​អត្តពលកម្ម ប្រកាស​ដាក់ ២០ វិញ្ញាសា ឲ្យ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១

1420
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បានប្រកាស​ឲ្យ​ដឹងថា ក្នុងការ​ប្រកួត​កីឡា​សិស្ស ថ្នាក់ជាតិ​លើក​ទី​១ (The 1st National School Games) សហព័ន្ធ នឹងដាក់​ចំនួន ២០ វិញ្ញាសា ឲ្យ​ប្រកួត ។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ បាន​ឲ្យ​ដឹងថា តាមពិត ប្រភេទ​កីឡាអត្តពលកម្ម មាន​រហូតដល់​ទៅ ជាង ៤០ វិញ្ញាសា​ឯណោះ តែ​វិញ្ញាសា​ដទៃទៀត កម្ពុជា​មិនមាន​មនុស្ស ដើម្បី​លេង វិញ្ញាសា​ខ្លះ កម្ពុជា​មិនមាន​ឧបករណ៍ ដើម្បី​ហ្វឹកហាត់ ។​

ទិដ្ឋភាព​ប្រកួត កន្លងមក​

​លោក​បូរី បាន​ឲ្យ​ដឹងថា វិញ្ញាសា​ទាំង ២០ នោះ មាន​រត់​១០០​ម៉ែត្រ លើ​ផ្ទៃរាប បុរស​-​នារី រត់​២០០​ម៉ែត្រ​បុរស​-​នារី រត់​៤០០​ម៉ែត្រ បុរស​-​នារី រត់​១.៥០០​ម៉ែត្រ បុរស​-​នារី រត់​៣​គីឡូម៉ែត្រ​បុរស​-​នារី ដើរ​៣​គីឡូម៉ែត្រ​នារី ដើរ​ចម្ងាយ ៥ គីឡូម៉ែត្រ បុរស លោត​កំពស់​បុរស​-​នារី លោត​ចម្ងាយ​បុរស​-​នារី ចោលដុំដែក​បុរស​-​នារី និង​ចោល​ស្ន​បុរស​-​នារី ។​

​កីឡាករ​-​កីឡាការិនី ដែល​អាច​ចូលរួម​ប្រកួត​បាន ត្រូវតែ​កំពុង​សិក្សា នៅ​សាលា​មធ្យមសិក្សា ព្រមទាំង​មាន​ឯកសារ​ច្បាស់លាស់ ពី​សាមី​សាលា ដែល​ខ្លួន​កំពុង​សិក្សា មិនតែប៉ុណ្ណោះ ពួកគេ​ត្រូវតែមាន​អាយុ ក្រោម​១៨​ឆ្នាំ ជាដាច់ខាត ។ ការប្រកួត​នេះ សហព័ន្ធ ក៏ដូចជា​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត បានកំណត់​ឲ្យ​មួយអង្គ​ភាព អាចដាក់​កីឡាករ ៩ រូប និង​កីឡាការិនី ៩ រូប មក​ចូលរួមបាន ។​

​កីឡាករ ឬ កីឡាការិនី​មួយរូប អាច​លេង​បានតែ ២ វិញ្ញាសា​ប៉ុណ្ណោះ តែ​ប្រសិនបើ ក្នុងករណី​មាន​បន្ថែម​វិញ្ញាសា រត់​បណ្ដាក់ ១០០ ម៉ែត្រ ៤ ដងនោះ ពួកគេ​អាច​ចូលរួម​លេង​បាន ៕v

ទិដ្ឋភាព​ប្រកួត កន្លងមក​

ទីតាំងផ្សាយពាណិជ្ជកម្ម