ជម្លោះ​រវាងក្រុម​មេធាវី និង​អគ្គនាយករង​ពន្ធដារ ត្រូវបាន​បញ្ចប់ បន្ទាប់ពី​មានការ​សម្រុះសម្រួល​ពី​លោក​ហ៊ុន ម៉ានិត​

1458
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​)៖ ជម្លោះ​ក្រុម​មេធាវី​និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឈានដល់​ការសម្របសម្រួល​គ្នា​បញ្ចប់​បណ្ដឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ​ហើយ បន្ទាប់ពី​ភាគី​ម្ខាង​សុំទោស និង ភាគី​ម្ខាង​ទៀត​ទទួលយក ហើយ​ព្រម​ដក​បណ្តឹង ក្រោយ​លោក​ហ៊ុន ម៉ានិត កូនប្រុស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចេញ​មុខជា​អាជ្ញាកណ្ដាល​សម្របសម្រួល​។​


​លោក​មេធាវី លី ច័ន្ទ​តុលា (ឆ្វេង)លោក វ៉ាន់ ពុទ្ធិ​ពលនិងលោក​ហ៊ុន ម៉ានិត​

​លោក​មេធាវី លី ច័ន្ទ​តុលា តំណាង​មេធាវី​៦១​រូប បញ្ជាក់ថា លោក​បានដាក់​ពាក្យសុំ​ដក​ពាក្យបណ្ដឹង​ជា​ផ្លូវការ ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែសីហា ហើយ​សុំ​បញ្ចប់​សំណុំ​រឿងនេះ ស្របតាម​បញ្ញត្តិ​នៃ​មាត្រា​៣០៩​នៃ​ក្រមព្រហ្មទណ្ឌ ។ លោក​ថា «​លោក វ៉ាន់ ពុទ្ធិ​ពល ក៏បាន​ដាក់ពាក្យ​សុំទោស​ចូលទៅក្នុង​សំណុំរឿង​ផងដែរ​»​។​

​ការបញ្ចប់​ជម្លោះ​ដ៏​ក្ដៅគគុក​នេះ ក៏មាន​ការសម្របសម្រួល​ពី​លោក ហ៊ុន ម៉ានិត កូនប្រុស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ ។ លោក​មេធាវី លី ច័ន្ទ​តុលា អះអាងថា លោក ហ៊ុន ម៉ានិត រៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​មួយ ដោយមាន​ក្រុម​មេធាវី និង​លោក វ៉ាន់ ពុទ្ធិ​ពល​។ ក្នុង​ស្មារតី​សាមគ្គី​យោគយល់ អធ្យាស្រ័យ និង ផលប្រយោជន៍​ជាតិ និង វិជ្ជាជីវៈ ក្រុម​មេធាវី​និង​លោក វ៉ាន់ ពុទ្ធិ​ពល យល់ព្រម​បញ្ចប់​រឿងនេះ​តាមផ្លូវ​តុលាការ​។​

​សូមបញ្ជាក់ថា មុននេះ​ក៏មាន​ការសម្រុះសម្រួលរ​វាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ប្រធាន​គណៈមេធាវី ជុំវិញ​ជម្លោះ​នេះ ។​

​អ្វី​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មេធាវី​មួយចំនួន​ខឹងសម្បារ​ខ្លាំង​នោះ គឺ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា គេ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Puthipol Vann ដែល​គេ​ស្គាល់​ថា ជា​របស់ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​មេធាវី​អះអាងថា មានន័យ​ប្រមាថ​មកលើ​មេធាវី​ទូទាំងប្រទេស​ដែល​មិនអាច​ទទួលយកបាន ។​

​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​ន័យ​ប្រៀបធៀប​ថា ” ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល​គោ​ប​ញ្ជូ​ល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់មត់ ។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ អា​ពាល អា​ត្នោត និង អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល ។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត ” សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ ? សើច ! ” ៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ