ទីប្រឹក្សា​ត្រាំ​ ព្រមាន​អ៊ីរ៉ង់​អំពី “​ការឆ្លើយតប​ខ្លាំងក្លា​បំផុត​” ប្រសិនបើ​អ៊ីរ៉ង់​ហ៊ាន​វាយ​អាម៉េរិក​

828
ចែករម្លែក

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ​បាន​ព្រមាន​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ ​ទី​៣០​ឧសភា​ថា ការវាយប្រហារ​ណាមួយ​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​នឹង​ទទួលបាន “​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​បំផុត​” ពី​សហរដ្ឋអាម៉េរិក ដែល​នេះ​ជាការ​ប្រកាន់យក​នូវ​វិធីសាស្ត្រ​តឹងរ៉ឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ បន្ទាប់ពី​ចៅហ្វាយ​របស់គាត់​ទើបតែ​ពីរ​ថ្ងៃ​មុននេះ​បាន​និយាយថា សហរដ្ឋអាម៉េរិក “​មិន​សម្លឹង​រក​ការធ្វើឱ្យ​ប៉ះពាល់​ដល់​អ៊ីរ៉ង់​ឡើយ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ច​ន បូ​ន​តុ​ន គឺជា​ការអត្ថាធិប្បាយ​ចុងក្រោយ​បំផុត​ចំពេល​កំពុងមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​ហេ​រ៉ង់ ដែល​កំពុង​លេង​គ្នា​នៅ​មជ្ឈិមបូព៌ា​។​

​​លោក​បូល​តុ​ន​បាន​និយាយ​ទៅកាន់​អ្នកកាសែត​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី រដ្ឋធានី​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​គេ​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ជី​ម ម៉ា​តទី​ស ព្រមាន​នៅ​ទីនោះ​ថា “​ឯកតោភាគី​និយម​នឹងមិន​ដំណើរការ​ទេ​” ក្នុងពេល​ប្រឈមមុខ​នឹង​សាធារណរដ្ឋ​អ៊ីស្លាម​។​

​យុទ្ធសាស្ត្រ​ខុសគ្នា​ពីរ​នេះ បង្ហាញ​ពី​ការបែកបាក់​គ្នា​អំពី​អ៊ីរ៉ង់​នៅក្នុង​នយោបាយ​អាម៉េរិក​។ សហរដ្ឋអាម៉េរិក​បាន​ចោទប្រកាន់​តេ​ហេ​រ៉ង់​ពីបទ​ឧក្រិដ្ឋ​ជាច្រើន​នៅក្នុង​ខែ​នេះ​ រួមទាំង​ការចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​នាវា​ដឹក​ប្រេង​ពី​ឆ្នេរ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​នៅ​ជិត​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​បា​ដា​ដ​និង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់ គឺ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី របស់​យេ​ម៉ែន​។​

​កាលពី​ថ្ងៃ​ពុធ លោក​បូល​តុ​ន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពីមុន​ក៏មាន​ការប៉ុនប៉ង​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​វាយប្រហារ​ទីក្រុង​កំពង់ផែ​ប្រេង យ៉ាន​ប៊ូ (Yanbu) របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ ដែល​លោក​ក៏​ស្តីបន្ទោស​លើ​អ៊ីរ៉ង់​។ លោក​បាន​ពណ៌នា​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​ដើម្បី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អា​តូ​មិ​ក​ឆ្នាំ ២០១៥ របស់ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក​ថា​ជា​ភស្តុតាង​បង្ហាញថា​អ៊ីរ៉ង់​បាន​ស្វែងរក​អាវុធ​នុយក្លេអ៊ែរ បើទោះបីជា​វា​បាន​កើតឡើង​មួយឆ្នាំ បន្ទាប់ពី​អាម៉េរិក​បាន​ដកខ្លួន​ចេញ​ដោយ​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។​

​លោក​បូល​តុ​ន​បាន​សង្កត់ធ្ងន់ថា ​សហរ​ដ្ឋ​អាម៉េរិក​មិនបាន​ឃើញ​ការវាយប្រហារ​ណាមួយរ​បស់​អ៊ីរ៉ង់​ទៀត​ទេ​ចាប់តាំងពី​ពេលនោះ​មក ដោយ​លោក​សន្ម​ត​ថា​នោះ​មកពី​ការដាក់​ពង្រាយ​យោធា​អាម៉េរិក​នាពេល​ថ្មីៗ​នេះ ពោលគឺ​អាម៉េរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា សហរដ្ឋអាម៉េរិក​នឹងធ្វើ​ការវាយប្រហារ ប្រសិនបើ​ខ្លួន​រង​ការវាយប្រហារ​ម្តងទៀត​នោះ​៕ ដោយ៖ កញ្ញាដាលីស/Ha

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បូល​តុ​ន