ពលរដ្ឋ​នៅក្នុង​ស្រុក​កោះកុង​ចំនួន​២២២​គ្រួសារ ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពេញលេញ​

896
ចែករម្លែក

​ដោយ​: សុ​ផានី​តា / កោះកុង​: ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ជាង​២២២​គ្រួសារ បានទទួល​បណ្ណ​កម្មសិទ្ធិ​សម្គាល់​កាន់កាប់​ប្រើប្រាស់​ដីធ្លី​របស់​ដោយ​ស្របច្បាប់ ក្រោយ​មន្ទីរ​ដែនដី​វាស់វែង និង​ចុះ​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ​តាម​បទបញ្ជា​០១​រាជរដ្ឋាភិបាល​។​

​បណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ចំនួន​៣២៥​បណ្ណ ស្មើនឹង​២២២​គ្រួសារ ត្រូវបាន​ចែក​ប្រគល់ជូន​ប្រជាពលរដ្ឋ​រស់នៅ កោះកុង​ក្នុង និង​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​ត្រពាំងរូង ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ចំពោះ​ការរស់នៅ និង​ប្រកបមុខរបរ​ចិញ្ចឹម​ដោយ​ភាពស្របច្បាប់ គ្មាន​ការព្រួយបារម្ភ​ការរំលោភបំពាន​ពី​បុគ្គល​ណា​ទេ​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២០ ខែឧសភា ថា ការផ្តល់​បណ្ណ កម្មសិទ្ធិ​អចលនា​ទ្រព្យ​ដីធ្លី​ជូន​ពលរដ្ឋ​នៅពេលនេះ អនុវត្ត​ឡើង​តាមរយៈ​បញ្ជា​០១​របស់​រាជរដ្ឋាភិបាល ដែល​កាលនោះ​មាន​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចុះមក​វាស់វែង​ជូន​ពួកគាត់​កាលពី​ឆ្នាំ​២០១៣​។

​លោកស្រី បន្តថា ការងារ​បន្ត​មក មន្ទីរ​ដែនដី នគរ​វូប​នីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត កំពុង​ចាត់ចែង​ធ្វើ​ប្លង់​ជា​លក្ខណ​ជា​ប្រព័ន្ធ​តាម​ដំណាក់កាល​នីមួយៗ​។ ចំណុច​ទាំងអស់នេះ គឺជា​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​កំណែទម្រង់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍន៍​រីកចម្រើន​ដោយ​ចីរភាព​។​
​បន្ថែម​លើ​នេះ អភិបាលខេត្ត​កោះកុង ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ថែរក្សា​ទុកដាក់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​អោយ​ល្អ និង​មាន​សុវត្ថិភាព ធ្វើ​របង​ព្រំដី​អោយ​ច្បាស់លាស់​ត្រឹមត្រូវ ជៀសវាង​កើតមាន​ទំនាស់​ព្រំដី​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​ក្បែរ​ខាង​គ្នា​។ ជាពិសេស​ពិចារណា​ឱ្យ​ម៉ត់ចត់​យក​ប្លន់​ដី​កម្មសិទ្ធិ​ទៅ​ដាក់​ខ្ចីលុយ​ពី​ធនាគារ ដើម្បី​បង្កបង្កើនផល​កសិកម្ម ឬ​ដោះស្រាយ​បញ្ហា​អី្វ​មួយ​។​

​ចំណែក​លោក ជា សូវី អភិបាលស្រុក​កោះកុង ក៏​លើកឡើង​ដែរ​ថា នេះ​ជា​ដំណាក់កាល​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់លោក បានទទួល​បណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរខេត្ត​។ ព្រោះ​វា​ជាការ​ទន្ទឹងរង់ចាំ​យូរ​ឆ្នាំ​មកហើយ ទម្រាំ​មាន​ពេលនេះ សម្រាប់​សុវត្ថិភាព​គ្រប់គ្រង​ដីធ្លី និង​បង្កបង្កើនផល​កសិកម្ម​ចិញ្ចឹម​ជីវភាព​រស់នៅ​បន្តទៀត​។​

​បើតាម​លោក​អភិបាលស្រុក​កោះកុង ការចែក​បណ្ណ​សម្គាល់​សិទ្ធិ​ដីធ្លី​លើកដំបូង គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​៧៣៤​គ្រួសារ រស់នៅ​ភូមិ​ដី​ទំនាប និង​ភូមិ​ត្រពាំងរូង បានទទួល​វិញ្ញាបនបត្រ​សម្គាល់​កាន់កាប់​ដីធ្លី​ស្របច្បាប់​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៨​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​។​

​គោលដៅ​ផ្តល់​បណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុងស្រុក​កោះកុង មាន​បន្តទៀត​សម្រាប់​ឃុំ​តា​តៃ ក្រោយ​ការ ដោះស្រាយ​កាត់​ឈ្វៀ​ល​ចេញពី​តំបន់​ការពារ​អភិរក្ស​នៃ​អនុក្រឹត្យ​៨០ ដោយមាន​ពលរដ្ឋ​ចំនួន​២​ភូមិ​ក៏​ទន្ទឹងរង់ចាំ​ផងដែរ ខណៈ​ពុំទាន់​មាន​ឯកសារ​ផ្លូវការ​សម្គាល់​កម្មសិទ្ធិ​ជាក់លាក់​ណាមួយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ