អភិបាលខេត្តរំលឹកចៅហ្វាយក្រុងកំពតតម្រូវឲ្យពលរដ្ឋរុះរើសំណង់មិនស្របច្បាប់ ដើម្បីស្ថាបនាផ្លូវបេតុង

1338
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ អភិបាលខេត្តបានក្រើនរំលឹកដល់អភិបាលក្រុងកំពត ឱ្យឆាប់ចុះទៅជម្រាបជូនម្ចាស់ដែលមានសំណង់លើដីគម្រោងស្ថាបនាផ្លូវក្នុងសង្កាត់កំពង់បាយឆាប់រុះរើ ដើម្បីចាប់ផ្តើមសាងសង់ផ្លូវបេតុងបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថារាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានី ខេត្តទាំងអស់តែងយកចិត្តទុកដាក់លើបញ្ហាផ្លូវ បណ្តាញលូបង្ហូរទឹកនៅគ្រប់ទីកន្លែងមិនថាក្នុងក្រុង ស្រុក ឬតំបន់ជនបទឡើយព្រោះកាលណាហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ហើយមានលក្ខណៈល្អប្រសើរនោះនឹងផ្ដល់ភាពងាយស្រួលចំពោះប្រជាពលរដ្ឋទូទៅ។ យ៉ាងណាមិញ ចំពោះគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិកំពង់បាយ សង្កាត់កំពង់បាយដែលជាប់គាំងជាយូរមកហើយនោះ លោកអភិបាលក្រុងកំពតត្រូវចុះទៅដាស់តឿនម្ចាស់ឱ្យរុះរើសំណង់លើគម្រោងស្ថាបនាផ្លូវស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយដើម្បីចាប់ផ្តើមសាងសង់ផ្លូវបេតុងបានឆាប់រហ័យនាពេលដ៏ខ្លីខាងមុខ។

លោកអភិបាលខេត្តបានបន្តថា ប្រជាពលរដ្ឋពិតជាមិនយល់ទាស់ទេឱ្យតែអាជ្ញាធរយកច្បាប់ទៅពន្យល់ពួកគាត់ ហើយការអនុវត្តគម្រោងត្រូវបានបញ្ចេញសកម្មភាពពិតប្រាកដ។ លោកបានជួបផ្ទាល់ជាមួយម្ចាស់សំណង់បណ្តោះអាសន្ននៅលើដីរដ្ឋនោះហើយដោយពួកគាត់មិនជំទាស់អ្វីទេ ទោះបីកន្លងមកបានបដិសេធព្រោះតែការបញ្ជ្រាបនីតិវិធីច្បាប់នៅមានកម្រិតក្តី។ លោកជាវ តាយបានបញ្ចាក់ទៀតថានៅពេលចាប់ផ្តើមស្ថាបនាផ្លូវមួយខ្សែនេះ ទាំងរដ្ឋបាលក្រុងកំពត ក៏ដូចជាអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋមូលដ្ឋានត្រូវជួយសម្របសម្រួលឱ្យបានល្អ ដើម្បីដំណើរការសាងសង់ប្រព្រឹត្តទៅដោយគ្មានភាពរាំងស្ទះ ពិសេសចូលរួមតាមដានរាល់សកម្មភាពរបស់ក្រុមហ៊ុនម៉ៅការនាដំណាក់កាលកំពុងសាងសង់ថាតើការស្ថាបនានោះធ្វើតាមបទដ្ឋានបច្ចេកទេសដែរ ឬយ៉ាងណា?។

សូមបញ្ជាក់ថាផ្លូវបេតុងមួយខ្សែដែលត្រូវបើកការដ្ឋានស្ថាបនានាពេលឆាប់ៗនេះ មានប្រវែង៥៤០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រ ទៅ២០ម៉ែត្របែកចេញពីផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយមកកាន់តំបន់ត្រពាំងព្រលឹត រួចភ្ជាប់ជាមួយផ្លូវជាតិលេខ៣ក្បែរអធិការដ្ឋាននគរបាល ក្រុងកំពត ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម