ម៉ាឡេស៊ី​លេង​ធម៌​ក្តៅ​ឱ្យ​ប្រមូល​សំរាម​ទៅ​ប្រទេស​សាមី​វិញ​ទាំងអស់​រួមទាំង​ចក្រភព​អង់គ្លេស​

802
ចែករម្លែក

​ម៉ាឡេស៊ី​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​ត្រឡប់​ទៅវិញ​នូវ​កាកសំណល់​ប្លា​ស្ទិ​ក​មិនអាច​កែច្នៃ​បាន​ចំនួន ៣.០០០ តោន​ទៅ​ប្រទេស​មួយចំនួន ដូចជា​ចក្រភព​អង់គ្លេស អាមេរិក កាណាដា និង​អូស្ត្រាលី ដើម្បី​ជៀសវាង​ការ​ក្លាយជា​កន្លែង​ចាក់សំរាម​សម្រាប់​ប្រទេស​អ្នកមាន​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោកស្រី​យូ ប៊ី​យីន បាន​និយាយថា ទូ​កុងតឺន័រ​ចំនួន ៦០ ផ្ទុក​ដោយ​កាកសំណល់​កខ្វក់ ត្រូវបាន​លួច​នាំចូល​ទៅក្នុង​រោងចក្រ​កែច្នៃ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​លោកស្រី​បាន​និយាយថា ទូ​កុងតឺន័រ​ចំនួន​១០​នឹងត្រូវ​ដឹក​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ខណៈដែល​លោកស្រី​បង្ហាញ​អ្នកសារព័ត៌មាន​នូ​វប្រ​ភេទ​កាកសំណល់​នៅ​កំពង់ផែ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​កាកសំណល់​ដែល​ត្រូវបាន​បង្ហាញ​រួមមាន​ខ្សែកាប​ពី​ចក្រភព​អង់គ្លេស ប្រអប់​ក្រដាស​ទឹកដោះគោ​កខ្វក់​ពី​ប្រទេស​អូស្ត្រាលី និង​បន្ទះ​ឌី​ស​ពី​បង់​ក្លា​ដែ​ស​។ អ្វីដែល​បង្ហាញ​ផងដែរ​នោះ​គឺ​កាកសំណល់​អេ​ឡិច​ត្រូ​និ​និង​របស់​ប្រើប្រាស់​ផ្សេងៗ​មកពី​សហរដ្ឋអាមេរិក កាណាដា ជប៉ុន អា​រ៉ា​ប៊ី​សា​អូឌីត និង​ចិន​។​

​លោកស្រី​យ៉ូ​បាន​និយាយថា ម៉ាឡេស៊ី​និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​បាន​ក្លាយជា​គោលដៅ​ថ្មី​បន្ទាប់ពី​ប្រទេស​ចិន ក្នុងការ​ហាមឃាត់​ការ​នាំចូល​កាកសំណល់​ប្លា​ស្ទិ​ក​កាលពី​ឆ្នាំមុន​។​

​លោកស្រី​បាន​និយាយថា “​នេះ​ប្រហែល​គ្រាន់តែ​ផ្នែក​តូច​មួយ​នៃ​សំរាម​ប៉ុណ្ណោះ ដោយសារតែ​ការហាមឃាត់​នៃ​កាកសំណល់​ប្លា​ស្ទិ​កដោយ​ប្រទេស​ចិន​។ ប្រទេស​ម៉ាឡេស៊ី​នឹង​មិនមែនជា​កន្លែង​ចាក់សំរាម​របស់​ពិភពលោក​ឡើយ​… យើង​នឹង​ប្រយុទ្ធប្រឆាំង​វិញ​។ ទោះបីជា​យើង​ជា​ប្រទេស​តូចតាច ក៏ប៉ុន្តែ​យើង​មិន​អាចឱ្យ​ប្រទេស​អភិវឌ្ឍ​មក​សម្លុត​កំហែង​បានឡើយ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោកស្រី​យូ ប៊ី​យីន បញ្ជា​ឱ្យ​យក​សំរាម​បរទេស​ត្រឡប់​ទៅវិញ