សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំខួបទី១៥៦ទិវាពិភពលោកកាកបាទក្រហមប្រមូលថវិការបានជាង៧០ម៉ឺនដុល្លារ

746
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលឆ្នាំនេះជាខួបលើកទី១៥៦ ក្រោមប្រធានបទ ( ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា ) ដែលប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០១៩ នៅរោងមហោស្រព រ៉ូសាណា ក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវបានប្រមូលថវិកាបានជាង៧០ម៉ឺនដុល្លារអាមេរិក។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសាលាខេត្តសៀមរាបនៅថ្ងៃទី០៧ ខែឧសភានេះ។

លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ឲ្យដឹងថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិ​បណ្ឌិតដ៏ខ្ពង់ ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល សាខា និង អនុសាខា បានខិតខំពុះពារនូវរាល់ការលំបាក ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានគ្រោះធម្មជាតិ ប៉ះពាល់ដល់អាយុជីវិត ផ្ទះសម្បែងមួយចំនួន របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប គិតពីខែឧសភាឆ្នាំ២០១៨ដល់ខែមេសាឆ្នាំ២០១៩នេះ មានគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានកើតឡើងចំនួន ១ពាន់៥០ករណី បណ្តាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៤ពាន់៩៣១គ្រួសារ (មានសមាជិក ២១ពាន់៤៣នាក់) ក្នុងនោះគ្រោះថ្នាក់មនុស្ស៧១នាក់(ស្លាប់ ៤៩ នាក់ និងរបួស២២​នាក់) ។ សកម្មភាពរបស់សាខាបានផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះមានស័ង្គសី តង់ផ្លាស្ទិក មុង ភួយ សារុង ក្រមា កន្ទេល ធុងទឹក ឆ្នាំង ចាន ស្លាបព្រា អង្ករ ទឹកត្រី ត្រីខ មី និង រទេះជនពិការ ចំណាយអស់ថវិកាសរុបចំនួន១១៤ពាន់៤១៩ ដុល្លារអាមេរិក ។

លោកបានបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប គឺជាសេនាធិការរបស់ថ្នាក់កណ្តាល គឺ ចាំបាច់ត្រូវធ្វើការពង្រឹងនូវកម្លាំងមនុស្សធម៌ វប្បធម៌ចែករំលែក ដើមី្បឲ្យសាខា និង អនុសាខាទាំងអស់មាននៅខេត្តសៀមរាប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសង្រ្គោះអ្នករងគ្រោះ និង ងាយរងគ្រោះ ដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និង និន្នាការនយោបាយ ស្របតាមខ្លឹមសារ ( កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ ) ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការគូសបញ្ជាក់នូវខ្លឹមសារ អត្ថន័យ នៃសារលិខិតរបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៦ ឲ្យស្របតាមប្រធានបទ (ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា ) ក្នុងការលើកកម្ពស់នៃការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ទៅក្នុងស្រទាប់ប្រជាពលរដ្ឋ សាខា អនុសាខាកាកបាទក្រហមកម្ពុជាទាំងអស់ គឺត្រូវអនុវត្តឲ្យកាន់តែបានទូលំទូលាយបន្ថែមទៀត នូវរាល់គោលការណ៍គ្រឹះទាំង៧ នៃចលនាកាកបាទក្រហមកម្ពុជា ឲ្យកាន់តែចូលជ្រៅដល់ប្រជាពលរដ្ឋ និង មហាជន ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើង អំពីបញ្ហាគ្រោះធម្មជាតិ ដែលបានកំពុងគំរាមកំហែងនៅលើភពផែនដី និង បានកំពុងធ្វើឲ្យភពផែនដីយើង មានការប្រែប្រួលអាកាសធាតុ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យបរិស្ថាននៃការរស់នៅ របស់មនុស្ស សត្វ រុក្ខជាតិ មានការជួបប្រទះ ក៏ដោយការបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យភពផែនដី មានការកើនឡើងនូវរលកកម្តៅ ព្រមទាំងធ្វើប្រទេសមួយចំនួន ជួបនូវគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ ។ ក្នុងនោះដែរនៅប្រទេសកម្ពុជា ក៏ដូចខេត្តសៀមរាបនៅតំបន់ភូមិ ឃុំ ស្រុកមួយចំនួនបានជួបនូវកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ តែត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ ក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់បងប្អូនផងដែរ

សូមបញ្ជាក់ថាការពីថ្ងៃទី៥ ខែឧសភាដែលជាថ្ងៃប្រារពទិវាកាកបាទក្រហមខេត្តនោះ គឺភ្លាមៗខេត្តមិនទាន់បានរាប់ឱ្យបានជាក់លាក់នៅឡើយពីចំនួនទឹកប្រាក់នៅឡើយទេ ព្រោះនៅមានការរាប់ បូកនិងការចូលថវិកាបន្តបន្ទាប់ ប៉ុន្តែពេលនេះគឺចំនួនទឹកប្រាក់ទទួលបានសរុបជាង៧០ម៉ឺនដុល្លារ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម