ចោរ​ស្ទើរភ្លើង ឆក់​មិន​សម្រេច ដួល​ងើប​រត់​គេ​ចខ្លួន ​បន្សល់ទុក​ម៉ូតូ​១​គ្រឿង​នៅ​កន្លែងកើតហេតុ​

1144
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​យុវជន យុវតី​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​មិនបាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ និង​ងើប​រត់ចោល​ម៉ូតូ កាលពី វេលា​ម៉ោង ៩​និង​៥០​នាទី​យប់ ថ្ងៃទី​៥ ខែ ឧសភា ឆ្នាំ ២០១៩ ត្រង់ ចំណុច ខាងកើត​ស្តុ​ប​ផ្លូវភ្លោះ​អូរឫស្សី តាម​បណ្ដោយ ផ្លូវ​២១៤ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សា​គី​លែ​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HM 2850 ជិះ​តែម្នាក់ឯង និង​បក្ខពួក​ម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក XR ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​បើក​ឌុប​គ្នា​រត់គេចខ្លួន​បាត់ស្រមោល​។ ចំណែកឯ​ជនរងគ្រោះ​២​នាក់​គូរ​សង្សារ ជិះ​ម៉ូតូ​ធូ​ដេ ពណ៌​ទឹកប្រាក់ មិនមាន​ស្លាក​លេខ​។​

​បើតាម​សម្តី​ពី ជនរងគ្រោះ​ទាំង ២​នាក់​បាន រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​បើក​ម៉ូតូ ឌុប​គ្នា​មួយគ្រឿង ចេញ​មកពី​ត្រើយម្ខាង ជិត​អូរ​តែ​ល សុខា​បំណង ទៅលេង​នៅ​កោះ​ពេជ្រ ដែល បាន ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស បត់​មក​ខាងកើត​តាមផ្លូវ​២១៤​ក្នុង ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ ក្រុម​ជនសង្ស័យ ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ ២​គ្រឿង​ម្នា​ក់មួយៗ ម៉ាក ស៊ុយ​ហ្សា​គី​លែ​ក​មួយគ្រឿង និង​XR​មួយគ្រឿង ដែល​ជិះ តាម​មកពី​ក្រោយ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង ម៉ាក OPPO ពី​ដៃ​របស់​នារី​រងគ្រោះ ដែល​កំពុង​កាន់តែ​ដោយ​នារី​រងគ្រោះ កាន់​ជាប់​ក៏​ទាញ​ទូរស័ព្ទ​យកមក​វិញ ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល​។ ភ្លាមៗ នោះ ជនសង្ស័យ​ក៏បាន​ងើបរ​ត់ទៅ​ឡើង​ជិះ​ម៉ូតូ XR មួយគ្រឿង​ទៀត​រួច​នាំគ្នា បើក​រត់គេចខ្លួន​ចោល​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ​បាត់ស្រមោល​។ បន្ទាប់មក ក៏មាន សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ រួច​ក៏​ទាក់ទង​ហៅ​កម្លាំង ជិះ​តាមរក​ជនសង្ស័យ​ពីរ​នាក់​ភ្លាមៗ​តែម្តង​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​យក​ម៉ូតូ​របស់​ជនសង្ស័យ ព្រមទាំង​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​បឹងរាំង ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ល​