សំណង់​អគារ​លំនៅដ្ឋាន និង​ស្តង់​លក់ទំនិញ​បើកសម្ពោធ​ក្នុង​តំបន់​ទួលគោក​

918
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន Royal Group ជាមួយនឹង​ដៃគូ​សហការ អភិវឌ្ឍន៍​អចលនទ្រព្យ Hong Lai Huat ដែលមាន​ទីតាំងនៅ​ប្រទេស​សិង្ហ​បុរី​បាន​បើកសម្ពោធ គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដ៏​សំខាន់​មួយកន្លែង​នៅក្នុង​តំបន់​ទួលគោក​។​

​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នេះ​គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ឧក​ញ្ញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group និង លោក Dato Dr Johnny Ong នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hong Lai Huat Group គ្រុប​នា​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក Mark Hanna នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Royal Group បាន​ថ្លែង ឱ្យដឹងថា ក្នុង​គម្រោង​នេះ​នឹងមាន​ប្រភេទ​ផ្ទះ​អា​ផាត​មិន​ចំនួន ៨៥១​ខ្នង និង​ផ្ទះ​ដែល​អាចធ្វើ​ពាណិជ្ជ​កម្មបាន​ចំនួន​៥០​ខ្នង នឹង​ត្រូវបាន​សាងសង់​លើដី​អភិវឌ្ឍន៍​ដែល​នឹងមាន​ឈ្មោះថា រ៉ូយ៉ាល់​ផ្លា​ទី​នី​ម (Royal Platinum)​។​

​លោក​ថា គម្រោង​មួយ​នេះ​នឹង​ធ្វើឡើង​ក្នុង​ទំហំ​ដី​អភិវឌ្ឍន៍​ចំនួន ១០ ហិកតា នឹង​បង្កើត​ឱកាស​ដល់​ប្រជាជន​ទាំង​ការសាងសង់​លំនៅដ្ឋាន និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ បង្កើត​ការងារ និង​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​នៅ​ចំណុចកណ្តាល​នៃ​ទីក្រុង​ដ៏​រីកចម្រើន​មួយ​នេះ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា “​ហាង​លក់ទំនិញ​ដែល​ស្ថិត​លើផ្លូវ​ក្នុង​បុរី នឹងមាន​ភាព​ទាក់ទាញ​ដល់​អាជីវករ និង​ជា​កន្លែង​ដែល​ផ្តល់​សេវា បទពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម​លើ​យីហោ​អន្តរជាតិ​ល្បីៗ ក៏ដូចជា​បំពាក់​នូវ​ទំនិញ​ថ្មី​ចម្រុះ​ជាច្រើន​ប្រភេទ​រួមមាន​ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម​។​ល​។​
​សំណង់​អគារ​លំនៅដ្ឋាន និង​ស្តង់​លក់ទំនិញ​នេះ នឹងត្រូវ​បានចាប់ផ្តើម​ដាក់លក់​នៅ​ខែ មិថុនា ឆ្នាំនេះ ជាមួយនឹង​ការសាងសង់​ដែល​រំពឹងថា​នឹងត្រូវ​បានបញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំកន្លះ​”​។​

​គួរ​បញ្ជាក់ថា​គម្រោង​អភិវឌ្ឍ​មួយ​នេះ នឹង​ផ្តល់នូវ​ជម្រើស​ក្នុង​ការទិញ​ទំនិញ​ដ៏​ច្រើន និង​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ រួមបញ្ចូល​ទាំង​ហាង​ទំនិញ​ក្នុង​បុរី ភោជនីយដ្ឋាន ក្លឹប​ហាត់ប្រាណ ជាដើម​៕ ល​