​ប្រណាំង​រថយន្ដ ឆ្លងកាត់​ឧបសគ្គ លើ​ចម្ងាយ​ផ្លូវ​ជាង ៦២៤ គីឡូម៉ែត្រ​

1542
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា ដោយមាន​ការសហការ ពី​ក្រសួងបរិស្ថាន និង​ក្រោម​ការឧបត្ថម្ភ ពី​ប្រេង​តូ​តា​ល់​នោះ បានរៀបចំ​ព្រឹត្តិការណ៍ ប្រណាំង​យានយន្ដ ឆ្លងកាត់​ឧបសគ្គ លើ​ចម្ងាយ​ផ្លូវ​ជាង ៦២៤ គីឡូម៉ែត្រ ។​

​ក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃទី​៦ ឧសភា លោក ពៅ តិច​ឡេង ដែលជា​នាយក​ក្រុមហ៊ុន Kara ដែលជា​ក្រុមហ៊ុន ទទួល​រៀបចំ​ព្រឹត្តិការណ៍ ប្រណាំង​យានយន្ដ​នោះ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ដ ឆ្លងកាត់​ឧបសគ្គ​នេះ គឺ​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​’​ព្រៃ​ឡង់ ក្រោម​ប្រធានបទ ” រួមគ្នា​ថែរក្សា​បរិស្ថាន និង ធនធានធម្មជាតិ ” ។​

ទិដ្ឋភាព​សន្និសីទកាសែត និង​ចុះ MOU

​នេះ​ជា​លើក​ទី​៤ ហើយ​ដែល Kara ទទួល​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ ។ ការប្រណាំង ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧ ដល់ ២០ ឧសភា ខាងមុខនេះ ដោយ​ឆ្លងកាត់​ភ្នំ វាលភក់ វាលស្រែ និង​ស្ថានភាព​ផ្លូវ​លំបាកៗ ជាច្រើន​ទៀត ។ ការប្រណាំង នៅ​ថ្ងៃទី​១ គឺ​ថ្ងៃទី​១៧ ឧសភា គឺ​ប្រជុំ​បច្ចេកទេស ថ្ងៃទី​១៨ ដែលជា​ថ្ងៃទី​២ ក្បួន​ប្រណាំង នឹង​ចេញដំណើរ​ពី រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកំពង់ធំ លើ​ចម្ងាយ​ផ្លូវ ២០៣ គីឡូម៉ែត្រ​។ នៅ​ថ្ងៃទី​៣ ក្បួន​ប្រណាំង ចេញដំណើរ​ពី​ខេត្តកំពង់ធំ ឆ្ពោះទៅ​ខេត្តព្រះវិហារ លើ​ចម្ងាយ​ផ្លូវ ២៧ គីឡូម៉ែត្រ និង​ថ្ងៃទី​៤ ចេញដំណើរ​ពី​ខេត្តព្រះវិហារ លើ​ចម្ងាយ​ផ្លូវ ១៩៣ គីឡូម៉ែត្រ ។​

ទិដ្ឋភាព​សន្និសីទកាសែត និង​ចុះ MOU

​ការប្រណាំង​នេះ មាន​ប្រទេស​ចំនួន ៨ ចូលរួម ដោយមាន​រថយន្ដ ចូលរួម​ប្រណាំង ចំនួន ១៥ គ្រឿង និង ម៉ូតូ​ចំនួន ២០ គ្រឿង ។ មាន​កីឡាការិនី ចំនួន ៣ រូប ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ប្រណាំង​នេះដែរ ។​

​លោក ហូរ សិទ្ធី​គុណ អនុប្រធាន​សហព័ន្ធ កីឡា​ប្រណាំង​យានយន្ដ​កម្ពុជា បាន​បញ្ជាក់ថា សហព័ន្ធ​នេះ កម្ពុជា បង្កើតឡើង នៅ​ឆ្នាំ​២០១៣ ហើយពី​ពេលនោះ មកទល់ពេលនេះ កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​ជាច្រើន ដោយ​រួមមាន​ទាំង ការប្រណាំង ជា​លក្ខណៈ​អន្តរជាតិ ឆ្លងកាត់​ប្រទេស​ទៀតផង ។​

​លោក​បាន​បន្តថា សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា បានការ​ទទួលស្គាល់ ពី​សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​អន្តរជាតិ (FIM) និង​សហព័ន្ធ​កីឡា​ប្រណាំង រថយន្ដ​អន្តរជាតិ (FIA) ។ ការប្រណាំង ត្រូវ​គិត​ទៅលើ​ថិរវេលា និង​បច្ចេកទេស និង​ច្បាប់ ព្រោះ​ការប្រណាំង នៅតាម​ទីប្រជុំជន សហព័ន្ធ ត្រូវ​កំណត់​ល្បឿន ឲ្យ​បើកបរ គឺ​មិន​អនុញ្ញាត ឲ្យ​បើក​លឿន​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាជន ។​

​លោក​អនុប្រធាន​សហព័ន្ធ បាន​បន្តថា កា​ប្រណាំង​នេះ គឺមាន​ការចូលរួម ពី​អាជ្ញាធរ ភ្នាក់ងារ​មាន​សមត្ថកិច្ច គ្រប់​ទីកន្លែង ដែល​ការប្រណាំង​ឆ្លងកាត់ ។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​រំលឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ​២០១៨ ព្រឹត្តិការណ៍​នេះ ក៏បាន​សហការ​ជាមួយ ក្រសួងបរិស្ថាន​ដែរ ដែល​កាលនោះ ឆ្លងកាត់ ៣ ខេត្ត គឺ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ។ សម្រាប់​ឆ្នាំនេះ ការប្រណាំង ក៏​ឆ្លងកាត់ ៣ ខេត្ត​ដែរ គឺ​ខេត្តកំពង់ធំ ព្រះវិហារ និង សៀមរាប ពិសេស​ក្បួន​បាន​ឆ្លងកាត់​មួយផ្នែក នៃ​ដែនជម្រកសត្វព្រៃ​ឡង់ ។​

​លោក​បាន​អះអាងថា ដែនជម្រកសត្វព្រៃ​ឡង់ មាន​ទំហំ​ប្រមាណ​ជា ៤៣ ម៉ឺន​ហិកតា ដែល​លាតសន្ធឹង លើ​ខេត្ត​ចំនួន ៤ គឺ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង ខេត្តស្ទឹងត្រែង ។ ក្បួន​ប្រណាំង​នេះ នឹង​ជួយ​អប់រំ​ប្រជាជន ឲ្យ​បោះបង់ចោល ការចូល​ព្រៃ បរបាញ់​សត្វ និង​កាប់​ព្រៃ ដោយ​ណែនាំ​ពួកគាត់ ឲ្យ​ងាក​មក​ចាប់​អាជីព ដែល​ទាក់ទង​នឹង​ទេសចរណ៍ ដើម្បី​ចិញ្ចឹមជីវិត ដូចជា​លក់​ម្ហូបអាហារ ឬ ធ្វើជា​មគ្គុទ្ទេសក៍ ទេសចរណ៍​វិញ ។​

​សូម​បញ្ចា​ក់ថា ជាមួយនឹង​ការធ្វើ​សន្និសីទកាសែត​នេះ ក្រុមហ៊ុន​តូ​តា​ល់ និង ក្រុមហ៊ុន Kara ក៏បាន​ចុះ MOU ស្ដីពី​ការបន្ត​សហការគ្នា រៀបចំ​ព្រឹត្តិការណ៍ ប្រណាំង​យានយន្ដ បន្តទៀត ៕v