ចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជាដើម្បីក្លាយជាសង្គមមួយដែលរីកចម្រើនប្រកបដោយបរិយាប័ន្ននិងចីរភាព

1086
ចែករម្លែក

ដោយ:សួស យ៉ារ៉ា តំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ប្រទេសកម្ពុជាក្រោយសង្គ្រាម បានបង្ហាញនូវសក្ខីកម្មជោគជ័យដ៏អស្ចារ្យស្តីពីការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ចាប់តាំងពីទទួលបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨  ប្រទេសកម្ពុជា​សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ដែលមានអត្រាកំណើនជាមធ្យម៨ភាគរយ ក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ពី ៥៣ភាគរយ ក្នុងឆ្នាំ ២០០៤ មកត្រឹមតែ ១០ភាគរយ នៅក្នុងឆ្នាំ ២០១៩ ។ ស្របពេលជាមួយគ្នានេះ វិស័យអប់រំនិងវិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏ឆាប់រហ័ស និងសមិទ្ធិផលដទៃទៀតទាំងអស់ដែលកម្ពុជាសម្រេចបាន​កន្លងមក ជាលទ្ធផលនៃសន្តិភាព និងស្ថិរភាពដែលបានមកដោយលំបាក តាមរយៈយុទ្ធសាស្រ្តដែលមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីផ្សះផ្សារជាតិ និងកសាងសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់នៅក្នុងសម័យប្រជុំលើកទី៧៥នៃសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកកកាលពីដើមសប្តាហ៍នេះថាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដែលមានលក្ខណៈបរិយាប័ន្ន និងស្មើភាពគ្នាគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ។

ជាក់ស្តែង សក្ខីភាពមួយដែលបង្ហាញអំពីគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអនុវត្តតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងការបែកបាក់ផ្នែកមនោគមវិជ្ជា។ តាមរយៈការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គោលនយោបាយឈ្នះ-ឈ្នះ មិនត្រឹមតែបានផ្តល់នូវសុវត្ថិភាពនិងសន្តិសុខដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវវឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ច។ ការផ្តល់ និងការការពារកម្មសិទ្ធិឯកជន រួមទាំងដីសម្បទានសង្គមកិច្ចត្រូវបានអនុវត្តនៅទូទាំងប្រទេស។

ការអភិវឌ្ឍជាតិគឺជាការងារដែលត្រូវធ្វើជាបន្តហើយរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ។ ជាឧទាហរណ៍ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមផែនការអភិវឌ្ឍមួយប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។ ប្រជាពលរដ្ឋម្នាក់ៗនឹងត្រូវទទួលបាននូវការការពារសង្គមដូចៗគ្នានៅក្នុងកម្មវិធីបណ្តាញសុវត្ថិភាពសង្គម។

រាជរដ្ឋាភិបាលកម្ពុជាបានណែនាំ និងអនុវត្តគោលនយោបាយធំៗ ចំនួនបី ដើម្បីសម្រេចបាននូវចក្ខុវិស័យ​សកលស្តីពី “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”។ (ទី១)ក្របខ័ណ្ឌគោលនយោបាយការពារជាតិឆ្នាំ ២០១៦​-២០២៥ មានគោលដៅលើកកម្ពស់សុវត្ថិភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្របខ័ណ្ឌនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងពង្រឹងសាមគ្គីភាព​សង្គម។ (ទី២) មូលនិធិសមធម៌សុខាភិបាលរបស់រាជរដ្ឋាភិបាលកំពុងដំណើរការដើម្បីផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ជនក្រីក្រ និងប្រាក់ឧបតម្ភដល់ស្ត្រីមានផ្ទៃពោះព្រមទាំងកុមារអាយុក្រោម ២ឆ្នាំដែលគ្រួសារមានជីវភាពក្រីក្រនៅទូទាំងប្រទេស។(ទី៣)គោលនយោបាយជាតិសម្រាប់មនុស្សវ័យចំណាស់ឆ្នាំ២០១៧-២០៣០ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់មនុស្សវ័យចំណាស់ និងដោះស្រាយបញ្ហាប្រឈមនានា។

ការសម្រចបាននូវកំណើនប្រកបដោយបរិយាប័ន្ននិងសមធម៌ និងការអភិវឌ្ឍន៍ដែលរឹងមាំសម្រាប់សង្គមក្រោយសង្គ្រាមគឺជាបញ្ហាប្រឈមជាសាកល។កម្ពុជាក៏ជាប្រទេសស្ថិតនៅក្នុងការប្រឈមនេះដែរ។ជាឧទាហរណ៍ ផលចំណេញពីកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមិនទាន់បានបែងចែកដោយយុត្តិធម៌ និងសមធម៌នៅឡើយ។ ម្យ៉ាងវិញទៀត វិសមភាពសេដ្ឋកិច្ចសង្គមដែលនៅតែជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍​ ត្រូវបានបង្កភាពស្មុគស្មាញដោយវិសមភាពផ្នែកកលានុវត្តភាពសេដ្ឋកិច្ច​​ជាទូទៅ។ ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទនៅតែមានការអភិវឌ្ឍតិចតួចបើប្រៀបធៀបទៅនឹងតំបន់ទីក្រុង។ កត្តាទាំងនេះគួបផ្សំនឹងទីផ្សារការងារក្នុងស្រុកទន់ខ្សោយ បានជំរុញឱ្យមានការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។

នៅក្នុងស្មារតីនៃការនាំប្រទេសឆ្ពោះទៅរកទិសដៅរីកចំរើន និងអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាត្រូវការ​យុទ្ធសាស្រ្តអភិវឌ្ឍដ៏ទូលំទូលាយនិងស៊ីជម្រៅមួយ និងអភិក្រមអភិវឌ្ឍន៍ដែលមានការសម្របសម្រួលគ្នាបានល្អ។ យុទ្ធសាស្ត្រអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចរយៈពេលវែង ទាមទារការប្រកាន់ខ្ជាប់នូវ​សេដ្ឋកិច្ចនិងសង្គមដែលមាន​បរិយាប័ន្ន ធន់ទ្រាំនឹងវិបត្តិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

មុំទីមួយនៃការអភិវឌ្ឍន៍គឺការអភិវឌ្ឍនៅតាមទីជនបទ ព្រោះជា​គន្លឹះសំខាន់ដើម្បីសម្រេចបាននូវការអភិវឌ្ឍបរិយាប័ន្ន និងប្រកបដោយចីរភាព។ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទនឹងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ទីក្រុងនិងជនបទ ព្រមទាំងលើកកម្ពស់ភាពធន់ទ្រាំសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបានប្រកាសជាផ្លូវការនៅខេត្តសៀមរាបនៅដើមឆ្នាំ ២០១៩ បានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ភូមិនវានុវត្តន៍មួយ ដែលមានឈ្មោះថាគម្រោងតេជោភូមិគំរូ១០០ (Techo 100 Model Villages Project) មានចរិតលក្ខណៈបែប​កម្ពុជា។  អក្សរកាត់ TECHO តំណាងឱ្យបច្ចេកវិទ្យានិងទស្សនាទាន (Technology and Thought), អប់រំនិងអេកូឡូហ្ស៊ី (Education and Ecology), វប្បធម៌និងសហគមន៍ (Culture and Community), មនុស្សជាតិនិងប្រវត្តិសាស្ត្រ (Humanity and History) និងសរីរាង្គនិងប្រភពដើម (Organic and Original)។

គម្រោង​តេជោភូមិគំរូ១០០ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តតភ្ជាប់ចំណុច។ ភូមិគំរូនឹងត្រូវបានផ្សារភ្ជាប់និងប្រមូលផ្តុំគ្នា ដោយផ្អែកលើគុណសម្បត្តិប្រៀបធៀបដែលមានស្រាប់និងសក្តានុពលអភិវឌ្ឍន៍។ ភូមិទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងតំបន់ទីក្រុងតាមរយៈគម្រោងតភ្ជាប់តំបន់ជនបទ និងទីក្រុង ដូចជាតាមរយៈការដឹកជញ្ជូននិងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែចង្វាក់ផលិតកម្មនិងការផ្លាស់ប្តូរនៃទំនិញនិងសេវាកម្ម។ ការតភ្ជាប់បណ្តាញរវាងជនបទនិងទីក្រុងនឹងជួយសម្រួលដល់ការរីកចម្រើននៃគំនិតនិងចំណេះដឹង ការផ្លាស់ទីរបស់ប្រជាជន និងការបង្កើនផលិតភាពនិងនវានុវត្តន៍។ ការភ្ជាប់នេះនឹងរួមចំណែកដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។

ដោយសារចំណេះដឹងនិងដំណោះស្រាយនៅកន្លែងជាក់ស្តែង មានសារៈសំខាន់ក្នុងការកសាងភាពរីកចម្រើនមួយដែលធន់ទ្រាំនឹងវិបត្តិ​​និងប្រកបដោយបរិយាប័ន្ន គម្រោងតេជោភូមិគំរូ១០០នឹងដើរតួនាទីដោះស្រាយវិបត្តិទាំងនោះ។ គម្រោងនេះក៏នឹងបង្កើតកម្លាំងរុញច្រានថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមជនបទក្នុងប្រទេសកម្ពុជា​តាមរយៈការអភិវឌ្ឍនវានុវត្តន៍អភិបាលកិច្ចជនបទ ការកសាងសមត្ថភាពដឹកនាំ និងការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ។ បច្ចុប្បន្ន វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កំពុងអនុវត្តគម្រោងស្រាវជ្រាវសាកល្បងមួយចំនួននៅក្នុងខេត្តព្រះវិហារនិងខេត្តតាកែវ។ គម្រោងទាំងនេះរំពឹងថានឹងត្រូវបានពង្រីកដល់គ្រប់ខេត្ត-ក្រុង ទាំង២៥ របស់កម្ពុជា។បទពិសោធនិងមេរៀនដែលទទួលបានពីគម្រោងនេះនឹងត្រូវបានចែករំលែកជាមួយ​ភូមិដទៃទៀតនៅទូទាំងប្រទេសហើយគម្រោងស្រដៀងគ្នានេះអាចត្រូវបានចម្លងនិងអនុវត្តនៅក្នុងបណ្តាប្រទេ​សអាស៊ីដទៃទៀត។

មុំអភិវឌ្ឍន៍មួយទៀតគឺជាការអភិវឌ្ឍទីក្រុងឆ្លាតវៃដែលជាសមាសធាតុដ៏សំខាន់នៃចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ចក្ខុវិស័យនេះធ្វើតាមការបំផុសគំនិតនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ក្នុងគោលបំណងដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនដោយប្រើប្រាស់​បច្ចេកវិទ្យា។ ខេត្តបាត់ដំបង ភ្នំពេញ និងសៀមរាបស្ថិតនៅក្នុងចំណោមបណ្តាទីក្រុងដែលមានក្នុងបណ្តាញ​អាទិភាព។ ទីក្រុងនានាត្រូវការកម្មវិធី និងផែនការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការអភិវឌ្ឍទីក្រុងដែលឆ្លាតវៃ បរិយាប័ន្ន និងបរិស្ថានល្អ។ ក្នុងគោលដៅឆ្ពោះទៅមុខ ប្រទេសកម្ពុជាត្រូវការផែនការមេដ៏ស៊ីជម្រៅមួយស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតវៃដោយគិតគូរលើការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបកម្មនិងប្រសិទ្ធភាពសេដ្ឋកិច្ច សម្បត្តិវប្បធម៌ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

មុំអភិវឌ្ឍន៍ទីបីគឺការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីចាប់យកឱកាសដែលទទួលបានពីបដិវត្តន៍ឧស្សាហកម្មទីបួនដែលត្រូវបានគេស្គាល់ថាឧស្សាហកម្ម ៤.០ នឹងត្រូវការដំណើរការជាចាំបាច់។ កម្ពុជាត្រូវការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលដើម្បីធានាថាគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីបដិវត្តន៍បច្ចេកវិទ្យាដើម្បីកាត់បន្ថយផលប៉ះពាល់នៃបច្ចេកវិជ្ជា និងដើម្បីទប់ស្កាត់ហានិភ័យនៃសុវត្ថិភាពអ៊ីនធឺណិត។

ជារួមដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយបរិយាប័នរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ កម្ពុជាត្រូវការយុទ្ធសាស្រ្តតភ្ជាប់ចំណុច រួមជាមួយកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តវិនិយោគលើការអភិវឌ្ឍន៍ជនបទ ការអភិវឌ្ឍទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់រវាងជនបទនិងទីក្រុង៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ