យុទ្ធនាការឃោសបោះឆ្នោតក្រុមប្រឹក្សានៅកោះកុង ប្រព្រឹត្តទៅដោយរលូនល្អ

882
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ នៅថ្ងៃទី២៤ ខែឧសភា នេះជា ថ្ងៃដែលបិទបញ្ចប់យុទ្ធនាការឃោសនា​រកសម្លេងគាំទ្រ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង និងស្រុកហើយ។ បើតាមការវាយតម្លៃរបស់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រយៈពេល៧ថ្ងៃ រាល់ចាប់តាំងពីថ្ងៃដំបូងនៃយុទ្ធនាការ​ឃោ​សនា កាលពីថ្ងៃ ទី១៧ ខែឧសភា មកដល់​ថ្ងៃ​ទី២៤ ខែឧសភានេះ សម្រាប់ខេត្តកោះកុង​ពុំមាន​បាតុ​ភាពមិនល្អ​ណាមួយកើតមានឡើងទេ​ ពោលគឺប្រព្រឹត្តទៅដោយរលូន។

ជាង១សប្តាហ៍មកនេះ សកម្មភាពនៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សារបស់គណបក្ស​នយោ​​បាយ​ចំនួន៣ក្នុងមូលដ្ឋាន​ខេត្ត​កោះ​កុង គឺបានប្រព្រឹត្តទៅដោយរលូងន​គ្មានឧបសគ្គ​ណា​មួយ​កើត​មានគួរឱ្យកត់សម្គាល់អ្វីនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក សេង ណេង ប្រធានលេ​ខាធិការដ្ឋានរៀបចំការបោះឆ្នោតប្រចាំខេត្តកោះកុង។

លោក សេង ណេង បានកត់សម្គាល់នៅថ្ងៃទី២៤ ខែឧសភា នេះទៀតថា មូលហេតុដែលធ្វើឱ្យ​យុទ្ធ​នា​ការឃោសនាបោះ​ឆ្នោតក្រុម​ប្រឹក្សា​ស្រុក ក្រុង និងខេត្ត នៅក្នុខេត្តកោះកុង ប្រព្រឹត្តទៅដោយ​ភាព​រលូន​ល្អប្រសើរនេះ និងពុំមានពាក្យបណ្តឹងនោះ ក៏ព្រោះតែការបោះឆ្នោតមួយនេះ មាន​លក្ខណៈ​អសកល ​។

លើសពីនេះទៀត ចំពោះបណ្តាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត មិនបានចេញ​ហែ​រក្បួន​ធំដុំអ្វីដែរ ក្រៅតែពីការជួ​ប​ជុំ​សមាជិក សមាជិការបស់ខ្លួន និងចាក់មេក្រូពីគោល​នយោ​បាយ​នៅ​តាមទីស្នាក់នៅបក្ស​រៀងៗ​ខ្លួន​។ បើធៀបនឹង​រាជ​ធានី ខេត្ត ផ្សេងទៀត គឺមានការដង្ហែក្បួន​ឃោសនា​លក្ខណៈច្រើនគួរសម។

ទោះយ៉ាណា លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង នៅតែ​ជំរុញដល់​គណ​បក្ស​នយោបាយដែលចូលរួមបោះឆ្នោត ចាំបាច់ចួលរួមគោរពរ​នូវ​បទបញ្ជា និងច្បាប់ស្តីពី​ការបោះ​ឆ្នោត​តាមការកំណត់អោយបានខ្ជាប់ខ្ជួនផងដែរ។ ជៀសវាងប្រព្រឹត្ត​សកម្មភាពមិនល្អ​អំឡុង​បោះឆ្នោតខាងមុខ។

គួរជម្រាបថា បច្ចុប្បន្ន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង កំពុង​មមា​ញឹក​ខ្លាំង​ក្នុង​ការ​ត្រៀម​រៀបចំសន្លឹកឆ្នោត និងសម្គារៈបម្រើដល់ការបោះឆ្នោត ដើម្បីដឹកជញ្ចូនទៅ​តាម​ការ​មណ្ឌល​បោះ​ឆ្នោតចំនួន៨។

កន្លងទៅថ្មីៗនេះ បេក្ខភាពប្រធាន-សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុងខេមរភូមិន្ទ​ធ្លាប់​បាន​ប្តេជ្ញាចិត្តថា​ នៅ​ពេល​ដែលពួកគាត់បន្តជាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង យក​អស់​កម្លាំងកាយ កម្លាំងចិត្ត ដើម្បីពិនិត្យ គាំទ្រកែលម្អ​ និងជំរុញឱ្យការកែលម្អរាល់​កិច្ចអនុវត្ត​របស់​គណៈ​អភិបាលក្រុង និងខេត្ត ឲ្យបានស៊ីជម្រៅ ស្របពេលដែល​ប្រជា​ពលរដ្ឋ​មាន​តម្រូវ​ការចង់​បានកា​រអភិវឌ្ឍន៍ពិតប្រាកដនាពេលបច្ចុប្បន្ន។

នៅខេត្តកោះ​កុង មានគណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងចំនួន៣ ទី១-គណបក្ស​ប្រជា​ជនកម្ពុជា ទី២-គណ​បក្ស​សញ្ជាតិខ្មែរ និងទី៣-គណបក្សយុវជនកម្ពុជា។ ចំណែកឯអង្គបោះឆ្នោត មានចំនួន១៦៧នាក់ បេក្ខភាពឈរឈ្មោះខេត្ត ក្រុង និងស្រុក​ចំនួន១០៦នាក់ អាសនៈចំនួន ១៩ មណ្ឌលបោះឆ្នោតមាន៨ និងការិយាល័យបោះឆ្នោតចំនួន៧៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម