ឆែក​ផ្ទះ​២​ល្វែង​រកឃើញ​នំ​ក្លែងបន្លំ​ម៉ាក និង​ឃាត់ខ្លួន​ម្ចាស់​

833
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​ក្នុង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​៣០ ខែឧសភា បាន​ចុះ​ឆែកឆេរ ឃ្លាំង​ស្តុក​ទំនិញ​ក្នុងផ្ទះ​ចំនួន​២​ល្វែង ក្នុង​បុរី​សៀង ណាំ រកឃើញ​នំ​ប្រភេទ​កូនក្មេង​ក្លែងបន្លំ​ម៉ាក​ជាច្រើន និង​ឈានដល់​ឃាត់ខ្លួន​ម្ចាស់​។​

​សមត្ថ​កច្ច​ក្នុង​ហេតុការណ៍ បាន​ឲ្យ​ដឹងថា ការចុះអនុវត្ត​នេះ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​១ ដែល​ផលិត​ផ្តាច់មុខ​នៅ​ភ្នំពេញ និង​ក្រោម​ការសម្របសម្រួល​និតិ​វិធី របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។ ទីតាំង​ស្ថិតនៅ​បរិវេន​ក្នុង​ផ្សារ​បុរី​សៀង​ណាំ​១ ក្នុងភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ដើម ដែល​ផលិត​នំ កូនក្មេង ផ្តាច់មុខ​នៅ​ភ្នំពេញ គឺ​បាន​ចុះបញ្ជី​ការត្រឹមត្រូវ ទើប​កម្លាំងចម្រុះ ចុះទៅ​ឆែកឆេរ រហូត​រកឃើញ​ទំនិញ​លួច​ក្លែងបន្លំ​ម៉ាក​បែបនេះ​។ ក្រោយពេល​នាំខ្លួន​ម្ចាស់​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត សមត្ថកិច្ច​ក៍​សម្រេច​បិទ​ឃ្លាំង​ទាំង​២​ល្វែង មាន​លេខ ១១៥ និង ១១២ ជា​បណ្តោះអាសន្ន​ផងដែរ​។ ម្ចាស់​ទីតាំង​ទាំង​២​ល្វែង​នោះ​មាន​៖(​ប្តី​)​ឈ្មោះ ជុក ឆៃ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ និង ប្រពន្ធ ឈ្មោះ អ៊ឹង ជូ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​ក្នុងករណីនេះ សមត្ថកិច្ច​ជំនាញ បាន​ចោទប្រកាន់​ពីបទ​ល្មើស កម្ម​សិទ្ធ​បញ្ញា​។​

​ជុំវិញ​ករណី​ខាងលើនេះ ក៍​មានការ​លើ​ល​ឡើង​ថា ការនាំ​ទំនិញ​ខុសច្បាប់​មក​ស្តុក​បែបនេះ មិនមែន​ថា​សមត្ថកិច្ច​គយ​មិនដឹង​ង​នោះទេ គ្រាន់តែ​មិន​បង្ក្រាប​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម