បាត់បង់ស្មារតីទើបបាញ់ ! ខ្មាន់កាំភ្លើងបាញ់ក្នុងហាងរ៉ាអូខេ B-Gold ចូលសារភាពនៅប៉េអឹមខេត្តកណ្តាល

1209
ចែករម្លែក

ដោយ:មុន្នីរ័ត្ន​/ភ្នំពេញ ៖ នៅទីបំផុតខ្មាន់កាំភ្លើងជាមន្ត្រីយោធាចូលបាញ់ក្នុងហាងរ៉ាអូខេ B-Gold ដោយគ្មានញញើតច្បាប់ បានចូលខ្លួនសារភាពនៅប៉េអឹមខេត្តកណ្ដាលហើយ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នេះ។

ការចូលខ្លួនសារភាពនេះបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងបន្ទាប់ពីមានការសម្របសម្រួលរវាងមន្ត្រីអ្នកមានអំណាចជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចទើបខ្មាន់កាំភ្លើងរូបនេះបានចូលខ្លួនសារភាពនៅប៉េអឹមខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ករណីបាញ់ក្នុងហាងរ៉ាអូខេ B-Gold កើតឡើងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០.៣០នាទី នៅចំណុចហាងការ៉ាអូខេ B-Gold ភូមិព្រែក រាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់ពីមានករណីនេះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្ដាល រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីយោធារូបនោះ បាញ់ចំនួនបួនគ្រាប់ តែផ្ទុយុះតែបីគ្រាប់ទេ។ ករណីបាញ់នេះ គឺមិនបានបណ្ដាលឲ្យមានអ្នករបួសនិងអ្នកស្លាប់នោះទេ។

ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(គេចខ្លួន)។

ប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា ខ្មាន់កំភ្លើងឈ្មោះសានសុច គឺជាអង្គរក្សផ្ទាល់របស់មន្ត្រីអ្នកមានអំណាចម្នាក់នៅក្នុងខេត្តកណ្ដាល (សុំមិនបញ្ចេញឈ្មោះ)។ ប៉ុន្តែទោះបីជាអង្គរក្សអ្នកភូមិណាក៏ដោយសមត្ថកិច្ចត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ខាងលើបានឆ្លើយសារភាពថា បន្ទាប់ពីជួបជុំមិត្តភក្រ័ផឹកសុីច្រៀងកំសាន្តលេងនៅការ៉ាអូខេប៊ីហ្គោល គឺរូបគេស្រវឹងយ៉ាងខ្លាំងរហូតដល់បាត់បង់ស្មារតីនិងមិនចងចាំអស់រឿងហេតុដែលបណ្តាលឲ្យមានការផ្ទុះអាវុធនោះទេគ្រាន់តែចាំថាមានទំនាស់ពាក្យសំដីជាមួយបុគ្គលិក។

តាមការស្រាវជ្រាវនិងចុះពិនិត្យកន្លែងកើតហេតុបឋម ការបាញ់បោះនេះពុំបណ្តាលឲ្យរងរបួសដល់អ្នកដទៃឡើយ គ្រាន់តែគ្រាប់កាំភ្លើងត្រូវសម្ភារខ្លះប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្សយ័កំពុងស្តិតនៅក្រោមការឃាត់ខ្លួននិងសួរនាំរបស់សមត្ថកិច្ច កងរាជអាវុធហត្ថនិងនគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

វត្ថុតាងចាប់យក ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន១ សោរម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១ កូនសោររថយន្ត១ តេឡេរថយន្ត១)។ គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់(លេខA-USA 9MM-LUGER) ។

សភាពនៃរឿងហេតុនៅវេលានិងទីកន្លែងកើតហេតុដូចខាងលើជនសង្ស័យខាងលើបានជិះម៉ូតូc125ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888, ជាមួយមិត្តភក្ត្រ ប្រុស២នាក់ទៀត មិនស្គាល់ឈ្មោះ។

បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យដើរ ចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យកដើរចូលទៅបាញ់ក្នុងហាងចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់ រួចហើយជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិចរួចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម