក ផេង សុធី អភិបាលស្រុក​គាស់ក្រឡ លោក​អធិការ មេ​ប៉េអឹម និង​មេ​សឹក​រង​ស្រុក ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​ផងដែរ ប៉ុន្តែ​មិនមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ​។ ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ម៉ដ្ឋ​មាន​ទំហំ​៩​គុណ​៦​ម៉ែត្រ ជញ្ជាំង​ក្តារ ដំបូល​ស័ង្កសី​ខូចខាត​ទាំងស្រុង​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​(​ទុស្សេ​ខ្សែភ្លើង​)​។ ចំពោះ​ការខូចខាត គឺ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​និង​របស់របរ គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង តែ​មិនទាន់​អាច​វាយតម្លៃ​បាន​ថា អស់​ចំនួន​ប៉ុន្មាន​នោះទេ ព្រោះ​ម្ចាស់​នៅ​ខេត្ត​មិនទាន់​មកដល់​៕L ដោយ​៖ គ្រញូង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ