ជ្រូក​ចិញ្ចឹម​ជា​១​ម៉ឺន​ក្បាល​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ទទួល​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ ខណៈ​ខេត្ត​ជិតខាង​កំពុង​ងាប់​ដោយ​ជំងឺ​បេ​ស្ត

1000
ចែករម្លែក

ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ ជ្រូក​ចិញ្ចឹម​១១,២៩០​ក្បាល​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ទទួល​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​ផ្នែក​ពេទ្យសត្វ​ព្រមទាំង​ម្ចាស់​កសិដ្ឋាន គ្រា​ដែល​ជ្រូក​ចិញ្ចឹម នៅ​ខេត្ត​ជិតខាង​កំពុង​ងាប់​ដោយ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​។​

​ប្រធានការិយាល័យ​ពេទ្យសត្វ​លោក​ប៉ែន ប្រុស បញ្ជាក់ថា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​បង្ក ឲ្យ​ឆ្លង​ដល់​មនុស្ស​ទេ វា​គ្រាន់តែ​ឆ្លងទៅ​សត្វ​ដូចគ្នា​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​បាន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​មានការ​ខាតបង់​តែប៉ុណ្ណោះ​។​បច្ចុប្បន្ន មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ក៏​កំពុង​យកចិត្តទុកដាក់​តាមដាន​បញ្ហា​នេះដែរ ដើម្បី​បង្ការ​មិន​ឲ្យ មាន​កើតឡើង​នូវ​ជម្ងឺ​ប្រភេទ​នេះ ។ លោក​ថា បច្ចុប្បន្ន​នៅ​ខេត្តមណ្ឌលគិរី មាន​ជ្រូក​ចិញ្ចឹម​ប្រហែល ១,១២៩០ ក្បាល ប្រហាក់ប្រហែល​និង​ឆ្នាំមុន និង​មានតែ​ការ​ចិ​ញ្ចិ​ម​ជ្រូក​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។​

​លោក មាស រិទ្ធី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មាន​ទីតាំងនៅ​ក្រុង​សែន​មនោ​រម្យ​បានឱ្យដឹងថា​កសិដ្ឋាន​លោក​មាន​ជ្រូក​ចំនួន​៧០​ក្បាល ហើយ​កំពុង​ព្រួយ​បារ​ម្មណ៍​លើ​សុ​វត្ថ​ភាព​នៃ​អាយុជីវិត​របស់​ពួកវា​។​លោក​ថា ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នេះ​ពិតជា​កាច​សាហាវ​ណាស់ វា​អាច​សម្លាប់សត្វ​ជ្រូក​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ ក្រោយ​មាន​ករណី​រីក​រាលដាល​ជម្ងឺ​ប្រភេទ​នេះ​នៅ​ខេត្តរតនគិរី លោក​បាន​បង្កើន​ការមើល​ថែ​សត្វ​ជ្រូក និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ច្រើនជាង​ធម្មតា ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​មិន​បារម្ភ​អំពី​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ប៉ុន្មាន​ទេ ព្រោះ​ការ​ចិ​ញ្ចិ​ម​ជ្រូក​របស់លោក មិនបាន​នាំ​ជ្រូក​ពី​ខាងក្រៅ​ចូល​ថ្មី​ទេ ដូចនេះ​មាន​ហានិភ័យ​ឆ្លង​តិចតួច​បំផុត ។​

​ករណី​ជំងឺ​បេ​ស្ត​ជ្រូក​នេះ ត្រូវបាន លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី ឲ្យ​ដឹងថា ក្រោយ​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ផ្ទុះឡើង​នៅ​ខេត្តរតនគិរី រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​បើក​កិច្ចប្រជុំ និង​បានចេញ លិខិត​អន្តរាគមន៍​ទៅគ្រប់​ច្រកព្រំដែន​ទាំងអស់​មិន​ឲ្យ​មានការ​នាំ​សត្វ​ជ្រូក ឬ​សាច់ជ្រូក​ពី​ប្រទេស​វៀតណាម​ចូលមក​នោះទេ ។ លោក​ក៏បាន​បញ្ជា​ទៅ​ជំនាញ​ពេទ្យសត្វ​ឲ្យ​ចុះ​តាមដាន​សកម្មភាព​ការ​ចិ​ញ្ចិ​ម​ជ្រូក​របស់​កសិករ​គ្រប់កន្លែង​ដែរ និង​ឲ្យ ពួកគាត់​រាយការណ៍​ភ្លាម ប្រសិន​មាន​ករណី​ជ្រូក​ឈឺ ឬ​សង្ស័យថា​មាន​ផ្ទុក​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​មាន​វិធានការ​ទប់ ស្កាត់​ទាន់ពេលវេលា ។ លោក សុង ឃាង បន្តថា ការ​ចរាចរណ៍​សត្វ​ជ្រូក​ពី​ខេត្ត​ផ្សេង​ចូលមក​ខេត្តមណ្ឌលគិរី ក៏មាន​ការ ត្រួតពិនិត្យ​សុខភាព​ពី​សំណាក់​ពេទ្យសត្វ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផងដែរ​មុន​យក​ចូល​កន្លែង​សត្តឃាត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ