មន្ត្រី​សមាគម​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គ​.​ជ​.​ប លោក​នី ចរិយា ត្រូវ​តុលាការ​ដោះលែង​

1032
ចែករម្លែក

(​ភ្នំពេញ​)៖​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC)៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក នី ចរិយា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៩ មិថុនា​។​

​យោងតាម​ដីកា​បង្គាប់​អោយ​ដោះលែង​ដែល​រស្មី​កម្ពុជា​បានទទួល​នៅ​យប់​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​​ធា​ម ច័ន្ទ​ពិសិដ្ឋ បង្គាប់​អោយ​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ)​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ នី ចរិយា​…​និង​បង្គាប់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​ដោះលែង​ជន​ត្រូវ​ចោទ​នី សុខា​, យី សុខសាន្ត​,​ណៃ វ៉ង់​ដា និង​លឹម មុនី …​។​

​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ៤​រូប​ខាងលើ ព្រមទាំង​លោក នី ចរិយា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត និង​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​អ្នក​ទាំង​៥ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំខ្លួន​សាកសួរ ចាប់ពី​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១៦ ហើយ​ឈានដល់​ឃាត់ខ្លួន​បញ្ជូនមក​តុលា​ការបន្ត​នីតិវិធី នៅ​ពីរ​ថ្ងៃ​បន្ទាប់ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង ខុម ចាន់​តារា​ទី ហៅ ស្រីមុំ​។​

​សូមបញ្ជាក់ថា លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់​សមាគម​អាដហុក ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង ចោទ​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​តុលាការ​រកឃើញថា បាន​បញ្ចុះបញ្ចូល ឬ​លួងលោម កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ មិន​ឲ្យ​និយាយ​ការពិត​ដល់​សមត្ថកិច្ច ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕ ​ដោយ ៖វាសនា

(​ពីឆ្វេង​) អគ្គលេខាធិការរង​គ​.​ជ​.​ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់​ដា​
មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ត្រូវបានដោះលែងចេញពីគុកព្រៃសកាលពីមុននេះបន្តិច

ទីតាំងផ្សាយពាណិជ្ជកម្ម