ជាប់គុក​ដោយ​គ្មាន​មូលហេតុ​

1660
ចែករម្លែក

យ៉ង់ រី​ម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ផ្ទ​រ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ រី​ម មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​លាភ ឃុំ​ឪឡោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី ភ្នំពេញ​។ រី​ម មាន​បងប្អូន​៦​នាក់ និង​មាន​ឪពុក​ឈ្មោះ យុក យ៉ង់ (​ស្លាប់​) ម្ដាយ​ឈ្មោះ អ៊ឺ​ម ជា (​ស្លាប់​)​។ រី​ម ជា​ក្មេង​កំព្រាម្ដាយ​តាំងតែ​ពី​អាយុ​ប្រាំ​ឆ្នាំ​មកម្ល៉េះ​។ ប្រពន្ធ​របស់ រី​ម ឈ្មោះ ហ៊ុន ម៉ៅ ហើយ​សព្វថ្ងៃនេះ រី​ម មានកូន​ចំនួន​៨​នាក់ (​ប្រុស​៤​នាក់ ស្រី​៤​នាក់​)​។

​មុន​ឆ្នាំ​១៩៧០ រី​ម បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩ ”​ចាស់​” ហើយ​បាន​ឈប់រៀន​នៅ​ឆ្នាំ​១៩៦៧​។ នៅ​ឆ្នាំ​១៩៦៧ ដដែល រី​ម បាន​បួស​រៀន​នៅក្នុង​វត្ត​អង្គ​ស្ដុក តែ​គាត់​ត្រូវ​ទៅ​រៀន​នៅ​វត្ត​ស្វាយមាស នៅ​ឃុំ​ប្រទះ​ឡាង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​វិញ​។ រី​ម បួស​បាន​រយៈពេល​បួន​វស្សា​ក៏ សឹក​មកវិញ​នៅ​ឆ្នាំ​១៩៧១ ។

​នៅ​ឆ្នាំ​១៩៧១ ក្រោយពេល​សឹក រី​ម បាន​ស្ម័គ្រចិត្ត​ចូល​បដិវត្តន៍ ដោយ​ដំបូង​នៅ​ខាង​កងទ័ព​រំដោះ នៅ​ភូមិភាគ​ពិសេស ស្ថិតនៅ​ភាគ​ពាយ័ព្យ​ភ្នំពេញ ភ្ជាប់​ពី​ស្រុក​ឱ​រ៉ា​ល់​ទល់នឹង​ខេត្តកោះកុង​។ រី​ម បានធ្វើការ​នៅក្នុង​កងពល​លេខ​២៣ ដែលមាន​ឈ្មោះ ជៀម ជា​ប្រធាន​គ្រប់គ្រង​។ រី​ម បានទទួល​តួនាទី​ជា​ស្នងការ​នយោបាយ វរ​សេនា​តូច​លេខ​៥២ ក្ដាប់​ទ័ព​ចំនួន​១២០​នាក់ វាយ​ប្រឆាំងនឹង លន់ នល់​។ រី​ម បានទទួល​បន្ទុក​អប់រំ​កងទ័ព​ផ្នែក​នយោបាយ អប់រំ​សតិអារម្មណ៍ ដល់​កងទ័ព​ឲ្យ​មាន​ស្មារតី​វាយ​ខ្មាំង​រាល់​ចេញទៅ​ប្រយុទ្ធ​នៅលើ​សមរភូមិ​។

​នៅ​ឆ្នាំ​១៩៧៥ រី​ម ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅ​វាយ​ពី​ផ្លូវជាតិ​លេខ​៤ មកទល់នឹង ខេត្តកំពង់ឆ្នាំង​។ រី​ម បាន​ចូល​វាយ​នៅ​សមរភូមិ​ជាច្រើនលើក ដោយ​ដំបូង​ឡើយ វាយ​នៅ ម្តុំ​ផ្លូវជាតិ​លេខ​៤ (​អង្គ​តា​ឡឹ​ក​) បាត​ដឹង ឧដុង្គ ផ្សារ​ត្រាច និង លង្វែក ដោយ​ទទួល​ជ័យជម្នះ​រាល់​លើក​។ រី​ម បាន​បន្ដថា នៅពេល​ចូល​វាយ​ក្នុង​សមរភូមិ​ម្ដងៗ​តែងមាន​ទ័ព​ស្លាប់ និង​របួស​ពី​៥​ទៅ​១០​នាក់ ហើយ​ខ្មែរក្រហម​មិនដែល​ទុក​សព​ចោល​នោះទេ​ទោះបី​សត្រូវ​បាញ់​សន្ធាប់​មក​យ៉ាងណាក៏ដោយ ក៏ត្រូវ​លូន​ទៅយក​សព​ទាំងអស់​មកវិញ​ដែរ​។​

​រហូតដល់​យោធា​ខ្មែរក្រហម​វាយ​បែក​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៧៥ រី​ម ក៏បាន​ចូល​ភ្នំពេញ​ដែរ តាម​មុខសញ្ញា ពោធិចិនតុង ទឹកល្អក់ ពេទ្យ​លោកសង្ឃ និង​សន្ធរម៉ុក ជា​មុខសញ្ញា​ដែល ខ្មែរក្រហម​ដាក់​ឲ្យ​។ នៅពេលដែល រី​ម ចូលដល់​ភ្នំពេញ គឺមាន​ភាពស្ងាត់ជ្រងំ បន្ទាប់មក រី​ម ត្រូវបាន​ខ្មែរក្រហម​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ ទៅតាម​ផ្លូវជាតិ​លេខ​៤ ឲ្យ​អស់​ក្នុង​រយៈពេល​៧​ថ្ងៃ​។ រី​ម បាន​ជម្លៀស​ប្រជាជន​ឲ្យ​ទៅតាម​វត្ត​អង្គ​តា​ឡឹ​ក សំដៅ​បាត់ដឹង (​ខាងលិច​) ដែល​នៅ​ទីនោះ​មាន​កម្លាំង​ខ្មែរក្រហម​នៅចាំ​ទទួល​ជាស្រេច​។ រី​ម នៅ​ការពារ និង​រៀបចំ​ក្រុងភ្នំពេញ​ប្រហែលជា​៣-៤​ខែ​។ បន្ទាប់មក រី​ម បាន​ស្នើសុំ​អង្គការ​ដើម្បី​រៀបការ​ជាមួយ​នារី​ម្នាក់​ដែល​បាន​ស្រឡាញ់គ្នា​ដោយ​ស្ម័គ្រចិត្ត​។

​ក្រោយពេល​រៀបចំ​ក្រុង​រួចរាល់​ហើយ ខ្មែរក្រហម​ក៏បាន​រំសាយ​អង្គភាព​របស់ រី​ម ឲ្យ​ទៅធ្វើ​ការ​នៅតាម​កងចល័ត​វិញ ដោយពេល​នោះ​គាត់​មាន​តួនាទី​ក្ដាប់​កងចល័ត​នៅក្នុង​ស្រុក​២៦ (​ស្រុក​ឧដុង្គ​) ធ្វើស្រែ និង​បង្កបង្កើនផល​។ នៅ​ចុងឆ្នាំ​១៩៧៥ រី​ម ត្រូវបាន​អង្គ​ការដក​ឲ្យ​មក​ធ្វើស្រែ​ប្រាំង នៅតាម​បណ្តោយ​ទន្លេ ក្នុង​ខេត្តកណ្ដាល រហូតដល់​ខែឧសភា ឆ្នាំ​១៩៧៧​។ ក្រៅពី​ការងារ​ស្រែ រី​ម បាន​ចិញ្ចឹម​មាន់បាន​ប្រហែលជា​២០០-៣០០​ក្បាល​ទៀត ហើយ​នៅ​ទីនោះ គាត់​តែងតែ​លួច​អនុញ្ញាត​ឲ្យ​យុវជន​ដែល​ស្នើសុំ​ទៅលេង​ផ្ទះ ដោយ​មិន​ឲ្យ​អង្គ​ការដឹង​ឡើយ​។

​នៅ​ឆ្នាំ​១៩៧៧ រី​ម ត្រូវបាន យាយ​លី និង​តា​មូល ដែលជា​គណៈ​តំបន់​ចាប់​ដាក់គុក​នៅ​ភ្នំ ត្រពាំង​ល្វា ដោយ​គ្មាន​មូលហេតុ​។ ហេតុការណ៍​នោះបាន​កើតឡើង​ប្រហែល​ម៉ោងជាង​៥​ល្ងាច ដោយ រី​ម ត្រូវបាន​គេ​ចាប់ខ្លួន រួច​ដឹក​តាម​ឡាន​យកទៅដាក់​នៅ​មន្ទី​ឃុំ​វត្ត​អូរ​។ រី​ម បាន​គិតក្នុងចិត្ត​ថា អង្គការ​ចាប់​ទៅ​ថ្មើ​នេះ ប្រាកដជា​ត្រូវ​យកទៅ​សម្លាប់​ជាក់​ជាមិនខាន​។ ពេលមកដល់​មន្ទីរ​ឃុំ​វត្ត​អូរ គណៈ​តំបន់ យាយ​លី និង​តា​មូល បាន​ចុះទៅ​ប្រជុំ​ជាមួយ​មេឃុំ ដោយ​ទុក រី​ម ចោល​នៅលើ​ឡាន​។ ពេលនោះ រី​ម បានឃើញ​ឈ្លប​ក្មេងៗ មាន​អាយុ​ប្រហែលជា​១៥​ឆ្នាំ ស្ពាយ​កាំភ្លើង​សឹងតែ​មិន​ផុត​ដី​ឈរ​ទី​នោះដែរ​។ ក្រោយពេល គណៈ​តំបន់​ប្រជុំ​ចប់ អ្នកបើកបរ​បាន​ដឹក​គាត់​យកទៅដាក់​នៅ​មន្ទីរ​ស្រុក​បាត់ដឹង​មួយ​យប់​ពីរ​ថ្ងៃ​។ បន្ទាប់មក ក៏បាន​បញ្ជូន​គាត់​ទៅ​ឃុំឃាំង​នៅ​ភ្នំ​ត្រពាំង​ល្វា​។​

​អំឡុងពេល រី​ម ជាប់គុក​នៅ​ភ្នំ​ត្រពាំង​ល្វា​នេះ ប្រពន្ធ​របស់គាត់​ក៏ត្រូវ​បាន​អង្គ​ការចាប់​ដាក់គុក​នៅ​ស្មាច់​ដែរ ដោយ​ចោទប្រកាន់ថា រី​ម បាន​លួចរ​ត់ទៅ​ស្រុក​យួន​។ នៅក្នុង​គុក​ត្រពាំង​ល្វា រី​ម ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ធ្វើ​ក្បឿង មាន​អ្នកគ្រប់គ្រង​ឈ្មោះ លន់​។ នៅក្នុង​គុក មាន​អ្នកទោស​ប្រមាណ​២០​ទៅ​៣០​នាក់ មាន​ប្រុស​មាន​ស្រី​នៅ​លាយ​គ្នា​។ នៅ​ទីនោះ រី​ម ធ្លាប់​បានឃើញ​ខ្មែរក្រហម​សម្លាប់​មនុស្ស​ដោយ​ចោទថា “​កើត​ស្វាយ​”​។ រី​ម មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​ខិតខំ​ធ្វើការ​ទ្វេ​ឡើង ដើម្បី​យកចិត្ត​អ្នកគ្រប់គ្រង ព្រោះ​បើ​ខ្ជិល​ប្រាកដជា​ស្លាប់​មុនគេ​មិន​ខាន​។ រី​ម ធ្វើការ​សឹង​គ្មាន​ពេល​ឈប់ សម្រាក ពេល​ដុត​ក្បឿង​ម្តងៗ គាត់​ត្រូវ​នៅ​មើលថែ​ភ្លើង​នៅ​ឡ​ទាំងថ្ងៃទាំងយប់ រយៈពេល​ជិត​មួយអាទិត្យ ទើប​ក្បឿង​ឆ្អិន​។

​ក្បឿង​ដែល​ផលិត​បាន​ត្រូវបញ្ជូន​ទៅតាម​ឃុំ​សម្រាប់​ប្រក់​ដំបូល​ជង្រុក​ស្រូវ ឬ​បញ្ជូនទៅ​មន្ទីរ​ឃុំ​តាម​ការស្នើសុំ​។ នៅ​អំឡុងពេល​ជាប់ឃុំ​នៅ​ទីនោះ រី​ម មិន​ត្រូវបាន​អ្នកគ្រប់គ្រង​ធ្វើ​ទារុណកម្ម​ទេ តែ​គ្រាន់តែ​មិនមាន​សិទ្ធិ​ដើរហើរ និង​មិនអាច​មកជួប​ក្រុមគ្រួសារ សូម្បីតែ​ផ្ទះ​ប្រជាជន​នៅ​ជិតៗ​នេះ ក៏​មិនអាច​ដើរ​ទៅលេង​បានដែរ​។ រី​ម ជាប់គុក​នៅ​ភ្នំ​ត្រពាំង​ល្វា​រហូតដល់​ឆ្នាំ​១៩៧៩​។​

នៅពេលដែល​បែក​ឆ្នាំ​១៩៧៩ រី​ម បានរ​ត់ទៅ​នៅ​វត្ត​តា​ពោង ក្នុង​ឃុំ​ជើង​រស់​។ បន្ទាប់មក គាត់​ក៏​រត់​បន្តទៅ​ទិស​ខាងលិច​រហូតដល់​ភូមិ​អង្គ ដំរី​ទ្រង់ ក៏បាន​ជួប​ជាមួយ​បងថ្លៃ​។ រី​ម បាន​ជិះរ​ទះ​ទៅ​ស្រុក​ជាមួយ​បងថ្លៃ​។ រី​ម មិនបាន​វិលត្រឡប់​ទៅផ្ទះ​ដើម្បី​ជួបជុំ​ប្រពន្ធ​កូន​ទេ គឺ​គាត់​បាន​ត្រឡប់​ទៅ​នៅ​ស្រុកកំណើត​នៅ​ភូមិ​ទួល​លាភ​ជាមួយ​ឪពុក​ដោយ​មិន​ហ៊ាន​ត្រឡប់​ចូល​ស្រុក ព្រោះ​ខ្លាច​ប្រជាជន​ស្អប់ និង​សម្លាប់ ព្រោះ​គិតថា​ខ្លួន​ជា​កងទ័ព​របស់​ខ្មែរក្រហម​។

​ក្រោយមក ប្រពន្ធ​កូន​របស់ រី​ម ក៏បាន​ទៅយក រី​ម ពី​ផ្ទះ​ឪពុក​មក​នៅក្នុង​ភូមិ​វិញ ហើយ​បានរស់នៅ​ជួបជុំ​ប្រពន្ធ​កូន ដោយបាន​ប្រក​បរបរ​ធ្វើស្រែ​រហូតដល់​សព្វថ្ងៃនេះ​៕ យ៉ង់ រីម

កំពុងរៀបរាប់ពីប្រវត្តិរបស់គាត់ឆ្លងកាត់របបខ្មែរក្រហម នៅផ្ទះរបស់គាត់ ស្ថិតនៅឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រូប៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទីតាំងផ្សាយពាណិជ្ជកម្ម