ក្រសួងមហាផ្ទៃ​នឹង​ផ្ដល់​រង្វាន់​១​ម៉ឺន​ដុល្លារ​ដល់​អ្នក​ចាប់​គ្រឿងញៀន​បាន​មួយ​គីឡូក្រាម​

987
ចែករម្លែក

(​ភ្នំពេញ​)៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ផ្ដល់​រង្វាន់​ប្រាក់​១​ម៉ឺន​ដុល្លារ ដល់​មន្ដ្រី​ណា​ដែល​ចាប់បាន​គ្រឿងញៀន​១​គីឡូក្រាម ដើម្បី​លើកទឹកចិត្ត ពួកគាត់​ក្នុង​ការខិតខំ​ប្រឹងប្រែង​បង្ក្រាប​។​

​មានប្រសាសន៍ ក្នុង​ពិធី​ប្រកាស​តែងតាំង លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ជំនួស​លោក ប៉ា សុជាតិ​វង្ស នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “…​ត្រូវតែ​ដោះស្រាយ​ការសន្យា​…​សន្យា​ឲ្យ​មួយ​ម៉ឺន ក្នុង​មួយ​គីឡូ ឲ្យ​តែ​ចាប់បាន​… យើង​ថា​សារធាតុ​សុទ្ធ​គឺ​ឲ្យ​មួយ​ម៉ឺន ប៉ុន្ដែ​សារធាតុ​សំយោគ ឲ្យ​៥០​ភាគរយ​…”​។
​ ​
សម្ដេច​បន្ថែមថា ក្រសួង​នឹង​ពិភាក្សាគ្នា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែមិថុនា ដើម្បី​ធ្វើ​សេចក្ដីសម្រេច ពីព្រោះ​ក្រសួង​សន្យា​ហើយ​ត្រូវតែ​ធ្វើ ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ជំហាន​ទី​២ ក្នុង​យុទ្ធនា​ការបង្ក្រាប គ្រឿងញៀន​លើក​ទី​២ ដែល​ក្រសួង​គ្រោង​ធ្វើ រហូតដល់​បញ្ចប់ នៅ​ចុងឆ្នាំ​២០១៧ ខាងមុខ​។​
​ ​
សម្ដេច​អះអាងថា ក្រសួង​នឹងធ្វើ​យុទ្ធនាការ បង្ក្រាប​គ្រឿងញៀន ជំហាន​ទី​៣ អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្តែង នៃ​បញ្ហា​គ្រឿងញៀន​។ សម្ដេច​ថា នៅក្នុង​តំបន់​ត្រពាំង​ឈូក ពលរដ្ឋ​នៅ​ទីនោះ សប្បាយចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបង្ក្រាប គ្រឿងញៀន​នៅ​កន្លែង​នោះ​។​
​ សម្ដេច ស ខេង ក៏បាន​លើកយក បញ្ហា​គ្រឿងញៀន ជា​បញ្ហា​បច្ចុប្បន្នភាព ដែល​ត្រូវ​រួមគ្នា​បន្ដធ្វើ និង​មិន​រួញ​រាល ដកថយ​នោះទេ ធ្វើយ៉ាងណា​ឲ្យ​គ្រឿងញៀន កាត់បន្ថយ​ពី​កម្ពុជា​។ សម្ដេច​ថា ក្នុង​យុទ្ធនាការ​រយៈពេល​៦​ខែ នៃ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គ្រោង​បូកសរុប​ធ្វើឡើង​នៅ​ថ្ងៃ​៣ កក្កដា ខាងមុខ ។​
​ ​
សម្ដេច​បន្ដថា កម្ពុ​ជាមាន​មោទនភាព ដោយសារតែ​បង្ក្រាប​គ្រឿងញៀន​បាន​ជាង​៥០​គីឡូ ដូច្នេះ អ្នកព័ត៌មាន ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ត្រូវ​រួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រហូតដល់ ចាប់បាន​មេ​ក្ខា​ង​មួយចំនួន ដើម្បី​ចាប់បាន​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម​៕ ដោយ ៖វិបុល

 

ទីតាំងផ្សាយពាណិជ្ជកម្ម