ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា មាន​សារៈសំខាន់​សម្រាប់ គៀងគរ​រក​មូលនិធិ​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​

800
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​នរោត្តម មុនីនាថ សីហនុ​ជា​ព្រះប្រធាន​កិត្តិយស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន នឹង​ប្រារព្ធ​មិ​ទ្ទី​ញ​ថ្នាក់ជាតិ ដើម្បី​អបអរ​ខួប​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា នា​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​៨​ព្រឹក ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​មកពី​ស្ថាប័ន​នីតិបញ្ញតិ នីតិប្រតិបត្តិ តំណាង​អង្គទូត​ដៃគូ​សហប្រតិបត្តិ​ការ នៅក្នុង​និង​ក្រៅ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម វិស័យ​ឯកជន សប្បុរសជន មកពី​គ្រ​ប់ម​ជ្ឈ​ម​ដ្ឋា​ន​ក្នុង ក្រៅប្រទេស យុវជន អ្នក​ស្ម​គ្រ័​ចិត្ត សមាជិក សមាជិកា កាកបាទក្រហមកម្ពុជា​សរុប​ប្រមាណ​៤​ពាន់​នាក់​។

ទិវា​៨​ឧសភា​ជា​ព្រឹត្តិការណ៍​មាន​សារៈសំខាន់ សម្រាប់​កាកបាទក្រហមកម្ពុជា ដើម្បី​គៀងគរ​រក​មូលនិធិ​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដូច​ពាក្យស្លោក «​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​»​។​

​មូលនិធិ​ដែល​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅ​ថ្នាក់កណ្តាល​ទាំង​នៅ​សាខា​ជា​រៀងរាល់ឆ្នាំ​បាន​ជួយ​ឲ្យ​កាកបាទក្រហមកម្ពុជា​មាន​ធនធាន​ធ្វើ​ប្រតិបត្តិការ​បំពេញបាន​យ៉ាង​សក្តិ​សមជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ រួមចំណែក​ដោះស្រាយ​បញ្ហា​អាទិភាព​ក្នុង​សង្គមជាតិ​ជាពិសេស​ក្នុងការ​សង្គ្រោះ​ជីវិត​កសាង​ភាព​ធន​មាំ ទៅនឹង​គ្រោះមហន្តរាយ​និង​វិបត្តិ​ភ័យ​ផ្សេងៗ​ការកាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​មាតា​និង​កុមារ​ការការពារ​ជំងឺឆ្លង និង​អន្តរាគមន៍​សុខភាព​សាធារណៈ​គ្រាអាសន្ន ការលើកកម្ពស់​គោលការណ៍​គ្រឹះ​តម្លៃ​មនុស្សធម៌​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​វប្បធម៌​អហិង្សា​និង​ការពង្រឹង​សមត្ថភាព​កាកបាទក្រហមកម្ពុជា​។​

​អាស្រ័យ​ហេតុនេះហើយ កាកបាទក្រហមកម្ពុជា​សូម​អំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧ​ញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា មន្ត្រីរាជការ​ក​គ្រប់លំដាប់​ថ្នាក់​សប្បុរស​ជន បងប្អូន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​សូមមេត្តា​បន្ត​ចូលរួម​ជា​កម្លាំង​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា ជួយ​សម្រាល​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដែលជា​រួមមាន​អ្នករងគ្រោះ​មហន្តរាយ​ផ្សេងៗ ជនពិការ​ចាស់​ឥត​ទីពឹង​កុមារកំព្រា​ស្ត្រី​មេម៉ាយ អ្នក​ផ្ទុកមេរោគ​អេដស៍​។​ល​។ ជួយ​ដោះស្រាយ​កង្វះ​ទឹកស្អាត​នៅតាម​សហគមន៍​ជនបទ​នានា ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​ដោយ​ពុំមាន​ការរើសអើង បែង​ចេក​ពូជសាសន៍​ជំនឿ​សាសនា​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​សូមជម្រាបថា មិ​ទ្ទីង​ថ្នាក់ជាតិ ដើម្បី​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» និង​អបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩)៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម