​អាង​ទំនប់​បឹង​ធម្មជាតិ​លើ​ភ្នំ​បូកគោ​មាន​សមត្ថភាព​ផ្គត់​ផ្គត់​ទឹក​ប្រើប្រាស់​ខួប​ប្រាំង​វស្សា​សម្រាប់​រមណីយដ្ឋាន​ទាំងមូល​

1703
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​អាង​ទំនប់​បឹង​ធម្មជាតិ​លើ​កំពូលភ្នំ​បូកគោ​ដែល​អាច​ផ្ទុក​ទឹកបាន​ប្រមាណ​ប្រាំមួយ​លាន​ម៉ែត្រត្រីគុណ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ការប្រើប្រាស់​ទូទៅ​ខួប​ប្រាំង​វស្សា​សម្រាប់​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ទាំងមូល​។​បឹង​ធម្មជាតិ​នេះ​ក៏​ជា​កន្លែង​ទទួលភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​ដោយ​ប្រឡែង​លេង​ជាមួយ​ពពួក​មច្ឆជាតិ​គ្រប់​ប្រភេទ​។​

​លោក សួន សៅ សន្តិសុខ​ក្រុមហ៊ុន​សុខាអូតែល​ប្រចាំការ​នៅ​ទំនប់​បឹង​ធម្មជាតិ​បូកគោ​បាន​រៀបរាប់ថា នៅ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ទាំងមូល​ពឹងផ្អែក​ទាំងស្រុង​ចំពោះ​ទឹក​ក្នុង​បឹង​ធម្មជាតិ​នេះ ទាំង​សម្រាប់​ប្រើ​ប្រចាំថ្ងៃ​ទាំង​ការប្រើប្រាស់​ផ្នែក​សំណង់​គ្រប់​ប្រភេទ​។​

បឹង​មាន​បណ្តោយ​លាតសន្ធឹង​ប្រហែល​មួយ​គីឡូម៉ែត្រ ហើយ​តែង​មានទឹក​គ្រប់​ខួបប្រាំងខួបវស្សា​ដោយ​មិន​រីងស្ងួត​ម្តងណា​ឡើយ​។
​ប៉ុន្តែ​ឆ្នាំនេះ​ដោយសារ​ធាតុអាកាស​ក្តៅ​ខុសពី​ធម្មតា​បានធ្វើឱ្យ​ផ្ទៃ​បឹង​មានការ​ស្រក​ទឹក​ចុះ​ខ្លាំង​រហូត​កន្លែង​ខ្លះ​អាច​មើលឃើញ​បាតដី​ជិតបង្កើយ​។

សន្តិសុខ​រូបនោះ​បាន បន្តថា រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​នៅទីនេះ​មាន​ភ្ញៀវ​មកលេង​កម្សាន្ត​ដោយ​ជួបជុំ​បរិភោគ​អាហារ​រួមគ្នា​ក្រោម​ដំបូល​តង់​ដែល​ក្រុមហ៊ុន​បានរៀបចំ​ចាំ​ទទួល​ជាស្រេច​។ លើសពីនោះ ភ្ញៀវ​អាច​គយគន់ និង​ប្រឡែង​លេង​យ៉ាង​សប្បាយ ជាមួយ​ហ្វូង​ត្រី​ជាច្រើន​ប្រភេទ​ប្រកបដោយ​ភាពស្និទ្ធស្នាល​ទាំង​មិន​ខ្លាច​ឬ​ផ្អើល​មនុស្ស​បន្តិច​ណា​សោះ​។

​ពាក់ព័ន្ធ នឹង​ពពួក​មច្ឆជាតិ​ដែល​បាន និង​កំពុង​កើត​ដុះដាល​ក្នុង​បឹង​ធម្មជាតិ​នេះ លោក សួន សៅ បាន​បញ្ជាក់ថា​តាំងពីដើម​រៀងមក​ក្នុង​បឹង​ធម្មជាតិ​នេះ​មានតែ​ប្រភេទ​ត្រី​អណ្តែង​ព័ន្ធ​និង​ត្រី​ខ្សាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំមុន ក្រុមហ៊ុន​សុខាអូតែល​បាន​នាំយក​ពូជ​ត្រី​ទី​ឡា​ព្យ៉ា ត្រី​ចង្វារ​ឆ្ពិន ត្រី​គល់រាំង ត្រី​អម្ពិល​ទុំ​…​ពី​ខេត្ត​សៀម​រាម​ខេត្តកំពង់ធំ​មក​ព្រលែង​បន្ថែម​ទើប​ត្រី​កើត​ដុះដាល​ចម្រុះ​គ្នា​រហូតដល់​បច្ចុប្បន្ន​។​ថ្ងៃ​ខ្លះ​ក្រុមគ្រួសារ​លោក​ឧកញ៉ា​(​សុខ​គង់​)​នាំគ្នា​មក​ស្ទួ​ច​លេង​បាន​ត្រី​គល់រាំង​ធំៗ​រួច​ក៏​លែង​ចូលក្នុង​បឹង​វិញ​ដើម្បី​ទុកឱ្យ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​សប្បាយ​។​

​លោក​ស​សូ​រិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ទំនប់​បឹង​ធម្មជាតិ​នៅ​ភ្នំ​បូកគោ​មាន​អានុភាព​អាច​ផ្ទុក​ទឹកបាន​ប្រាំមួយ​លាន​ម៉ែត្រត្រីគុណ​។ បើ​លើសពី​ចំណុះ​នេះ​ទឹកនឹង​ហូរ​ធ្លាក់​ចុះទៅ​ជ្រោះ​ភ្នំ​តាម​ទំនប់​បង្ហៀរ​ដែលមាន​សំណាញ់​បាំង​ការពារ​ពីមុខ​។

លោកនាយ​ខណ្ឌ​បាន​បន្តថា​កន្លងទៅ​ក្រុមហ៊ុន​បាន​ទំនាក់ទំនង​និង​សហការ​ជាមួយ​មន្ត្រីជលផល​ក្នុងការ​នាំយក​ពូជ​ត្រី​ល្អៗ​មក​លែង​ដែល​ពេលនេះ​អាច​កើតមាន​បន្ថែម​មិនតិចជាង​រាប់រយ​តោន​តោន​ទេ​ពិសេស​ប្រភេទ​ត្រី​ចង្វារ​ឆ្ពិន​ងាយ​នឹង​កើតកូន​ណាស់​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​រស់នៅក្នុង​ទឹកធំ​ទូលាយ និង​មាន​ចរន្ត​គ្រប់គ្រាន់​នោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ