៦​នាក់​ស្លាប់ ២០០​នាក់​រងរបួស​ក្នុង​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ឥណ្ឌូនេស៊ី​(វីដេអូ)

1124
ចែករម្លែក

​មនុស្ស​យ៉ាង​តិច​៦​នាក់​បាន​ស្លាប់​និង​ប្រមាណ​២០០​នាក់​រងរបួស​ខណៈ​ពួក​អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ធ្លាក់ឆ្នោត បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​នៅក្នុង​រដ្ធា​នី​​ហ្សា​ការតា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២២​ឧសភា​។​

​បាតុករ​បាន​ដុត​រថយន្ត​ជាច្រើន​និង​ជម្រក​របស់​ប៉ូលិស ហើយ​ចោល​ដុំថ្ម​និង​វត្ថុ​ឆេះ​ដាក់​ប៉ូលិស ជាហេតុ​នាំ​អោយ​មាន​ការ​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​កាំភ្លើង​គ្រាប់ជ័រត​តប​វិញ​។​

​ចាប់​តាំងពី​យប់​ថ្ងៃ​អង្គារ ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​ព្យាយាម​សំរុកចូល​ការិយាល័យ​នៃ​ទីភ្នាក់ងារ​បោះឆ្នោត​នៅ​កណ្តាល​ក្រុង​និង​ការប៉ះទង្គិច​បាន​បន្តរ​ហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ​។​អ​ភិ​​បាល​ក្រុង​ហ្សា​ការតា លោក​អា​នី​ស បាស​វេដាន បាន​ប្រាប់​ទូរទស្សន៍​មួយ​ថា​«​គិត​ត្រឹម​ម៉ោង​៩​ព្រឹក មនុស្ស​ប្រមាណ​២០០​នាក់​រង​របួស​និង​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ចំនួន​៥​។​អ្នកស្លាប់​មាន​ចំនួន​៦​នាក់​»​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា ជន​បង្កហេតុ​ជា​ង​២០​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ថា​លោក​វី​ដូ​ដូ​ឈ្នះ​បាន​ឆ្នោត​៥៥,៥​ភាគរយ ខណៈ​គូប្រជែង​ដែល​ជំទាស់​លទ្ធផល​នេះ លោក​ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​ទទួលបាន​៤៤,៥​ភាគរយ​។​

​វី​ដូ​ដូ ឈ្នះ​បាន​ជាង​៨៥​លាន​សម្លេង ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​១៥៤​លាន តែ​លោក​ប្រា​បូ​វ៉ូ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា លោក​ជឿថា​មាន​ការលួចបន្លំ​ស្លឹក​ឆ្នោត​ជា​ទូទៅ​​និង​អ្នកគាំទ្រ​លោក​ប្រមាណ​១.០០០​នាក់​បាន​ជួបជុំ​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ក្រុង​ហ្សា​ការតា​។​

​រដ្ឋាភិបាល​បាន​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស​និង​ទាហាន​ប្រមាណ​៥០.០០០​នាក់​នៅ​ក្រុង​ហ្សា​ការតា ដោយ​រំពឹងថា​នឹង​មាន​ការប្រឆាំង​តវ៉ា​លទ្ធផល​ឆ្នោត​ពី​ក្រុម​ចាញ់ឆ្នោត​។​

​ប្រា​វ៉ូ​បូ ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍ ដែល​ក៏បាន​ចាញ់ឆ្នោត​លោក​វី​ដូ​ដូ​ក្នុង​ឆ្នាំ​២០១៤ បាន​សន្យាថា​លោក​នឹង​តស៊ូ​តាម​ផ្លូវច្បាប់ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជាជន​។​បើ​តាម​មន្ត្រី​ច្បាប់​របស់​លោក លោក​ប្រា​បូ​វ៉ូ មាន​ផែនការ​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ​៕​ដោយ​៖​វាសនា​

​បាតុករ​​ចោល​ដុំថ្ម​និង​វត្ថុ​ឆេះ​ដាក់​ប៉ូលិស ជាហេតុ​នាំ​អោយ​មាន​ការ​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​កាំភ្លើង​គ្រាប់ជ័រត​តប​វិញ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ