​លោក ស សុខា សំណេះសំណាល​ជាមួយ គ្រូបង្វឹក អត្ត​ព​លិ​ក នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​

1497
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ជម្រើសជាតិ សមាគម និង​ក្លិប​កីឡា របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នៅ​សាលប្រជុំ នៃ​អគារ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​ថ្មី កាលពី​ល្ងាច ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ។​

​ក្នុងជំនួប​រវាង​លោក ស សុខា និង​កីឡាករ​ជំរើសជាតិ ព្រមទាំង​សមាគម​កីឡា​ប៉េតង់​ទូទាំងប្រទេស នាពេលនេះ បានបង្ហាញ​នូវ​ឆន្ទៈ​ដ៏​ល្អ របស់​ប្រធាន ដែល​បាន​ឲ្យ​អនុសាសន៍​យ៉ាង​ល្អ ដើម្បី​ជួយ​កីឡា​ប៉េតង់​កម្ពុជា បាន​ដើរ​មួយ​ជំហាន ទៅមុខទៀត ក្នុងការ​ដណ្តើម​មេដាយ លើ​ឆាក​អន្តរជាតិ​នានា​។​

​លោក ស សុខា បាន​មានប្រសាសន៍ថា កីឡាករ​-​កីឡាការិនី​ប៉េតង់​ទាំងអស់ ត្រូវមាន​វិន័យ ត្រូវធ្វើ​ការហ្វឹកហ្វឺន ក្រៅពី​ម៉ោង​ហ្វឹកហ្វឺន ដោយ​ស្រឡាញ់​កីឡា​នេះ មិនត្រូវ​ទុក​កីឡា ដូចជា​អាជីព ចាំ​បើក​ប្រាក់ខែ​។ សូម​គ្រូបង្វឹក ត្រូវតែ​ហ៊ាន​ដូរ​កីឡាករ​ណា ដែល​មើលទៅ ដូចជា​ខ្វះ​ទេព​កុសល ឬ​ហាត់​មិន​ឡើង ហើយ​គ្រប់​អត្ត​ព​លិ​ក កុំ​នាំគ្នា​ហាត់​តែ​វាយ ត្រូវតែ​ហាត់​ចូល ព្រោះ​សព្វថ្ងៃនេះ យើង​មានការ​ខ្សោយ និង​លំបាក​ខាង​ចូល បើ​ប្រៀបធៀប​នឹង​ប្រទេស នៅ​តំបន់​អាស៊ី​។​

​លោក​បាន​បន្តថា កីឡាករ​-​កីឡាការិនី​ជើងចាស់ ដែលមាន​បទពិសោធន៍ ត្រូវតែ​ចេះ​ស្រឡាញ់ ហើយ​ជួយ​គ្នា​ដូច​បងប្អូន ខិតខំ​ឲ្យ​បាន​រឹងមាំ ខាង​ចិត្តសាស្ត្រ មិន​ខ្លាច មិន​ភ័យ​ឡើយ​។ កត្តា ៣ ដែល​នាំ​ឲ្យ​កីឡាករ​-​កីឡាការិនី​ប៉េតង់ និង​ប្រភេទ​ផ្សេងៗ​ទៀត ទទួល​បរាជ័យ លើ​ទីលាន​ប្រកួត គឺ​កត្តា​គ្រួសារ ខ្លួនឯង និង​សម្ភារ​ហ្វឹកហាត់​៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម