គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដាក់ចេញ​គោលនយោបាយ​១០​ចំណុច​ដើម្បី​ទាក់ទាញ​ការគាំទ្រ​

1300
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងឱ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែលជា​ឱកាស​សំខាន់​នៃ​ជនរួមជាតិ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុងការ​ប្រើប្រាស់​សិទ្ធិអំណាច​ជ្រើសរើស​តំណាង​ស្របច្បាប់​របស់ខ្លួន​ឲ្យ​ទៅធ្វើ​ការ​ក្នុង​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​របស់ខ្លួន​សម្រាប់​រយៈពេល ៥​ឆ្នាំ​។

​លោក​បាន​បញ្ជាក់ថា​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​សមាជិក​ទាំងអស់គ្នា​ជា​ម្ចាស់​ផ្ទាល់​តម្កល់​ផលប្រយោជន៍​ប្រទេសជាតិ​ប្រជាពលរដ្ឋ​និង​ការដឹកនាំ​គ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​គ្មាន​ការរើសអើង​បក្ខពួក​គ្រួសារនិយម​និង​ពុករលួយ​បានកំណត់​គោលនយោបាយ​អាទិភាព​សម្រាប់​ដោះស្រាយ​បញ្ហា​អាយុជីវិត​ជាតិ​មាន​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​:

1-​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធៈ​កសាង​ផ្លូវ​ជនបទ​ផ្លូវដី​ផ្លូវ​គ្រួស​ក្រហម​ផ្លូវ​ទេសចរណ៍​ក៏ដូចជា​ការធ្វើ​ចរាចរ​ផលិតផល​កសិកម្ម​ពី​ជនបទ​មក​ទីក្រុង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​បន្ថែម​ដល់​ការស្រោចស្រព​ស្រែចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​។

​ជួសជុល​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រឡាយ​រំដោះ​ទឹកភ្លៀង​ប្រព័ន្ធ​រំដោះ​ទឹកស្អុយ​ទីលាន​ចាក់សំរាម​និង​កែច្នៃ​សំរាម​ចេញពី​ទីក្រុង​ស្រុក​ខណ្ឌ​ប្រកបដោយ​គុណភាព​និង​និរន្តរភាព​សំដៅ​រួមគ្នា​លើកកម្ពស់​សុខភាព​បរិស្ថាន​និង​ការរីកចម្រើន​នៃ​ទីក្រុង​។​អភិវឌ្ឍ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​មានគុណ​ភាព​និង​តម្លៃ​សមរម្យ​។​

2-​វិស័យ​អគ្គិសនី​:​ជំរុញ​ឲ្យ​ដំណើរការ​វិស័យ​អគ្គិសនី​មាន​ដល់​ជនបទ​ភូមិ​ឃុំ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​ដែល​អាចជួយ​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​ប្រើប្រាស់​បាន​។​3-​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​:​លើ​វិស័យ​ទាំងឡាយ​ដែល​អសកម្ម​ជាពិសេស​ការប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ត្រូវ​គោលដៅ​និង​មាន​តម្លាភាព​។​

4-​ពង្រឹង​វិស័យ​កសិកម្ម​:​ជំរុញ​ការយកចិត្តទុកដាក់​លើ​ការរក​ទីផ្សារ​និង​តម្លៃ​កសិផល​ដែលមាន​ស្ថេរភាព​ច្បាស់លាស់​ដែលជា​កត្តា​ធ្វើ​ឲ្យ​ជីវភាព​កសិករ​នៅ​មូលដ្ឋាន​ជួប​វិបត្តិ​ក្នុង​គ្រួសារ​ដោយ​ធ្វើឱ្យមាន​លំនឹង​ឡើងវិញ ។​

5-​លើកតម្កើង​សិទ្ធិ​:​សេរីភាព​ក្នុងការ​បញ្ចេញមតិ​សិទ្ធិ​ទទួល​ព័ត៌មាន​និង​បង្កើន​ការចូលរួម​របស់​ស្ត្រី​យុវជន យុវនារី យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ ។​6- វិស័យ​អប់រំ​សុខាភិបាល​និង​សង្គមកិច្ច​: កែលំអរ ការបង្រៀន​ឲ្យ​គ្រប់​តាម​កាលវិភាគ​មានគុណ​ភាព​និង​សីលធម៌​ពង្រឹង​ការប្រើប្រាស់​វិស័យ​អប់រំ​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​តាមរយៈ​ការកែលម្អ​រចនាសម្ព័ន្ធ​។​

​បណ្ដុះបណ្ដាល​គ្រូ​និង​អនុវត្ត​បញ្ចូល​កម្មវិធីសិក្សា​ថ្មី​បង្កើន​អប្បបរមា​ដល់​មន្ត្រីរាជកា​រ​ថ្នាក់មូលដ្ឋាន​ឲ្យ​បាន​សមរម្យ​ជៀសវាង​មាន​អំពើពុករលួយ​តាម​មន្ទីរ​ស្ថាប័ន​ពង្រឹង​វិស័យ​សុខាភិបាល​។បំបាត់​ភាព​រើសអើង​មាន​សីលធម៌​បំបាត់​អំពើពុករលួយ​បំពាក់​សម្ភារៈ​បច្ចេកទេស​ទំនើប​ដល់​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​រដ្ឋ​ផ្គត់ផ្គង់​សេវា​សុខភាព​ដោយ​ឥត​បង់ថ្លៃ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ចំពោះ​ជនក្រីក្រ ជនពិការ កម្មករ កម្មការិនី ព្រះសង្ឃ​ជាដើម ។​

7- វិស័យ​សន្តិសុខ​សង្គម​: អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាមច្បាប់​ជា​ធរមាន​ចំពោះ​បញ្ហា​ការជួញដូរ ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​បណ្ដា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ព្រោះ​ទាំងនេះ​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែលជា​កត្តា​ធ្វើ​ឲ្យ​សង្គម​គ្រួសារ​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​។​លុបបំបាត់​ឱ្យបាន​ជា​អតិបរមា​នូវ​បញ្ហា​អសន្តិសុខ​សង្គម​ដូចជា​បញ្ហា​ក្មេង​ទំនើង​អំពើ​លួច​ឆក់​ប្លន់​អំពើហិង្សា​ក្នុង​គ្រួសារ​ការកេងប្រវ័ញ្ច​ពលកម្ម​។​

8-​អភិវឌ្ឍ​និង​ពង្រឹង​អភិបាលកិច្ច​សមត្ថភាព​ស្ថាប័ន​:​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដែលជា​ប្រភព​ពលកម្ម​ឲ្យ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ​តាមរយៈ​ការបណ្ដុះបណ្ដាល​មន្ត្រី​នូវ​ជំនាញ​បច្ចេកទេស​ប្រកបដោយ​គុណភាព​ព្រមទាំង​ផ្ដល់​អាទិភាព​ដល់​បញ្ញាវន្ត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​អោយចូល​បម្រើការ​តាម​ស្ថាប័ន​នានា​តាម​គុណភាព​និង​សមត្ថភាព ។​

9-​អនុវត្ត​វិធានការ​កែទម្រង់​ស៊ីជម្រៅ​:​ការផ្ដល់អំណាច​ដល់​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​លឿន​គ្រប់​វិស័យ​ទាំងពី​លិខិតបទដ្ឋាន​ទាំង​បច្ចេកទេស​ទាំង​ថវិកា​ដើម្បី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​លិទ្ធ​ភាព​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​រីកចម្រើន​ដោយ​មិនមាន​ការរាំងស្ទះ​សំដៅ​បម្រើ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ ។​10- ការការពារ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​: ពង្រឹង​បន្ថែម​ការគ្រប់គ្រង​បរិស្ថាន​ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​ចីរភាព​។​

​ទប់ស្កាត់​នូវ​រាល់​ការកាប់បំផ្លាញ​ព្រៃឈើ​ធនធាន​រ៉ែ​ក្រោម​ដី​គ្រប់​ប្រភេទ​ការបំផ្លាញ​មច្ឆា​ជាតិ​ជីវៈចម្រុះ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដែលជា​មូលហេតុ​នាំ​មានការ​បម្រែបម្រួល​អាកាសធាតុ​។​ទប់ស្កាត់​ការរំលោភបំពាន​ទន្ទ្រាន​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ខុសច្បាប់​។​ខិតខំ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែលមាន​ភាព​រ៉ាំរ៉ៃ​យូរហើយ​ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌​។

​លោក​បាន​បញ្ជាក់ថា​គោលនយោបាយ​មូលដ្ឋាន​អាទិភាព​ខាងលើ​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នៅពេលដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ឱ្យ​បេក្ខភាព​មកពី​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បាន​ទៅធ្វើ​ការ​ក្នុង​ក្របខ័ណ្ឌ​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែល​ការពា​និង​បម្រើ​ជូន​នូវ​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជាធំ​។​

​ជាមួយគ្នានេះ​លោក​ញឹក​ប៊ុនឆៃ​បាន​អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែលមាន​សិទ្ធិ​បោះឆ្នោត​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​។​ជ្រើសរើស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ តំណាង​ឲ្យ​ការរួបរួម​នៃ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​សាមគ្គី និង​ឯកភាព​ជាតិ ការពារ​លើក​តំ​កើន​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​រដ្ឋធម្មនុញ្ញ​។​ស្មោះត្រង់​ចំពោះ​ព្រះរាជ​បល្ល័ង្ក​ជា​ម្លប់​ត្រជាក់​ដល់​នៅ​សុខក្សេមក្សាន្ត​សន្តិភាព​និង​វឌ្ឍនភាព​រុងរឿង​នៃ​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម