ចៅប្រុស​របស់លោក​លី ក្វាន់​យូ រៀបការ​ជាមួយ​ដៃគូ​ប្រុស​ដូចគ្នា​នៅ​អាហ្វ្រិក​ខាងត្បូង​

812
ចែករម្លែក

​ចៅប្រុស​របស់​អតីត​សព​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​លី ក្វាន់​យូ គឺ​លោក លី ហួន​វូ (Li Huanwu) រៀបការ​ជាមួយ​ដៃគូ​ស្នេហ៍​ជា​បុរស​ដូចគ្នា​នៅក្នុង​ទីក្រុង​ខេ​ប​ថោ​ន ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​

​ដំណឹង​នេះ​ត្រូវបាន​លាតត្រដាង​ដោយ​ដៃគូ​របស់គាត់ គឺ​លោក​ហេង យី​រុយ (Heng Yirui) ដែល​បានធ្វើ​ការប្រកាស​នេះ​នៅលើ​គណនី Instagram ផ្ទាល់​របស់គាត់​កាលពី​ថ្ងៃ​សុក្រ​ទី ២៤ ឧសភា​ថា “​ថ្ងៃនេះ ខ្ញុំ​បាន​រៀបការ​ជាមួយ​ដៃគូ​ស្នេហ៍​របស់ខ្ញុំ​។ ទន្ទឹម​រង់ចាំ ពេលវេលា​បែបនេះ​ពេញ​មួយជីវិត​ជាមួយ​ហួន​វូ​”​។​

​គូស្នេហ៍​នេះ​ក៏បាន​ផ្ញើ​រូបថត​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ទៅកាន់​អង្គការ Pink Dot Singapore ផងដែរ ដែលជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​ប្រឆាំងនឹង​ការរើសអើង​ចំពោះ​មនុស្ស​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា បុរស​ស្រលាញ់​ភេទ​ដូចគ្នា និង​អ្នក​កែ​ភេទ (LGBT)​។​

​សំណុំ​រូបថត​របស់​អ្នក​ទាំងពីរ​ត្រូវបាន​អមដោយ​សេចក្តីថ្លែងការណ៍​មួយ ដែល​បង្ហោះ​នៅលើ​គណនី Instagram របស់​អង្គការ Pink Dot Singapore
​ដោយ​សរសេរថា “​ថ្ងៃនេះ​ប្រហែលជា​មិនអាច​នឹក​ស្រមៃ​ដល់​ទេ​សម្រាប់​ពួកយើង​ពេល​ធំធាត់​ឡើង​។ យើង​រីករាយ​ខ្លាំងណាស់​ក្នុងការ​ចែករំលែក​ឱកាស​នេះ​នៅក្នុង​ចំណោម​មិត្តភក្តិ​និង​គ្រួសារ​ដ៏​ស្រស់បំព្រង​”​។​

​លោក​លី​គឺជា​កូន​ទី​ពីរ​របស់​លី សៀន​យ៉ាង (Lee Hsien Yang) ដែលជា​ប្អូនប្រុស​របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង​។


​ប្រទេស​អាហ្វ្រិក​ខាងត្បូង​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​អនុញ្ញាត​ឱ្យមាន​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា រួមបញ្ចូល​ទាំង​កោះ​តៃវ៉ាន់ ដែលជា​ប្រជាជាតិ​ទីមួយ​នៅ​អាស៊ី​អនុញ្ញាត​ឱ្យមាន​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ស្របច្បាប់​៕ ដោយ៖ កញ្ញាដាលីស

លោក​លី ហួន​វូ (​ស្តាំ​) និង លោក​ហេង យី​រុយ រៀបការ​ជាមួយគ្នា​នៅ​អាហ្វ្រិក​ខាងត្បូង