អាជ្ញាធរ​ស្រុក​កងមាស​គ្រោង​កែច្នៃ​តំបន់​ស្រះ​ទឹក​និង​ទំនប់​ជា​តំបន់​ទេសចរណ៍​

766
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរ​ស្រុក​កងមាស ខេត្តកំពង់ចាម​បាន​ស្តារ​ស្រះ​ទឹក​មួយកន្លែង ទំនប់​មួយកន្លែង និង​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង ២០​ម៉ឺន​ដុល្លារ​អាម៉េរិក គឺ​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅលេង​កម្សាន្ត និង​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ​ប្រមូលផ្តុំ​របស់​គ្រួសារ​ប្រជាពលរដ្ឋ មក​រស់នៅ​ជា​លក្ខណ​:​ពង្រាយ​គ្នា​វិញ ដើម្បី​មានលទ្ធភាព​បង្កបង្កើនផល​ដាំ​ដំណាំ​លើដី​កម្មសិទ្ធិ​របស់​ពួកគាត់​នោះ​។​

​លោក អ៊ី កុក​គង់ មេឃុំ​ព្រែក​ក្របៅ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៣ ឧសភា ២០១៩​ថា យើង​បាន​ចំណាយ​ទឹកប្រាក់​ជំនួយ​របស់​អង្គការ​ស្ពាន​ហូ​ឡង់ ប្រាក់​សប្បុរសជន និង​បដិភាគ​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧៣.៥០០ ដុល្លារ​អាមេរិក ដើម្បី​ស្តារ​ស្រះ​«​តា​លីវ​»​ដែលមាន​ទទឹង​ប្រវែង ៩០ ម៉ែត្រ និង​បណ្តោយ​ប្រវែង ១០០ ម៉ែត្រ ដែលមាន​សមត្ថភាព​អាច​ផ្ទុក​ទឹកបាន​ចំនួន ៥០.០០០ ម៉ែត្រត្រីគុណ អាច​បម្រើ​ឲ្យ​ការស្រោចស្រព​ផលដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ​។​

​លោក​មេឃុំ​បាន​លើកឡើងថា ដើម្បី​កែប្រែ និង​អភិវឌ្ឍន៍​តំបន់​ស្រះ​ទឹក​តា​លីវ និង​តំបន់​ទំនប់​បង្ហៀរ​ក្តា​ក់​ដែល​នៅ​ឃ្លាត​គ្នា​ប្រហែល ១.០០០ ម៉ែត្រ គឺ​បាននិងកំពុង​ស្ថាបនា​ជា​ផ្លូវ​កម្ទេច​ថ្មភ្នំ​ចំនួន​ពីរ​ខ្សែ​ចម្ងាយ​ជាង ២.០០០ ម៉ែត្រ ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ​អស់​ចំនួន ៩២​លាន​រៀល គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ដែល​ធ្លាប់​អញ្ជើញ​ទៅលេង​កម្សាន្ត​តំបន់​ទំនប់​ក្តា​ក់នា​រដូវ​ទឹកទន្លេ​មេគង្គ​ឡើងជា​រៀងរាល់ឆ្នាំ​នោះ​។​

​លោក​បាន​បន្តថា កត្តា​សំខាន់​មួយទៀត គឺ​យើង​មាន​គោលបំណង​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល​និយម​លើ​ការប្រមូល​ផ្តុំគ្នា​នាពេល​បច្ចុប្បន្ន ទៅជា​ការរស់នៅ​បែប​លក្ខណ​:​ជា​គ្រួសារ​រាយ​គ្នា​លើដី​កម្មសិទ្ធិ​វិញ​។ ប្រយោជន៍​ដើម្បី​ឲ្យ​គ្រួសា​នីមួយៗ របស់​ពួកគាត់​មានលទ្ធភាព​បង្កបង្កើនផល​ដាំ​ដំណាំ​កសិកម្ម ឬក៏​ធ្វើ​នេសាទ​ចាប់​ត្រី​តាមបែប​បុរាណ​ដូចជា​ស្ទួ​ច ឬ​បបក់​ជាដើម​វិញ​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ទាំងពីរ​ខាងលើ គឺ​ពិតជា​អាចមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​យ៉ាង​ប្រាកដ ដែល​ជាក់ស្តែង​កាលពី​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​បណ្តា​ឆ្នាំ​កន្លងទៅ មាន​មនុស្ស​ទៅលេង​កម្សាន្ត​យ៉ាង​កកកុញ​នៅ​ទីនោះ​។ ប៉ុន្តែ​កាលនោះ​ដោយ​ថវិកា​យើង​មានកំណត់​ពង្រីក​កន្លែង​លេង​កម្សាន្ត​រឹងមាំ​បានល្អ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា ដូច្នេះ​ឥឡូវ​នៅ​ស្រុក​កងមាស​មាន​តំបន់​សម្រាប់​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ចំនួន បី កន្លែង គឺ​រមណីយដ្ឋាន​ទំនប់​តា​កុដិ ក្នុងភូមិ​អូរ​កណ្តោល តំបន់​ទំនប់​បង្ហៀរ​ក្តា​ក់ ក្នុងភូមិ​ព្រែក​ក្របៅ និង​តំបន់​ស្រះ​តា​លីវ ក្នុងភូមិ​អ​ណ្តូ​វ​តា​អុង ឃុំ​ព្រែក​ក្របៅ​នេះ​។​

​គួរ​បញ្ជាក់ថា តំបន់​ទំនប់​ក្តា​ក់មាន​តម្លៃ​ប្រមាណ ១២​ម៉ឺន​ដុល្លារ​អាម៉េរិក កំពុង​ស្ថាបនា​បាន​ស្ទើរ​១០០​ភាគរយ ស្ថិតក្នុង​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​ដែល​អាជ្ញាធរ​គ្រោង​ប្រែក្លាយជា​តំបន់​ទេសចរណ៍​នេះ គឺអាច​បម្រើ​ដល់​វិស័យ​កសិកម្ម​ផ្តល់​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​ទាំង​រដូវប្រាំង និង​រដូវវស្សា​លើ​ផ្ទៃ​ប្រហែល ១.០០០ ហិកតា​របស់​ប្រជាពលរដ្ឋ​ចំនួន ៧​ភូមិ​របស់​ឃុំ​ព្រែក​ក្របៅ​នេះ​៕ ល​