កំណើន​នាំ​ចេញ​របស់​វៀតណាម​ទៅ​អាមេរិក​កើន​២៨ភាគរយ​នៅពេល​ចិន​ជាប់​ក្នុង​ជម្លោះ​ជាមួយ​អាមេរិក​

1054
ចែករម្លែក

​មាន​កំណើន​យ៉ាង​គំហុក​នៃ​ការនាំចេញ​ទំនិញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ កំណើន​នាំចេញ​​របស់​វៀតណាម​ទៅ​អាមេរិក​កើន​២៨​ភាគរយ ខណៈ​ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​ធ្លាក់​១៣,៩​ភាគរយ​, នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​វៀតណាម​ដែល​ត្រូវបាន​​សារព័ត៌មាន​Bloomberg​យក​មក​ចុះ​ផ្សាយ​។​

Bloomberg​បា​និយាយថា វៀតណាម​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​ទី​១២​របស់​អាមេរិក​កាលពី​ឆ្នាំមុន តែបើ​ល្បឿន​នាំ​ចេញ​នេះ​នៅតែ​បន្ត​ពេញ​មួយឆ្នាំ វៀតណាម​អាច​លោត​ហួស​​អ៊ីតាលី បារាំង​និង​អង់គ្លេស​ព្រមទាំង​ឥណ្ឌា ក្នុងនាម​ជា​អ្នក​នាំ​ចេញ​ឈានមុខ​ទៅ​កាន់​សហរដ្ឋអាមេរិក​។​

​អាមេរិក​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​វៀតណាម​ក្នុង​រយៈ​៤​ខែ​ដើមឆ្នាំ​នេះ​។​

Bloomberg បាន​និយាយទៀតថា វៀតណាម​បាន​ក្លាយជា​អ្នក​នាំ​ចេញ​លេចធ្លោ​មួយ​នៅក្នុង​តំបន់​កន្លែង​ដែល​ក្បាលម៉ាស៊ីន​នាំ​ចេញ​របស់​ពិភពលោក​នេះ​កំពុង​រង​ផលប៉ះពាល់​​ពី​ជម្លោះ​ពាណិជ្ជកម្ម​និង​វដ្ត​អេ​ឡិ​ចត្រ​និក​យឺត​។​ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី​និង​តៃវ៉ាន់​សុទ្ធ​តែ​ជួប​ការនាំ​ចេញ​ធ្លាក់ចុះ​កាលពី​ខែ​មេសា​កន្លង​ទៅ​ខណៈ​វៀតណាម​បែរ​ជា​កើនឡើង​៧,៥​ភាគរយ​ធៀប​នឹង​ការនាំ​ចេញ​នៅ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ពួក​អ្នកជំនាញការ​បាន​ហៅ​វៀតណាម​ជា​«​អ្នកឈ្នះ​»​ពី​សង្គ្រាម​ពាណិជ្ជកម្ម នៅ​ពេល​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ទទួលបាន​ការវិនិយោគ​កើនឡើង ខណៈ​ឧស្សាហករ​ធំៗ​​វេច​បង្វេច​ចេញពី​ចិន​ដើម្បី​គេច​ពី​ការយកពន្ធ​ខ្ពស់​។​

​ក្រុមហ៊ុន​ស្បែកជើង​អាមេរិក Brooks Running បាន​ប្រកាស​នៅ​ខែ​នេះ​ថា​ខ្លួន​នឹង​រើ​ផលិតកម្ម​របស់​ខ្លួន​ពី​ចិន​ទៅ​វៀតណាម​នៅ​ឆ្នាំនេះ​។​ក្រុមហ៊ុន​ដំឡើង​ទូរស័ព្ទ​iPhone​គឺ​Foxconn ក៏​ទើប​ទទួលបាន​សិទ្ធិ​និង​ដី​សាងសង់​រោងចក្រ​នៅ​វៀតណាម​ខាងជើង ។​

​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​និយាយថា ថ្លៃ​ផលិតកម្ម​ទាប​នៅ​វៀតណាម​ក៏​ជា​ការទាក់ទាញ​ក្រុមហ៊ុន​បរទេស​អោយ​ចាកចេញ​ពី​ចិន​។​កម្មករ​រោងចក្រ​ម្នាក់​នៅ​វៀតណាម​​ទទួល​កំរៃ​ឈ្នួល​ត្រឹម​ពាក់កណ្តាល​នៃ​ថ្លៃឈ្នួល​កម្មករ​នៅ​ចិន​។​ភាព​ប្រហាក់ប្រហែល​ខាង​ភូមិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ក៏​កាន់តែ​ធ្វើអោយ​ការជួញដូរ​ងាយស្រួល​និង​ថោក​ជាង​។​

​តែ​បើ​យោង​តាម​អ្នកវិភាគ ចិន​ក៏​មាន​វិធានការ​តប​វិញ​ដែរ ដូចជា​ទម្លាក់​ថ្លៃ​ប្រាក់​យ័ន​របស់ខ្លួន​ដើម្បី​សម្រួល​សេចក្តីត្រូវការ​។​

​អ្នកសេដ្ឋកិច្ច​វៀតណាម​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន​ថា ការដំឡើង​ពន្ធ​របស់​អាមេរិក​អាច​បង្ខំ​អោយ​ចិន​ទម្លាក់​ថ្លៃ​ប្រាក់​យ័ន​ដើម្បីអោយ​ទំនិញ​នាំ​ចេញ​របស់​ចិន​ថោក និង​ធ្វើ​​អោយ​ទំនិញ​នាំ​ចេញ​របស់​វៀតណាម​ជួប​ការលំបាក​។​

​សូមបញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​បាន​កើនឡើង​នៅ​ខែ​នេះ នៅពេល​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​១០​ឧសភា​បានប្រកាស​ដំឡើង​ពន្ធ​ពី​អត្រា​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ​។​នៅ​មួយថ្ងៃ​បន្ទាប់ លោក​បាន​បញ្ជា​អោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​សេសសល់​របស់​ចិន​ចំនួន​៣០០​ពាន់​​លាន​ដុល្លារ​ទៀត​។​

​ជា​ការឆ្លើយតប ចិន​គ្រោង​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ប្រមាណ​៦០​ពាន់​លាន ចាប់ពី​ថ្ងៃ​០១​មិថុនា​ក្រោយនេះ​ទៅ​៕​ដោយ​៖​វាសនា​

​​អ្នកបើក​រថយន្ត​ដឹក​កុងតឺន័រ​វៀតណាម​រត់សំដៅ​រថយន្ត​នៅ​កំពង់ផែ​នាំចេញ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ