អាមេរិក​រង​ការវាយប្រហារ​ដោយ​ព្យុះ​អស់​១១​ថ្ងៃ​ជាប់​គ្នា ជា​មធ្យម​មួយថ្ងៃ​៨​ព្យុះ​

1058
ចែករម្លែក

​ក្រោយ​ស្ងប់ស្ងាត់​បាន​ប៉ុន្មាន​ឆ្នាំ ឥឡូវ​ព្យុះ​បែប​ជា​ខ្យល់​គួច​ធំៗ​( tornadoes )​បាននិងកំពុង​វាយប្រហារ​អាមេរិក​ជាថ្មី​អស់​ពេល​យ៉ាងតិច​២​សប្តាហ៍​មក​នេះ នៅ​ពេល​អាកាសធាតុ​​ក្តៅ​លាយសំ​ណើម​មកពី​ភាគ​អាគ្នេយ៍ រួមផ្សំ​អាកាសធាតុ​ត្រជាក់​ជាប់​មក​ពី​តំបន់​រ៉ក់​ឃី​ប៉ះ​គ្នា​ហើយ​រលាយ​នៅ​លើ​តំបន់​មី​ត​វេស សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​ឧសភា អាមេរិក​រង​ព្យុះ​ដល់​ថ្ងៃទី​១១​ជាប់​គ្នា ជា​មធ្យម​៨​ព្យុះ​ក្នុង​មួយថ្ងៃ នេះ​បើ​តាម​លោក​ផា​ទ្រិក ម៉ាស អ្នក​ឧតុនិយម​ម្នាក់​នៅ​មជ្ឈមណ្ឌល​ព្យាករណ៍​ព្យុះ​។​

​ការ​កើត​មាន​ព្យុះ​យ៉ាងតិច​៨​ក្នុង​មួយថ្ងៃ​អស់​ពេល​១១​ថ្ងៃ​ជាប់​គ្នា​បែប​នេះ​បាន​បញ្ចប់​តាំងពី​ថ្ងៃ​៧​មិថុនា ឆ្នាំ​១៩៨០​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា សេវា​អាកាសធាតុ​ជាតិ​បាន​ទទួល​របាយការណ៍​អំពី​ការ​កើត​មាន​ព្យុះ​tornadoes​យ៉ាងតិច​២៧​ទៀត ជាហេតុ​នាំ​អោយ​ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ដែល​អាមេរិក​​ជួប​ព្យុះ​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​។​

​អាមេរិក​បាន​ស្គាល់​ការឈប់​កើតមាន​ព្យុះ​ច្រើនៗ​ចាប់តាំងពី​ឆ្នាំ​២០១២ ហើយ​អ្នក​ឧតុនិយម​បាន​និង​កំពុង​សិក្សា​ថា​មក​ពី​ហេតុអ្វី តែ​បើ​តាម​អ្នកវិទ្យាសាស្ត្រ ចំពោះ​ហេតុការណ៍​​កើត​ព្យុះ​ច្រើន​ពេលនេះ​វា​អាច​មក​ពី​សម្ពាធ​ខ្ពស់​នៅ​លើ​តំបន់​អាគ្នេយ៍​និង​ភាព​ត្រជាក់​មិនធម្មតា​លើ​តំបន់​រ៉ក់​ឃី ដែល​បង្ខំ​អោយ​ខ្យល់​ក្តៅ​សើម​ធ្វើដំណើរ​ទៅ​អាមេរិក​កណ្តាល បង្ក​ជា​ព្យុះ​ភ្លៀង​ខ្យល់កួច​ធំៗ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើង​ថា ការប្រែប្រួល​អាកាសធាតុ​ក៏​ទទួលខុសត្រូវ​មួយ​ផ្នែក​ចំពោះ​កំណើន​អាកាសធាតុ​អាក្រក់​ខ្លាំងៗ ដូចជា​ព្យុះ ភាពរាំងស្ងួត​ទឹកជំនន់​និង​​ភ្លើង​ព្រៃ​។​

​សេវា​អាកាសធាតុ​ជាតិ​បាន​ទទួល​របាយការណ៍​អំពី​ព្យុះ​ចំនួន​៩៣៤​នៅ​ឆ្នាំ​នេះ ដោយ​កើន​លើ​ចំនួន​ព្យុះ​ជា​មធ្យម​៦៤៣​ក្នុង​មួយឆ្នាំ​។​ព្យុះ​ជាង​៥០០​ត្រូវបាន​រាយការណ៍​នៅ​រយៈពេល​៣០​ថ្ងៃ​មកនេះ តែ​ចំនួន​ពិតប្រាកដ​អាច​តិចជាង ដោយសារ​តែ​សាក្សី​រាយការណ៍​ជាន់គ្នា​។​

​សូមបញ្ជាក់​ថា តាំងពី​មុន​មក​នៅ​ឆ្នាំ​នេះ មនុស្ស​៣៨​នាក់​បាន​ស្លាប់​ដោយ​ព្យុះ​នៅ​អាមេរិក ក្នុងនោះ​រួម​មាន​ការ​ស្លាប់​មនុស្ស​២៣​នាក់​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា​ដោយ​ខ្យល់​គួច​កាលពី​​ខែ​មីនា​៕​ដោយ​៖​វាសនា​

ព្យុះ​tornado បំផ្លាញ​សហគមន៍​នៅ​ក្រុង​ជេ​ហ្វ​ហ្វឺ​សុន ក្នុង​រដ្ឋ​មីសួ​រី​