កម្ពុជា​-​ចិន ឯកភាពគ្នា​ជំរុញ​បង្កើត​កា​រ៉ា​វ៉ាន់​តួ​រ៍​ពី​ខេត្ត​គួ​ន​មីង​-​ឡាវ​-​កម្ពុជា​ ឱ្យបាន​ឆាប់រហ័ស

944
ចែករម្លែក

ដោយ:មូល​ស​ម្ប្ប​តិ​-​ភ្នំពេញ​ ៖ ក្នុង​កិច្ច​ភា​ក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ចាង ហ្ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ភាគី​ទាំងពីរ​បានលើកឡើង​ពី​សំណើ និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ជាមួយគ្នា​នោះ​ក៏មាន​ការលើកឡើង​ពី​ការជំរុញ Caravan Tour ឬ​ហៅថា​ក្បូន​រថយន្ត​ទេសចរណ៍ ពី​ខេត្ត​គួ​ន​មីង​កាត់​តាម​ប្រទេស​ឡាវ​មកដល់​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស​ផងដែរ​។​

​ជំនួប​ពិភាក្សា​នេះ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា ផងដែរ ដែល​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ក្នុងជំនួប​នោះ រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​តាម​ក្បូន​រថយន្ត ឬ​ហៅ​ជា​ភាសាបរទេស​ថា Caravan Tour ជម្រាប​ដល់​ប្រតិភូ​ចិន​ដឹកនាំ​ដោយ​លោក ចាង ហ្ស៊ុ ផងដែរ ហើយ​ថែមទាំង​បានស្នើ​ដល់​ភាគី​ចិន​ធ្វើយ៉ាងណា​ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​អនុវត្ត​ន៍ទៅបាន​ជោគជ័យ ដើម្បី​ទាញយក​ផលចំណេញ​ពី​វិស័យ​ទេសចរណ៍​។​

​លោក ថោង ខុន បានស្នើ​ដល់​ភាគី​ចិន​ឱ្យជួយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ភាសា​ចិន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា ដើម្បី​រួមចំណែក​ពង្រីក​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា និង​ដើម្បី​ត្រៀមខ្លួន​ទទួល​កំណើន​ទេសចរ​ចិន នាពេល​ខាង​មុន​ជា​បន្តបន្ទាប់​ទៀត​។​

​តាមរយៈ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យមាន​ការបង្កើន​ការបញ្ជូន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែមទៀត កម្ពុជា​ស្វាគមន៍​អ្នកវិនិយោគ​បរទេស ពិសេស​មិត្ត​ចិន​។​

​ឆ្លើយតប​នឹង​សំណើរ​នេះ​លោក​ចាង ហ្សុ បាន​បង្កា​ញ​ពី​ការឯកភាព​ជាមួយ​កម្ពុ​ជា​ថា នឹង​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​លេចចេញ​ជា​រូបរាង​ឡើង​ឱ្យបាន​ឆាប់​។​

​ត្រង់ចំណុច​នេះ រដ្ឋបាលខេត្ត​គួ​ន​មីង​របស់​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​អនុវត្ត​ន៍កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​មិត្ត​កម្ពុជា និង​ឡាវ ប៉ុន្តែ​សេចក្ដីលម្អិត​យ៉ាងណា​នោះ សូមឱ្យ​ភាគី​ទាំងបី​ពិភាក្សាគ្នា​ឱ្យបាន​ហ្មត់ចត់​បន្ថែមទៀត​។​

​លោក ចាង ហ្សុ ក៏បាន​ស្នើ​៣​ចំណុច​ដល់​ភាគី​កម្ពុជា ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផងដែរ ក្នុងនោះ​រួមមាន​៖

១៖ សូមឱ្យ​ភាគី​កម្ពុជា​បន្ត​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ចិន ពិសេស​សូម​សម្រួល​ដល់​ការធ្វើដំណើរ និង​មធ្យោបាយ​នានា​ដល់​ទេសចរ និង​អ្នកវិនិយោគ​ចិន និង​សូម​សម្រួល​ដល់​ការសុំ​ទិដ្ឋាការ​ជាដើម​។​

២៖ សូមឱ្យ​ភាគី​កម្ពុជា​បង្កើន​ការផ្សព្វផ្សាយ​ពី​វប្បធម៌​របស់ខ្លួន ដល់​ប្រជាជន​ចិន​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បង្កើន​ការពង្រីក​ទាំង​វិស័យ​ទេសចរណ៍ វប្បធម៌ ពិសេស​គឺ​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​។​

៣៖ សូមឱ្យ​កម្ពុជា​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន សម្រាប់​ភ្ញៀវទេសចរ​ចិន​ឱ្យបាន​កាន់តែច្រើន ហើយ​ភាគី​ចិន​នៅតែ​គាំទ្រ​ចំពោះ​កិច្ចការ​នេះ​ជាមួយ​កម្ពុជា ក្នុង​ភាពជា​មិត្ត​ម៉ឺន​ឆ្នាំ​ជាមួយ​កម្ពុជា​។​

​លោក ចាង ហ្សុ បាន​សន្យាថា ​នឹង​ជំ​រុញឱ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ចិន​មក​ទស្សនា និង​បណ្ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​បន្ថែម​ទៀត ដើម្បី​ចូលរួម​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម