​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ភ្នំពេញ ឆ្នាំទៅ សល់​លុយ ១០.០០០ ដុល្លារ សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​

1131
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ភ្នំពេញ​អន្តរជាតិ ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​១០ ហើយៗ បើតាម​ការអះអាង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក ក្នុង​សន្និសីទកាសែត នា​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៧ ឧសភា នោះ​ថា នៅ​ឆ្នាំ​២០២០ ដែលជា​ឆ្នាំ​ទី​១០ នោះ ព្រឹត្តិការណ៍​នេះ ត្រូវ​តម្លើង​ទៅជា​ព្រឹត្តិការណ៍ Full Marathon ដែលមាន​ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ ។​

​ព្រឹត្តិការណ៍​នេះ នឹង​ក្លាយជា​ឱកាស​ផ្សព្វផ្សាយ ពី​ទីក្រុង​ភ្នំពេញ ឲ្យ​ដូច​ព្រឹត្តិការណ៍ TOKYO Marathon Paris Marathon ដូច​បណ្ដា​ប្រទេស មហាអំណាច​នានា រៀបចំ​យ៉ាង​ដូច្នេះ​ដែរ ។ សម្រាប់​ព្រឹត្តិការណ៍ រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ភ្នំពេញ​អន្តរជាតិ ឆ្នាំ​២០១៩ កំណត់​ការចេញដំណើរ នៅមុខ​ព្រះបរមរាជវាំង ដូច​រៀងរាល់ឆ្នាំ ចំពោះ​កន្លែង​ដល់ទី ក៏​នៅមុខ​ព្រះបរមរាជវាំង​ដែរ ។

ទិដ្ឋភាព​សន្និសីទកាសែត​

ឆ្នាំនេះ ស្ពាន​ជ្រោយចង្វារ​ទី​១ បើក​ឲ្យ​ដំណើរការ​វិញ​ហើយ ហេតុនេះ សម្រាប់​ចម្ងាយ​ផ្លូវ ២១ គីឡូម៉ែត្រ គឺ​រត់​ឆ្លងស្ពាន ឆ្ពោះទៅ​សណ្ឋាគារ​សុខា ទើប​ត្រឡប់មកវិញ ដោយ​ឆ្លងស្ពាន រត់​ឆ្ពោះទៅ​កោះ​ពេជ្រ ហើយ​មក​បញ្ចប់​នៅមុខ​ព្រះបរមរាជវាំង ។​

​គិត​ត្រឹម​ពេលនេះ មាន​អ្នក​ចុះឈ្មោះ ប្រមាណ​ជាង ២.០០០ នាក់ មកពី ២១ ប្រទេស ក្នុងនោះ ប្រទេស​ដែល​ចុះឈ្មោះ​ច្រើនជាងគេ គឺ​ប្រទេស​ជប៉ុន ឥណ្ឌូណេស៊ី និង ចិន ។ លោក​បាន​សង្ឃឹមថា ឆ្នាំនេះ អ្នកចូលរួម នឹង​កើន​ចំនួន ដល់​ប្រមាណ​ជាង ៥.០០០ នាក់ គឺ​កើនឡើង​ចន្លោះ​ពី ២០ ទៅ ៣០ ភាគរយ​។​
​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ដែលមាន​ចម្ងាយ ២១ គីឡូម៉ែត្រ រត់​១០​គីឡូម៉ែត្រ និង​រត់​កម្សាន្ដ ៣​គីឡូម៉ែត្រ ជា​លក្ខណៈ​គ្រួសារ​។​

​លោក​បាន​កត់សំគាល់ថា ឆ្នាំនេះ ការចុះឈ្មោះ មាន​លក្ខណៈ​ជា​ក្រុម​ច្រើន គឺ​បណ្ដា​អង្ក​ការ​នានា ក្រុមហ៊ុន​នានា គេ​ចុះឈ្មោះ ជា​ក្រុម​របស់គេ ។

ទិដ្ឋភាព​សន្និសីទកាសែត​

ព្រឹត្តិការណ៍ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ភ្នំពេញ​អន្តរជាតិ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍ ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​វិញ ស្ថិតក្រោម​ប្រធានបទ ” បរិស្ថាន​ស្អាត និង​ទីក្រុង​បៃតង ” ក្នុង​គោលដៅ​ឆ្ពោះទៅកាន់ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​។
​នេះ​ជា​ព្រឹត្តិការណ៍ រត់​ប្រចាំឆ្នាំ ដើម្បី​អបអរ​ពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចម៉ែ ហើយ​ថវិកា ដែល​បាន​ពី​ការរត់​នេះ នឹង​យកទៅ​ប្រើប្រាស់ សម្រាប់​ការងារ​មនុស្សធម៌​នោះ គឺ​ការជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ភ្នំពេញ​អន្តរជាតិ កាលពី​ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ នៅសល់​ថវិកា ១០.០០០ ដុល្លារ ទុក​សម្រាប់​ប្រគល់ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ៕v