ជនជាតិជប៉ុនដែលដាច់អាហារ បន្ទាប់ពីបាត់ឯកសារព្រោះចោរលួច ត្រូវនគរបាលប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែតនាំ និងប្រគល់ទៅទូតជប៉ុន

843
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ជនជាតិជប៉ុនដែលដាច់អាហារបន្ទាប់ពីបាត់ ឯកសារព្រោះចោរលួច ត្រូវនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាំមកការិយាល័យ ផ្តល់អាហារនិងមធ្យោបាយទៅស្ថានទូតជប៉ុនប្រចាំ កម្ពុជាហើយ ។

យោងបណ្តាញសង្គមហ្វេសប៊ុក(Facebook ) ដែលថាមានជនជាតិជប៉ុនម្នាក់​សម្រាកនៅតាមចិញ្ចើមផ្លូវនិងសំយាបផ្ទះពលរដ្ឋកម្ពុជានៅក្នុងភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពោលគឺក្នុងស្ថានភាពគ្មានអាហារនិងកន្លែងស្នាក់នៅ អត់មិត្តញាតិឬអ្នកស្គាល់។

លោកវរសេនីយ៍ខឹម ចិត្ត្រា នាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត​បានចាត់កម្លាំងជំនាញឲ្យស្វែងរកជនជាតិជប៉ុនឬមុខសញ្ញានោះ។ រហូតមកដល់រសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ កម្លាំងនគរបាលក៏ប្រទះឃើញ ហើយបានអញ្ជើញបុរសជនជាតិជប៉ុននោះមកប៉ុស្តិ៍ផ្តល់អាហារ ទឹក សម្លៀកបំពាក់​ ​និងធ្វើការសាកសួរគាត់។

ប្រភពព័ត៍មានឲ្យដឹងថា ក្រោយសាកសួរទើបដឹងថា បុរសនោះមានឈ្មោះ ណូរីហុីរ៉ូ យ៉ាម៉ាគូជី (Mr Norihiro YAMAGUCHI ) អាយុ៤៧ឆ្នាំ ជនជាតិជប៉ុន។ បុរសនេះគាត់ធ្វើដំណើរចេញចូល ស្នាក់នៅនិងធ្វើទេសចរណ៍នៅ​ប្រទេសកម្ពុជាបន្តបន្ទាប់រយៈពេល១១ឆ្នាំ ជាងមកហើយ។

​ប៉ុន្តែ លើកនេះពេលគាត់មកដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជិត១០ថ្ងៃ មកនេះ គាត់បានបាត់កាបូប( បាត់ខ្លួនឯង ឬត្រូវគេលួច ?) ដែលក្នុងនោះមាន​កាតធនាគារនិងឯកសារសម្ភារទាំងអស់ ។ទើបធ្វើឲ្យគាត់គ្មានប្រាក់​សម្រាប់ស្នាក់នៅនិងហូបចុកបន្តទៀត ហើយក៏មិនព្រមឬមិនអាចទាក់ទង​ទៅអ្នកណាដែលអាចជួយគាត់បាន រួមទាំងអាជ្ញាធរមានសមត្ថកិច្ចផង ?

ប្រភពបន្តថា តមក មន្រ្តីនគរបាលប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបាន​នឹងកំពុង​កំពុងជួយសម្រួលរៀបចំជូនជនជាតិជប៉ុននៅទៅស្ថានទូត​ជប៉ុន​នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០១៩នេះ។

ជនជាតិជប៉ុននេះមានសុខភាពល្អ តែចុះខ្សោយកម្លាំង។ ប៉ុន្តែ គេដូចជាមានអាថ៍កំបាំងអី មិនព្រមប្រាប់ពីមូលហេតុពិតនៃស្ថានភាព​បែបនេះរបស់គាត់ទេ៕B/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម