ហា​ម៉ាស​បាញ់ស្រោច​គ្រាប់​រ៉ុក្កែត​ចេញពី​ហ្កា​ហ្សា នាំ​អោយ​អ៊ីស្រាអែល​សងសឹក​ស្លាប់​ជន​ប៉ាឡេ​ស្ទីន​៤​នាក់​

1145
ចែករម្លែក

​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​កាលពី​ថ្ងៃ​សៅរ៍ បាន​បាញ់​កាំជ្រួច​ប្រមាណ​២៥០​គ្រាប់​ដាក់​អ៊ីស្រាអែល ដែលនាំអោយ​មាន​ការតត​ប​ជាមួយនឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​ដែល​​បានសម្លាប់​ជន​ប៉ាឡេ​ស្ទីន​៤​នាក់ រួម​មាន​កូនង៉ែត​ម្នាក់​ផង​។​

​ការផ្ទុះ​អំពើហិង្សា​ចុងក្រោយ​នេះ​កើត​ឡើង​ជាមួយ​ក្រុម​ហា​ម៉ាស ជា​ចលនា​អ៊ីស្លាម​និយម​គ្រប់គ្រង​តំបន់​ហ្កា​ហ្សា​ដែល​អ៊ីស្រាអែល​រាំងខ្ទប់​និង​ដែល​ស្វះស្វែង​រក​សម្បទាន​ថែម​ទៀត​​ពី​អ៊ីស្រាអែល​នៅ​ក្រោម​បទ​ឈប់​បាញ់​។​

​អ៊ីស្រាអែល​បាន​និយាយថា រ៉ុក្កែត​ប្រមាណ​២៥០​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​ភូមិ​ប៉ាឡេ​ស្ទី​ន​ហើយកង​កម្លាំងការ​ពារ​ដែន​អាកាសរ​បស់ខ្លួន​បាន​ស្ទាក់កំ​ទេច​បាន​រាប់សិប​គ្រាប់​។​ទោះ​​ជា​យ៉ាងណា ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ហា​ម៉ាស​នៅ​ទីក្រុង​គៀ​យ៉ា​ត ហ្កា​ត របស់​អ៊ីស្រាអែល​។​បុរស​ម្នាក់​ក៏​ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យ និង​មាន​ការនិយាយ​អំពី​​មនុស្ស​រងរបួស​ជាច្រើន​នាក់​ទៀត​។​

​ក្នុងពេល​ជាមួយគ្នា យោធា​អ៊ីស្រាអែល​បាន​និយាយថា រថក្រោះ​និង​យន្តហោះ​របស់​ខ្លួន​បាន​វាយប្រហារ​ប្រមាណ​១២០​គោលដៅ​របស់​ពួក​សកម្មប្រយុទ្ធ រួម​មាន​រូង​ក្រោម​ដី​និង​ការិ​យាល័យ​យោធានិង​ស៊ើបការណ៍​របស់​ចលនា​ហាម៉ាស​។​

​ប្រឈម​សភាពការណ៍​បន្ទាន់​ដូច្នេះ មន្ត្រី​អេ​ហ្សី​ប​និង​អង្គការ​សហប្រជាជាតិ​បាន​ជួប​ពិភាក្សា​រក​វិធី​សម្ងប់​សភាពការណ៍ ដូចដែល​ពួក​គេ​បាន​ធ្វើ​កាលពី​អតីតកាល​ខណៈ​សហភាព​​អឺរ៉ុប​អំពាវនាវ​អោយ​បញ្ឈប់​ការបាញ់​រ៉ុក្កែត​ជាបន្ទាន់​ចេញពី​ហ្កា​ហ្សា​។​

​ចំណែក​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​អ៊ីស្រាអែល​នេះ និង​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​ទាំងស្រុង​សិទ្ធិ​ការពារ​ខ្លួន​របស់​​រដ្ឋ​ជ្វី​ហ្វ ទល់​នឹង​ការវាយប្រហារ​ដ៏​ស្អប់ខ្ពើម​នេះ​។​

​ការប៉ះទង្គិច​ចុងក្រោយ​នេះ​បាន​កើត​ឡើង​ក្រោយ​មាន​អំពើ​ហិង្សា​តាម​ព្រំដែន​ហ្កា​ហ្សា​កាលពី​ថ្ងៃ​សុក្រ​ដែល​បាន​សម្លាប់​ជន​ប៉ាឡេ​ស្ទីន​៤​នាក់ រួម​មាន​ជន​សកម្មប្រយុទ្ធ​ហា​ម៉ាស​២​នាក់ ក្រោយ​ទាហាន​អ៊ីស្រាអែល​២​នាក់​រងរបួស​ក្នុង​ការបាញ់ប្រហារ​មួយ​ក្នុងអំឡុង​ការតវ៉ា​ទាមទារ​ប្រចាំ​ចុង​សប្តាហ៍​នៅ​ត្រង់​ព្រំដែន​។​

​សូមបញ្ជាក់​ថា ក្រុម​ប៉ាឡេ​ស្ទីន​បាន​ចូលរួម​ក្នុង​បាតុក​ម្ម​និង​ការប៉ះទង្គិច​ប្រចាំ​ចុង​សប្តាហ៍​ជា​ទៀត​ទាត់​នៅតាម​ព្រំដែន​ហ្កា​ហ្សា​អស់​ពេល​ជាង​១​ឆ្នាំ​មកហើយ ដោយ​អំពាវនាវ​​អោយ​អ៊ីស្រាអែល​ឈប់​បិទ​ខ្ទប់​ភូមិ​របស់​ខ្លួន​និង​សិទ្ធិ​វិល​ទៅ​កាន់​ទឹកដី​កំណើត​របស់​ពួកគេ​ដែល​អ៊ីស្រាអែល​កាន់កាប់​។​

​យ៉ាងហោច​ណាស់​ជន​ប៉ាឡេ​ស្ទីន​១៧១​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការបាញ់​របស់​អ៊ីស្រាអែល ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​បាន​ចាប់ផ្តើម​កាលពី​ខែ​មីនា​ឆ្នាំ​២០១៨ ចំណែក​អ៊ី​ស្រា​​អែល​ស្លាប់​ទាហាន​២​នាក់​គត់​ក្នុង​រយៈពេល​និង​ហេតុការណ៍​ដូចគ្នា​៕​ដោយ​៖​វាសនា​

ផ្សែងហុយ​លើ​ទីក្រុង​ហ្កា​ហ្សា​ក្រោយ​អ៊ីស្រាអែល​វាយប្រហារ​តាម​ផ្លូវអាកាស ជា​ការឆ្លើយតប​នឹង​ការបាញ់​គ្រាប់​រ៉ុក្កែត​ពី​ពួក​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​

បុរស​អ៊ី​ស្រា​អ៊ែល​មើល​ផ្ទះ​របស់​ខ្លួន​ដែល​រង​ការបំផ្លាញ​ដោយ​រ៉ុក្កែត​ប៉ាឡេ​ស្ទីន​

​រ៉ុក្កែត​របស់​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​ធ្លាក់​លើ​ទីក្រុង​របស់​អ៊ីស្រាអែល​

ទីតាំងផ្សាយពាណិជ្ជកម្ម