បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នឹង​ស្វែងរក​សំណង​ពី​ក្រុមហ៊ុន Boeing របស់​អាម៉េរិក​សម្រាប់​ការផ្អាក​យន្តហោះ 737 Max

776
ចែករម្លែក

​សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ផ្លូវការ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា​ថា ខ្លួន​នឹង​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​សមាជិក​ទាំង ១៣ ស្វែងរក​សំណង​ពី​ក្រុមហ៊ុន Boeing ដោយសារ​ការខាតបង់​ជិត​ដល់ ៥៨០ លាន​ដុល្លារ ព្រោះតែ​ការផ្អាក​យន្តហោះ 737 MAX 8​។​

​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខណៈពេល​វេលា​បាន​កន្លងទៅ ការខាតបង់​ដែល​ពាក់ព័ន្ធ​នឹង​កើនឡើង​ថែមទៀត​។ គេ​នៅតែ​មិនទាន់​ដឹង​នៅឡើយ​ថា​ពេលណា​ទើប​យន្តហោះ​ត្រឡប់មក​ប្រើប្រាស់​ឡើងវិញ​បាន​”​។​

​កាលពី​ថ្ងៃទី ១១ មីនា ចិន​បាន​ក្លាយជា​ប្រទេស​ទីមួយ​ដែល​ផ្អាក​យន្ដហោះ 737 MAX នៅ​ថ្ងៃ​បន្ទាប់ពី​ការធ្លាក់​យន្ដហោះ​អេ​ត្យូ​ពី 737 MAX ដែល​បានសម្លាប់​មនុស្ស ១៥៧ នាក់​។​

​ការធ្លាក់​នោះបាន​កើតឡើង​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​កាលពី​ឆ្នាំមុន​នៃ​យន្តហោះ Lion Air 737 MAX 8 នៅ​ឥណ្ឌូណេស៊ី ដែល​សម្លាប់​មនុស្ស​ទាំង ១៨៩ នាក់​នៅលើ​នោះ​។​

​សមាគម​បាន​និយាយថា​ គិត​ត្រឹម​ចុងខែ​មិថុនា អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​របស់​ចិន​នឹង​ទទួលរង​ការខាតបង់​សរុប​ចំនួន ៤ ពាន់​លាន​យ័ន (៥៨០ លាន​ដុល្លារ​)​។​

​គិត​ត្រឹម​ចុងខែ​មីនា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១៣ បាន​ផ្អាក​យន្តហោះ Boeing 737 MAX 8 ចំនួន ៩៦ គ្រឿងក្នុង​ក្រុម​យន្តហោះ​របស់ខ្លួន​។​

​ការខាតបង់​នេះ​បានកើត​ឡើង​ដោយសារ​ការផ្អាក​យន្តហោះ​ដែល​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​រួចជាស្រេច និង​ការពន្យារ​ពេល​ប្រគល់​យន្តហោះដែល​បាន​បញ្ជា​ទិញ​។​

​យន្តហោះ​ជាង ១៣០ គ្រឿង​បន្ថែមទៀត​គ្រោង​នឹង​ប្រគល់ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នៅ​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​១៣​នឹង​ទាមទារ​ឱ្យ Boeing សង​ការខូចខាត​សរុប​ប្រហែល ៥៨០ លាន​ដុល្លារ