អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា​និង​ឡាវ​ចែករំលែក​បទពិសោធន៍​ការងារ​ក្នុង​វិស័យ​ការទូត​សភា​

1058
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ឆ្លៀតពេល​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ប្រទេស​ទាំងពីរ​ក៏បាន​ជួបប្រជុំគ្នា​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​មួយចំនួន​ជាមួយគ្នា ពិសេស​ការងារ​ទាក់ទង វិស័យ​ការទូត​សភា​។​

​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោក​ឡេង​ប៉េងឡុង​អគ្គលេខាធិការ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកស្រី SuanesavanhVignaket​អគ្គលេខាធិការ​រដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​ប្រជាមានិត​ឡាវ ។​

កិច្ច​ប្រជុំបាន​ពិភាក្សា​ជាពិសេស​ទៅលើ​ការរៀបចំ កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​តំបន់​អាស៊ី​-​អឺរ៉ុប​(ASEP)​ដែល​រដ្ឋសភា​ប្រទេស​ឡាវ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០១២ ហើយ​សភា​កម្ពុជា​គ្រោង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០​។

​លោក​ឡេង​ប៉េងឡុង​បានស្នើ​សុំ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ឡាវ​ចែករំលែក​បទពិសោធន៍​ពី​បញ្ហា​នេះ​។​នៅក្នុង​នោះ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ផ្លាស់ប្តូរ​អាហារូបករណ៍​ទៅវិញទៅមក​ម្ខាង​ពីរ​នាក់​ដើម្បី​សិក្សា​ភាសា​ខ្មែរ​និង​ភាសា​ឡាវ​ដើម្បី​បម្រើ​ការងារ​ជា​អ្នកបកប្រែ​នៅក្នុង​រដ្ឋសភា​ប្រទេស​ទាំងពីរ​។​

​សូមជម្រាបថា កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​តំបន់​អាស៊ី​-​អឺរ៉ុប​(ASEP) មានឈ្មោះជាភាសាអង់គ្លេស“AsiaEuropeParliamentaryPartnershipMeeting”​។​ASEP​គឺជា​ផ្នែក​មួយ​របស់​ASEM​ដែល​រដ្ឋាភិបាល​ប្រទេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​។​

កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​(ASEP)​ជា​វេទិកាសភា​មួយ​សម្រាប់​ទំនាក់ទំនង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នឹង​គ្នា​ជាពិសេស​ពង្រឹង​វិស័យ​ការទូត​សភា​ក្នុងចំណោម​សភា​ទាំងឡាយ​ក្នុង​តំបន់​និង​ពិភពលោក​ដើម្បី​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​ប្រជាជន និង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​។

​សភា​កម្ពុជា​គ្រោង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ASEP​លើក​ទី​១១​នៅ​ឆ្នាំ​២០២០​ខាងមុខ​។​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​របស់​អគ្គលេខាធិកា​រ​រដ្ឋសភា​ឡាវ​បាន​ពន្យល់​យ៉ាង​លម្អិត​ដល់​ភាគី​កម្ពុជា​អំពី​បទពិសោធន៍​របស់​ខ្លួន ដែល បានរៀបចំ ASEP រួចហើយនោះ​៕S/

​ចំណងជើង​រូ​បថ​តៈ​អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា​និង​ឡាវ​ចែករំលែក​បទពិសោធន៍​ការងារ​គ្នា​ក្នុង​វិស័យ​ការទូត​សភា​