មុខរបរ​ស៊ីឈ្នួល​ឆាក​គ្រាប់​ឈូក​ជា​ប្រភព​ចំណូល​សម្រាប់​ពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល​

1784
ចែករម្លែក

ដោយ​៖ ចាន់ ថន / កណ្តាល​៖ ពលរដ្ឋ​មួយចំនួន រស់នៅ​ភូមិ​តាកែវ​ទី​១ ភូមិ​តាកែវ​ទី​២ និង​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ចាប់​មុខរបរ ស៊ីឈ្នួល​ឆាក​កិប បំបែក​សំបក​គ្រាប់​ឈូក​។

​យក​សាច់​ថ្លឹង​គីឡូ​ឲ្យ​ឈ្មួញ បាន​ថ្លែងថា ការងារ​នេះ ពួកគាត់​ធ្វើ ជាជាង​នៅផ្ទះ​ទំនេរ​គ្រាន់​បាន​ប្រាក់ ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយចំណែក​តូច​។ ព្រោះ​ការងារ​នេះ ជា​មុខ​មួយ​ដែល​មិន​នៅ​ហាលថ្ងៃ​ក្ដៅ ឬ​ធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ​។ គឺ​អ្នក​ឆាក​អង្គុយតែ​នៅក្រោម​ផ្ទះ កិប​ម្ដង​មួយ​គ្រាប់ៗ ដូច​សន្សំ​ពិន្ទុ​។​
​ខ្លះ​ធ្វើ​តាំងពីព្រឹក​រហូតដល់​ល្ងាច ខ្លះ​ឆ្លៀត​ធ្វើ​នៅពេល​យប់​។ លុះ​ឆាក​បាន​ចាប់ពី​៥០​ទៅ​១០០​គីឡូក្រាម ទើប​គេ​យកទៅ​ថ្លឹង​គិតលុយ​ពី​ថៅកែ​ម្ដង​។ ហើយ​ជា​មធ្យម​ក្នុង​មួយខែ ពួកគាត់​អាច​រកប្រាក់​ច​ណូ​ល បាន​ចាប់ពី​៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល​ក្នុង​ម្នាក់​។​

​អ្នកស្រី យ៉ែម ច​ន្ធា ជា​អ្នកស៊ីឈ្នួល​ឆាក​គ្រាប់​ឈូក​ម្នាក់​នៅ​ភូមិ​តាកែវ​ទី​០១ បាន​រៀបរាប់ថា មុខរបរ​ឆាក​ឈូក​នេះ គឺ​គាត់​បាន​ធ្វើជា​យូ​មកហើយ និយាយ​រួម​ជាង​១០​ឆ្នាំ​។ ខណៈ​ជា​រៀងរាល់ថ្ងៃ​គាត់ ឆ្លៀត​ឆាក​គ្រាប់​ឈូក ចាប់ពី​ល្ងាចៗ​រហូតដល់​យប់​មុន​ចូល​គេង​។ ព្រោះថា ពេល​ថ្ងៃ​គាត់​រវល់​ធ្វើការ​រោងចក្រ ហើយ​ឆ្លៀត​ឆាក​គ្រាប់​ឈូក បានតែ​ពេលយប់​ទេ​។​
​អ្នកស្រី ខ្ញុំ​ឆាក​ឈូក​ពុំ​សូវ​បាន​លុយ​ច្រើន​ដូច​គេ​ឡើយ ព្រោះ​ថ្ងៃ​រវល់​ធ្វើការ​រោងចក្រ​។ ដោយ​ជា​មធ្យម​មួយខែ គាត់​បាន​ចំណូល​ពី​ឆាក​គ្រាប់​ឈូក​ត្រឹម​២០​ម៉ឺន​រៀល​អីហ្នឹង​។​

​ពលរដ្ឋ​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​នៅ​ឃុំ​វិហារ​សួគ៌​នេះ​។ មាន​អ្នក​ប្រកបការងារ ស៊ីឈ្នួល​ឆាក​គ្រាប់​ឈូក​ប្រមាណ​ជាជាង​១,០០០​គ្រួសារ​។ ប្រភព​ដដែល​បន្តទៀត​ថា ចំពោះ​ការ​ឆាក​ឈូក នេះ​បើ​យើង​ធ្វើ​វា​មិនសូវ​ប្រើ​កំលាំង​ឡើយ​។​

​ហើយ​សម្រាប់​ឈូក​ស្ងួត​ទាំង​សំបក ទម្ងន់​១០០​គីឡូក្រាម យើង​ត្រូវ​ឆាក​ចេញ​សាច់​ឲ្យ​បាន​៦៥​គីឡូក្រាម​។ បើ​លើស​នឹង​គឺ​មានន័យថា ចេញ​គីឡូ​ហើយ អាចយ​កសាច់​ឈូក​ដែល​លើស​មក​លក់បាន ប៉ុន្តែ​បើ​ខ្វះ​វិញ គឺ​យើង​ត្រូវ​សង​មក​ថៅកែ​បង្គ្រប់​។ ក្នុងនោះ សម្រាប់​មនុស្ស​ម្នាក់​បើ​ឈូក​ស្ងួត​ទាំង​សំបង​ទម្ងន់​១០០​គីឡូក្រាម យើង​ត្រូវ​ប្រើ​រយៈពេល​ចាប់ពី​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ ទើប​អាច​ឆាក​រួច​។ ទន្ទឹមនឹងនោះ បើ​គេ​អ្នក​ប្រឹង​ឆ្លៀត​ធ្វើ​ទាំងថ្ងៃទាំងយប់​វិញ​គេ​អាច រកប្រាក់​ចំណូល​បាន​ចាប់ពី​៣០​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល​។

​ពលរដ្ឋ​បញ្ជាក់ថា ឈូក​ស្ងួត​ទាំង​សំបក​ទម្ងន់​១០០​គីឡូក្រាម យើង​ទទួលបាន​ប្រាក់​ឈ្នួល​ពលកម្ម ៨០,០០០​រៀល​។ បើ​ឆាក​ចេញ​គីឡូ​ទៀត យើង​អាច​បាន​ប្រាក់​ដល់​១២​ម៉ឺន​រៀល ។​
​លោក ម៉េង ឈាង​ហេង មេឃុំ​វិហារ​សួគ៌​បាន​ឲ្យ​ដឹងថា អ្នក​ឆាក​ឈូក​នៅ​ឃុំ​របស់លោក មាន​ច្រើន​គ្រួសារ​។ មានដូចជា​ភូមិ​តាកែវ​ទី​១ ភូមិ​តាកែវ​ទី​២​និង​ភូមិ​វិហារ​សួគ៌ បើ​សរុប​រាប់ពាន់​គ្រួសារ​។ ក្នុងនោះ ខ្លះ​ប្ដី​ធ្វើ​សំណង់ ប្រពន្ធ​ឆាក​ឈូក ខ្លះ​ធ្វើការ​រោងចក្រ​ផង​ឆាក​គ្រាប់​ឈូក​ផង លោក​មេឃុំ​បន្តថា នេះ​ជា​ការងារ​បន្ទាប់បន្សំ ដែល​បាន​ប្រាក់ចំណូល​តិច​ដែរ​ទេ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ