ចាប់ពី​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​តទៅ​ ​ហាង​លក់​រថយន្ត​ទាំងអស់ ត្រូវ​ផ្តល់​ប័ណ្ណ​សម្គាល់​និង​ស្លាក​លេខ​ជូន​អតិថិជន​របស់ខ្លួន​ ​

1730
ចែករម្លែក

(​ភ្នំពេញ​)៖​មន្ទីរ​សាធារណការ​គ្រប់​រាជធានី ខេត្ត​ដល់ពេល​ត្រូវ​ឈប់​ផ្តល់​សេវា​ចុះបញ្ជី​រថយន្ត​ហើយដោយ​ក្រសួង​បានអោយ​ម្ចាស់​ហាង​លក់​រថយន្ត​នានា​មកសុំ​ចុះបញ្ជី​ដោយផ្ទាល់​ជូន​អតិថិជន​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​វិញ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​​កាលពី​បី​ខែ​មុន​របស់​ក្រសួង​ធា​រណការ ស្តី​ការផ្តល់​សិទ្ធ​ជូន​ម្ចាស់​ហាង​លក់​រថយន្ត​។​

​លោក​ញឹ​ប ពិដោរ​ប្រធាន​អង្គភាព​ចុះបញ្ជី​រថយន្ត​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​និយាយ​អោយដឹង​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៧​ថា ការផ្តល់សេវា​ចុះបញ្ជី​រថយន្ត​នៅ​អង្គភាព​ចុះបញ្ជី​យានយន្ត​នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ដល់​​ពេល​ឈប់​ទាំងស្រុង​ហើយ នៅត្រឹម​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៧​នេះ ទោះបីជា​មិនមាន​លិខិត​ជូនដំណឹង​បន្ថែម លើ​លិខិត​លេខ​០១២​សជណ ចុះ​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៧ ស្តីពី​ការអនុញ្ញាតអោយ​ហាង​លក់​យានយន្ត​ចុះបញ្ជី​យានយន្ត​ជូន​អតិថិជន​ក៏ដោយ​។​

​ប្រធាន​អង្គភាព​ចុះបញ្ជី​ខាងលើ​បាន​បញ្ជាក់ថា​សេចក្តី​ជូន​ស្តីពី​ការអនុញ្ញាតអោយ​ហាង​លក់​យានយន្ត​ចុះបញ្ជី​យានយន្ត​ជូន​អតិថិជន ត្រូវបាន​អង្គភាព​របស់លោក​ធ្វើការ​ថតចម្លង​និង​បិត​ពេញ​កន្លែង​ផ្តល់​សេវា​ចុះបញ្ជី​នេះហើយ ដល់​ថ្ងៃ​កំណត់​អង្គភាព​លែង​ទទួល​ផ្តល់​​សេវា​ទៀតហើយ តែ​អង្គភាព​នៅមាន​សេវា​ផ្ទេរកម្មសិទ្ធិ​(​កាត់ឈ្មោះ​)​រថយន្ត​បន្ត​។​

​ការឈប់​ផ្តល់​សេវា​ចុះបញ្ជី​រថយន្ត ដោយ​អង្គភាព​ចុះបញ្ជី​រថយន្ត​នៃ​មន្ទីរ​សាធារណការ​ក្រុងភ្នំពេញ​ដោយ​គ្មាន​ការជូនដំណឹង​បន្ថែម​ពី​ក្រសួង​ក៏ដូចជា​ពី​មន្ទីរ​នេះ បាន​យោងទៅលើ​លិខិត​ជូនដំណឹង​កាលពី​បី​ខែ​មុន​នោះ​ត្រូវបាន​គេ​និយាយថា​វា​នឹង​បង្ក​អោយធ្វើ​មានការ​រាំង​ស្ទះ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​រថយន្ត​រួច​ពី​តាម​បណ្តា​ឃ្លាំង​នានា​និង​ទិញ​ពី​អ្នក​នាំចូល​ផ្ទាល់ ដែល​មិនទាន់បាន​ចុះបញ្ជី​ដោយសារ​មិន​​ទទួលបាន​ការជូន​ដំំ​ណឹ​នេះ​។ បញ្ហា​ដែល​លំបាក​គឺ​ហាង​លក់​រថយន្ត​នៅតាម​ខេត្ត​នានា ដែល​ត្រូវ​មកសុំ​សេវា​នៅ​ភ្នំពេញ​។​

​រំលឹក​អោយដឹងថា​កាលពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៧ ​ក្រសួង​សាធារណការ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការអនុញ្ញាតអោយ​ហាង​​លក់​យានយន្ត​ចុះបញ្ជី​យានយន្ត​ជូន​អតិថិជន​ដោយ​នៅក្នុង​សេចក្តីជូនដំណឹង​នោះបាន​សរសេរថា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ ក្រសួង​អនុញ្ញាតអោយ​ហាង​លក់​យានយន្ត​ទាំងអស់ មាន​សិទ្ធិ​ចុះបញ្ជី​យានយន្ត​តាម​ប្រព​ន្ធ័​ស្វ​យ័​ប្រវត្តិ​កម្ម​ដើម្បី​ផ្ត​ល់ប​ណ្ណ័​សម្គាល់ និង​បំពាក់​ស្លាក​លេខ​ជូន​អតិថិជន​របស់ខ្លួន​នៅ​ហាង​តែម្តង ដោយ​គ្រាន់តែ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​បំពេញបែបបទ​ចុះបញ្ជី​​យានយន្ត​ទៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ។

​ហាង​លក់​រថយន្ត​ត្រូវតែ​ធានាថា​យានយន្ត​ដែល​បាន​លក់​ជូន​អតិថិជន​ពី​ហាង​របស់ខ្លួន ត្រូវមាន​ប​ណ្ណ័​សម្គាល់​និង​បំពាក់​ស្លាក​លេខ ដើម្បី​អាចធ្វើ​ចរាចរណ៍​បាន​លើផ្លូវ​ថ្នល់​បាន​។​
​ ​
​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៧​ខាងមុខនេះ​តទៅ​ហាង​លក់​យានយន្ត​ទាំងអស់ ត្រូវមាន​លិខិតអនុញ្ញាត​បំពេញបែបបទ​ចុះបញ្ជី​យានយន្ត និង​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី ដើម្បី​ផ្ត​ល់ប​ណ្ណ័​សម្គាល់​និង​ស្លាក​លេខ​ជូន​អតិថិ​​ជន​របស់ខ្លួន​។​ម្ចាស់​ហាង​លក់​រថយន្ត​ដែល​មិនទាន់មាន​លិខិតអនុញ្ញាត ត្រូវ​រួសរាន់​ដាក់ពាក្យ​សុំ​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​​កុំបី​ខាន​។​
​ ​
​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ម្ចាស់​យានយន្ត​ត្រូវ​ស្នើសុំ​ចុះបញ្ជី​យានយន្ត​របស់ខ្លួន​នៅ​ហាង​លក់​យានយន្ត ។​ការចុះបញ្ជី​យាន​​យន្ត​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ខេត្ត​ឬ​ទីតាំង​ផ្តល់​សេវាសាធារណៈ​ដទៃទៀត​មិនត្រូវ​បានអនុញ្ញាត​ឡើយ​ចាប់ពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​ក្រសួង​សាធារណការ​ប្រើប្រាស់​ប្រព័ន្ធ​លក់​លេខ​សម្គាល់​រថយន្ត​តាម​អន​ឡាញ់​កន្លងទៅនេះ​ត្រូវបាន​គេ​មើលឃើញថា មានការ​គាំទ្រ​ច្រើន ដោយសារ​វា​បានរួម​ចំណែក​លប់បំបាត់​អំពើពុករលួយ​នៅតាម​កន្លែង​ផ្តល់​សេវា​ចុះបញ្ជី​ក្នុង​ខេត្ត​ក្រុង​នានា តែ​គម្រោង​ការអោយ​ម្ចាស់​​ហាង​លក់​រថយន្ត​ជា​អ្នកផ្តល់​សេវា​ចុះបញ្ជី ដោយ​ត្រង់​មក​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន និង​លែងអោយ​មាន​ការផ្តល់សេវា​នៅតាម​មន្ទីរ​​សា​ធារ​រណការ​ដែលជា​អ្នក​នៅ​ជិត​នឹង​ប្រជាពលរដ្ឋ​នោះ មិនមាន​អ្នកគាំទ្រ​ទេ​។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​សាធារណការ ស្តីពី​ការអនុញ្ញាតអោយ​ហាង​លក់​យានយន្ត​ចុះបញ្ជី​យានយន្ត​ជូន​អតិថិជន​ដោយ​លុបចោល​​ការផ្តល់សេវា​ចុះបញ្ជី​រថយន្ត​នៅតាម​មន្ទីរ​ក្នុង​ខេត្ត​នានា​នោះ ត្រូវបាន​គេ​មើលឃើញថា​មិនមែន​ជាការ​បង្ខិត​សេវា​អោយទៅ​នៅ​ជិត​​ប្រជាពលរដ្ឋ​ទេ គឺ​ទាញយក​សេវា​អោយមក​នៅជាប់​នឹង​ក្រសួង​វិញ​ហើយ​។​

​បញ្ហា​ផ្តល់​សេវា​ចុះបញ្ជី​រថយន្ត​(​ធ្វើ​ស្លាក​លេខ​)​នេះ ត្រូវបាន​គេ​មើលឃើញថា​ម្តង​ទៅមុខ​ម្តង​ថយក្រោយ ច្រើន​ត្រឡប់​មកហើយ​នោះ​គឺ​ដោយ​​សារ​តែ​ផលប្រយោជន៍​ពី​ការចុះបញ្ជី​នេះ ។ ការចុះបញ្ជី​នៅតាម​មន្ទីរ​របស់​ខេត្ត​នានា​កន្លងទៅនេះ​គេ​មើលឃើញថា វា​មាន​ភាពងាយស្រួល​ច្រើន​ដល់​ប្រជាពលរដ្ឋ​ហើយ​ហេតុ​អី ចាំបាច់​ទាញយក​មក​ធ្វើ​នៅ​ក្រសួង​វិញ​។

​ហាង​លក់​រថយន្ត​នៅ​ខេត្ត​ណា​ទៅ​ចុះបញ្ជី​រថយន្ត​ជាមួយនឹង​មន្ទីរ​សាធារណការ​រាជធានី​-​ខេត្ត​នោះ​ទៅ​វា​យ៉ាងម៉េច ចាំបាច់​ប្រមូល​ពី​រាជ​​ធានី​-​ខេត្ត​មក​ធ្វើ​នៅ​ក្រសួង​វិញ​ធ្វើ​អី ។​ការចុះបញ្ជី​យានយន្ត​នៅតាម​មន្ទីរ​រាជធានី​ខេត្ត កន្លងទៅនេះ​ត្រូវបាន​គេ​មើលឃើញថា​មាន​​ភាពរលូន​ច្រើន​ហើយ ហេតុ​អី​ចាំបាច់​ទាញ​យកមក​ដាក់​នៅ​ក្រសួង​វិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម