អាមេរិក​យល់ព្រម​លក់​អាវុធ​ជា​លើកទីមួយ​ដល់​តៃវ៉ាន់​ក្រោម​រដ្ឋបាល​ត្រាំ

1616
ចែករម្លែក

ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​មិថុនា​ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​យល់ព្រម​លក់​អាវុធ​ដល់​តៃវ៉ាន់​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១,៤ ពាន់​លាន​ដុល្លារ ដែលជា​កិច្ចព្រមព្រៀង​លើកទីមួយ​ជាមួយ​កោះ​ស្វ័យគ្រប់គ្រង​នេះ ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រា ឡើងកាន់តំណែង​។​

ការលក់​នេះ​នឹងធ្វើ​ឱ្យ​ចិន​ខឹង ព្រោះ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។ ការលក់​សព្វាវុធ​នេះ​កើតឡើង​នៅ​គ្រា​ស្រុតចុះ​ខ្លាំង​នៃ​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន និង ប៉េកាំង ជុំវិញ​ការប្រឹងប្រែង​ដើម្បី​រឹតត្បិត​កូរ៉េខាងជើង​ដែលមាន​នុយក្លេអ៊ែរ​។​

​ការលក់​អាវុធ​ឱ្យ​តៃវ៉ាន់​មាន​សព្វាវុធ​ច្រើន​ប្រភេទ រួមទាំង​ការគាំទ្រ​ខាង​បច្ចេកទេស​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​ព្រមាន​ទុកជាមុន មី​ស៊ី​ល​ប្រឆាំង​វិទ្យុសកម្ម គ្រាប់​ថូ​ផេ​ដូ និង គ្រឿងបន្លាស់​សម្រាប់​មី​ស៊ី​ល SM-2​។ នេះ​បើតាម​មន្ត្រី​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី ហ៊ី​ត​ធើ​វូដ នូ​អឺត និយាយថា រដ្ឋបាល​ត្រាំ​បាន​ជូនដំណឹង​ដល់​សភា​អំពី​បំណង​របស់ខ្លួន​ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង​ដែល​បានស្នើ​ចំនួន ៧ ដែល​ឥឡូវ​មានតម្លៃ​ប្រហែល ១,៤ ពាន់​លាន​ដុល្លារ​។ លោកស្រី​និយាយថា ការអនុម័ត​មិនបាន​រំលោភ​លើ​ច្បាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ដែល​រក្សា​ការទាក់ទង​របស់​អាមេរិក​ជាមួយ​កោះ​នេះ​ទេ​។​

លោកស្រី​នូ​អឺត​និយាយថា “​យើង​ជឿថា វា​បង្ហាញ​ការគាំទ្រ​របស់​យើង​សម្រាប់​សមត្ថភាព​តៃវ៉ាន់​ដើម្បី​ថែរក្សា​គោលនយោបាយ​ស្វ័យការពារ​ឱ្យបាន​គ្រប់គ្រាន់​។ ខ្ញុំ​អាច​ចង្អុល​បង្ហាញថា គ្មានអ្វី​ផ្លាស់ប្តូរ​ទេ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​របស់​យើង​”៕ ​ដោយ ៖កញ្ញាដាលីស

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​កាលពី​ឆ្នាំ ២០១៥

ទីតាំងផ្សាយពាណិជ្ជកម្ម