សម្តេច​ហ៊ុនសែន​៖​ការរំដោះ​ប្រជាជន​ចេញពី​របប​ខ្មែរក្រហម ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ខ្មែរក្រហម និង ការរីក​ធំ​ធាត់​នៃ​កងទ័ព​កម្ពុជា​សុទ្ធតែ ​មានការ​រួមចំណែក​របស់លោក ឡេ ឌឹ​ក​អា​ញ់​

1162
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែននាយករដ្ឋមន្ត្រី​កម្ពុ ជាបាន​បញ្ជាក់ថា​ការរំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ការ ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប្រល័យពូជសាសន៍ការកសាង​កម្ពុជា​ឡើងវិញ​ពិសេស​ការ រីក​ធំធាត់​នៃ​កងទ័ព​កម្ពុជា ។​ល​។ សុទ្ធតែ​មានការ​រួមចំណែក​របស់លោក ឡេ ឌឹ​ក​អា​ញ់ ។ ដោយ​ការគោរព​និង ដឹក​គុណ​ចំពោះ លោក ឡេ ឌឹ​ក​អា​ញ់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សរសេរ​បែបនេះ​នៅក្នុង​ក្រាំងមាស​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​បាន​ហៅ​លោក ឡេ ឌឹ​ក​អា​ញ់ ថា “​លោក​អ៊ុំ​” ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​កម្ពុជា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម​នៅ ព្រឹក​ថ្ងៃទី​៣ ខែឧសភា​នេះ​នៅ​វិមាន​បញ្ចុះសព​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម ។​លោក ឡេ ឌឹ​ក​អា​ញ់ បានទទួល​មរណភាព ក្នុង​អាយុ​៩៩​ឆ្នាំ កាលពី​វេលាយប់ ថ្ងៃ​ចន្ទ ទី​២២ ខែមេសា ឆ្នាំ​២០១៩ ដោយសារ​រោគាពាធ​។

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ប្រារព្វ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ សព​លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម ដើម្បី​ឲ្យ​បណ្តា​មេដឹកនាំ​ពិភពលោក​និង​ប្រជាជន​វៀតណាម​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ការជូន​ដំណើរ​ជា​លើកចុងក្រោយ​ជូន​ដល់​វិញ្ញាណក្ខន្ធ លោក ឡេ ឌឹ​ក​អា​ញ់​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូ​ប​ការ​នេះ​និង​រៀន​ចំ​ឡើង​រយះពេល​២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ៣ និង​ទី​៤ ឧសភា មុន​ពិធី​ហែរ​ទៅ​បញ្ចុះសព​នៅ​ស្រុកកំណើត​របស់ លោក​នៅ​ភូមិភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​។
​ ​ ​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងនាម​ជា​មេដឹកនាំ​ពិភពលោក​មួយរូប​និង​ជា​អ្នក​ដែល​ធ្លាប់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនិង​លោក ឡេ ឌឹ​ក​អា​ញ់ បាន​ដឹកនាំ​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹកនាំ​កង​យោធ ពល​ខេមរភូមិន្ទ សរុប​ចំនួន ២៥ រូប​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម ដែល​ប្រារព្វ​ធ្វើឡើង​នៅ​វិមាន តម្កល់សព​អគារ​លេខ ៥ (Tran Thanh Tong) ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។

​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អុជ​ធូប​និង​ធ្វើការ​លំអោនកាយវាចា ចិត្ត​គោរព​ចំពោះ​សព​លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ​វៀតណាម​ដែល​ក្នុង​មួយជីវិត​របស់លោក លោក​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី អាយុសង្ខារ ក្នុង​បុព្វហេតុ​ឯករាជ្យ​និង អធិបតេយ្យ​ជាតិ​របស់​វៀតណាម រហូតដល់​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រហូតមកដល់​បច្ចុប្បន្ន ។

​សូមបញ្ជាក់ថា​លោក ឡេ ឌឹ​ក​អា​ញ់ បាន​ចំណាយពេល​ភាគច្រើន​ក្នុង​មួយជីវិត​របស់លោក​នៅ​ឯ​ភាគខាងត្បូង​ប្រទេស​វៀតណាម​ជាទី​ដែល​លោក បាន​ចូលរួម​ក្នុង​សង្គ្រាម​របស់​បក្សកុម្មុយនិស្ត​វៀតណាម​ប្រឆាំងនឹង​អាមេរិក ។ លោក​បាន​កាន់​មុខតំណែង​ជា​ប្រធាន​រដ្ឋ​វៀតណាម​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ១៩៩៧ និង នៅ​ឆ្នាំ​១៩៩៥ លោក​បាន​ក្លាយជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​បាន​ឈាន​ជើង​ជាន់​លើ​ទឹកដី​អាមេរិក​ក្រោយ សម័យ​សង្គ្រាម​វៀតណាម នៅពេលដែល​លោក​ធ្វើដំណើរ​ទៅ​ចូលរួម​គម្រប់​ខួប ៥០ ឆ្នាំ របស់​អង្គការសហប្រជាជាតិ​នៅ​ញូយ៉ក​។ ជាមួយនិង​ប្រ​ទេ ស​កម្ពុជា​លោក ឡេ ដឹក​អា​ញ់ អតីត​ប្រធាន​រដ្ឋ​និង​ជា​អតីត​មេទ័ព​វៀត​ណា​ម្នាក់​ដែល​បាន​ជួយ​កម្ពុជា​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ។

​លោក ឡេ ឌឹ​ក​អា​ញ់ ទទួលបាន​ការអប់រំ​នៅក្នុង​អតីត​សហភាពសូវៀត​(​រុស្ស៊ី​បច្ចុប្បន្ន​)​និង​ពិការភ្នែក​មួយ​ចំហៀង​និង​ធ្លាប់បាន​កាន់​តួនាទី​យោធា ខុសគ្នាៗ​ក្នុងអំឡុង​សង្គ្រាម​វៀតណាម ។ ថ្នាក់ដឹកនាំ​និង​ប្រជាជន​វៀតណាម​ចាត់ទុក​លោក ឡេ ឌឹ​ក​អា​ញ់ ជា​បុគ្គល​មួយរូប ដែល​បាន​ជួយ​រំដោះ ទីក្រុង​សៃ​ហ្គ​ន (Saigon – ទីក្រុង​ហូជីមិញ​បច្ចុប្បន្ន​) នៅក្នុង​ប្រតិបត្តិការ​វាយ​និង​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង​ដែល​គាំទ្រ​ដោយ​អា​មេ រិ​ក ។
​ ​ ​
​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​សរសេរ​លើ​សៀវភៅ​ក្រាំងមាស​នៃ​ការចូលរួម​មរណទុក្ខ ជូន ចំពោះ​រដ្ឋ រដ្ឋាភិបាល គ្រូ​សារ​សព និង​ប្រជាជន​វៀតណាម​ដែលមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ថា​៖ «​អ៊ុំ ឡេ ឌឹ​ក​អា​ញ់ ជាទីគោរព ខ្ញុំ​និង​គណៈប្រតិភូ បក្ស រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា​បានមក​ជូន​ដំណើរ​អ៊ុំ​ជា​លើកចុងក្រោយ​ដែល​គ្មាន​ពេល​នឹង​បាន​ជួប​វិញ ។ តាំងពី​បាន​ជួបគ្នា​លើកដំបូង​នា ដើមឆ្នាំ ១៩៧៨ នៅ​មន្ទីរពេទ្យ ថុង​ញិ​ត ក្រុង​ហូជីមិញ រហូតមកដល់​ពេលនេះ​រូប​អ៊ុំ​ផ្ទាល់​រួមជាមួយ​កងទ័ព​និង​ប្រជាជន​វៀតណាម​បាន​ជួយ​ដល់ ប្រជាជន​កម្ពុជា​ច្រើនណាស់ ។ កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​កសាងឡើង​ក្រោម​ការជួយឧបត្ថម្ភ​ផ្ទា​ល់ពី​សំណាក់ លោក​អ៊ុំ ដែល​ពេលនោះ​លោក​អ៊ុំ ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​ការរំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប្រល័យពូជសាសន៍ ការកសាង​កម្ពុជា​ឡើងវិញ​ពិសេស​ការរីក​ធំធាត់​នៃ​កងទ័ព​កម្ពុជា ។​ល​។ សុទ្ធតែ​មានការ​រួមចំណែក​របស់លោក​អ៊ុំ ។ ក្នុងពេល​បំពេញភារកិច្ច​នៅ​កម្ពុជា​លោក​អ៊ុំ​បាន​តំណាង​ឲ្យ​បក្ស​រដ្ឋាភិបាល​និង​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម អនុវត្តបាន​យ៉ាង​ពេញលេញ​នូវ​គោលការណ៍ គោរព​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការជ្រើសរើស​របស់​ប្រជា ជនកម្ពុជា នូវ​ប្រព័ន្ធ​នយោបាយ សេដ្ឋកិច្ចសង្គម​របស់​កម្ពុជា ។ ក្នុងពេល​បំពេញ​មុខងារ​ជា​ប្រធាន​រដ្ឋ​វៀតណាម​លោក​អ៊ុំ​ជា​មនុស្ស​ម្នាក់​ដែល​បានរួមជាមួយ​បក្ស​រដ្ឋាភិបាល កង ទ័ពនិងប្រជាជន​វៀតណាម​ជំរុញ​នូវ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ឲ្យ​រីកចម្រើន យ៉ាង​ឆាប់រហ័ស ។ តាំងពី​ពេល​ស្គាល់គ្នា​រហូតមក​ដល់ពេល​បែក​គ្នា​លោក​អ៊ុំ តែង​យកចិត្តទុកដាក់​ដល់​រូបខ្ញុំ ភរិយា និង​កូនៗ​របស់ខ្ញុំ ដូច​ឪពុក និង​កូន ជីតា​និង​ចៅ ។ ខ្ញុំ​នៅចាំ​បាន​ថា​នៅក្នុង​គ្រា​ដែល​ខ្ញុំ​លំបាក​បំផុត​ពេល​កង​សាង​កងទ័ព​ដំបូង លោក​អ៊ុំ​បានផ្តល់​នូវ​ការឧបត្ថម្ភ​គ្រប់យ៉ាង​ដើ ម្បី​ឲ្យ​កងទ័ព​កម្ពុជា​បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស ។ លោក​អ៊ុំ​មិន​ពិសារ​បារី​ទេ​តែ​លោក​អ៊ុំ​មិន​ភ្លេច​ផ្ញើ​បារី​ឲ្យ​ខ្ញុំ​ដោយសា​អ៊ុំ​ដឹងថា​ខ្ញុំ​ជា​អ្នក​ជក់បារីច្រើន ។ លោក​អ៊ុំ​តែង​ផ្តល់យោបល់​ឲ្យ​ខ្ញុំ​ថែ​សុខភាព។ក្នុង​ឋា​នះ​ជា​អ្នកនយោបាយ​មួយរូប​និង​ជា​មេបញ្ជាការ​កងទ័ព​មួយរូប​ខ្ញុំ​បានចាត់ទុក​លោកអ៊ុំ ជា​អ្នក​កំពូល​យុទ្ធសាស្ត្រ​លើ​ផ្នែក​យោធា​និង​នយោបាយ​ដែល​ខ្ញុំ​ពុំទាន់​ជួប​មនុស្ស​ផ្សេងទៀត​នៅតាម​ប្រទេស​នានា​នៅឡើយ ។ សូម​គោរព​លានិង​ជូន​ដំណើរ​លោក​អ៊ុំ ដោយ​ក្តី​អាឡោះអាល័យ​ជាមួយនឹង​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​។

​ហាណូយ ថ្ងៃ​សុក្រ ទី​៣ ខែឧសភា ឆ្នាំ​២០១៩ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕»


​ ​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ