អ្នកពាក់ព័ន្ធ កំពុង​ស្វែងរក​ពង្រឹងគុណភាព​ពុ​ទ្ធិ​ក​សិក្សា​នៅ​គ្រប់​ភូមិ​សិក្សា​

778
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ព្រះ​ភិក្ខុ សុខ សុភាព ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ នៃ អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ បាន​មាន​ព្រះ​ថេរ​ដីកា​អំពី​ស្ថានភាព​ពុទ្ធិកសិក្សា​នាពេល​បច្ចុប្បន្ន​ថា ចំពោះ​ពុទ្ធិកបឋមសិក្សា មិនមាន​បញ្ហា​ទេ ! ប៉ុន្តែ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ និង ពុទ្ធិកវិទ្យាល័យ​ខ្លះ ស្ទើរតែ​គ្មាន​សមណ​សិស្ស​សិក្សា ដោយសារ បច្ចេកវិជ្ជា​ជឿនលឿន ការងារ​ម្បូ​រ​បែប អ្នកបួស​ជាស​ង្ឃ​ងាយ​នឹង​លាចាក​សិក្ខា ទៅជា​ឃរាវាស , សមណ​សិស្ស​ខ្លះ ចាកចេញ ទៅ​ប្រឡង​សិក្សា​នៅ​សាលា​ចំណេះដឹង​ទូទៅ​របស់​គ្រហស្ថ , ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប្រសើរ​ជាង​មុន គ្រួសារ​ភាគច្រើន​មិនសូវ​ឱ្យ​កូន​បួស​ជាស​ង្ឃ បើទោះជា​បួស ក៏​មិនសូវ​បាន​សិក្សា​ចប់​ចុង​ចប់​ដើម ព្រោះ​ការ​ទ្រទ្រង់​ជា​បព្វជិត​ភាវៈ គឺជា​ភារៈ​ដ៏​លំបាក ។ ទាំង ៣ នេះ គឺជា​កត្តា​ដ៏​សំខាន់បំផុត នាំឱ្យ​ចំនួន​សមណ​សិស្ស និង សមណ​និស្សិត នៅ​ពុទ្ធិក​មធ្យមសិក្សា ថយចុះ ហើយក៏​ប៉ះពាល់​ដល់​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​ដែរ ។


​ក្នុងន័យនេះ អ្វី​ដែលជា​ផ្នែក​មួយ នៃ ក្តីបារម្ភ​របស់​ថ្នាក់ដឹកនាំ​ពុទ្ធិកសិក្សា​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា គឺ​ខ្លាច​ទៅ​ថ្ងៃ​ខាងមុខ​ទៅ ខ្វះ​អ្នកចេះដឹង​ជ្រៅជ្រះ​ផ្នែក​ព្រះពុទ្ធសាសនា ព្រោះ​បច្ចុប្បន្ននេះ និស្សិត​ខ្លះ​ដែល​កំពុង​សិក្សា​នៅ​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា គឺជា​គ្រហស្ថ​ដែលមាន​ប្រភព​ចេញពី​សាលា​ចំណេះដឹង​ទូទៅ​គ្រហស្ថ មិនអាច​សិក្សា​ជំនាញ​ព្រះពុទ្ធសាសនា​បាន​ទូលំទូលាយ​ឡើយ ខណៈ​សមណ​និស្សិត​ខ្លះ​ដែលមាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ព្រះពុទ្ធសាសនា ក៏​មិន​ចាប់យក​ជំនាញ​ផ្នែក​ព្រះពុទ្ធសាសនា​ដែរ គឺ​ចាប់យក​ជំនាញ​តែ​ផ្លូវអាណាចក្រ ។​


​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន កាលពី​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ នេះ អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ក៏បាន​ដាក់ចេញ​នូវ​ទិសដៅ​សំខាន់ៗ​មួយចំនួន ក្នុងនោះ​ការពង្រឹង​គុណភាព និង គុណ​វុ​ឌ្ឍ​គ្រូ​ប ប្រព័ន្ធគ្រប់គ្រង និង ធ្វើ​បច្ចុប្បន្នភាព កម្មវិធីសិក្សា​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា ក៏​ជា​គោលដៅ​ដ៏​សំខាន់ និង ចាំបាច់​បំផុត ដើម្បី ពង្រឹងគុណភាព​អប់រំ​វិស័យ​ពុទ្ធិកសិក្សា ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ហើយ ព្រះមហា​សមណ សុខ សុភាព បាន​មាន​ព្រះ​ថេរ​ដីកា​ថា ចំពោះ​ការពង្រឹង​គុណភាព​នេះ កញ្ចប់​ថវិកា​ដែលជា​ថវិការដ្ឋ បានរៀបចំ​រួចរាល់​អស់ហើយ ។


​សម្រាប់ ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ ទាំង​ពុទ្ធិកបឋមសិក្សា ពុទ្ធិក​មធ្យមសិក្សា និង ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា នៅ​ទូទាំងប្រទេស មាន​សមណ​សិស្ស សមណ​និស្សិត និង សិស្ស និស្សិត សរុប ៣៣.០៩៤ អង្គ និង នាក់ ៕ Kh

ព្រះ​ភិក្ខុ សុខ សុ​ភព ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន ( រូបៈ មេសា )
​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៩ នៃ អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ( រូបៈ មេសា )