តារា​សម្តែង​ហុងកុង ខេ​ត លី​ស៊ីវ​កី ស្លាប់​ដោយសារ​ជំងឺមហារីក​ថ្លើ​ម​នៅ​អាយុ ៦៩ ឆ្នាំ​

825
ចែករម្លែក

​អ្នក​ប្រហែល​មិន​ស្គាល់ឈ្មោះ​ពិត​របស់គាត់​ទេ ប៉ុន្តែ​អ្នក​ច្បាស់​ជា​ស្គាល់​គាត់​នៅក្នុង​ភាពយន្ត​បែប​សង្គមងងឹត​របស់​ហុងកុង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៩០​។

​តារា​សម្តែង​ជើងចាស់​ឈ្មោះ ខេ​ត លី​ស៊ីវ​កី អាយុ​៦៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​ថ្លើម​កាលពី​ថ្ងៃអាទិត្យ​ទី២​មិថុនា ក្នុង​មន្ទីរពេទ្យ​ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត នៃ​ទីក្រុង​ហុងកុង​។

​គាត់​បាន​ញាំញី​ដោយ​បញ្ហា​សុខភាព ចាប់តាំងពី​គាត់​រង​នូវ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ឆ្នាំ ២០១៥​។ បន្ទាប់ពី​គាត់​ធ្លាក់ខ្លួន​ឈឺ គាត់​បាន​ចូលនិវត្តន៍​ពី​វិស័យ​សិល្បៈ​។ គាត់​បាន​ចំណាយលុយ​សន្សំ​លើ​ការព្យាបាល និង ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ខ្លះ​ពី​មិត្តភក្តិ​។

​នៅពេល​គាត់​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​ថ្លើម​ក្នុង​ឆ្នាំ ២០១៨ គាត់​បាន​ពិចារណា​បោះបង់ចោល​ការព្យាបាល​។ ប៉ុន្តែ​គាត់​បាន​ប្តូរ​ចិត្ត​វិញ និង​បានទទួល​ការវះកាត់​យក​ដុំ​សាច់​ចេញ បន្ទាប់ពី​មានការ​បញ្ចុះបញ្ចូល​យ៉ាងខ្លាំង​ពី​គ្រួសារ​និង​មិត្តភក្តិ​។ ការវះកាត់​ដំណើរការ​យ៉ាង​រលូន ហើយ​គេ​នឹកស្មានថា​ខេ​ត​ច្បាស់​ជា​បាន​យកឈ្នះ​លើ​ជំងឺមហារីក​ទៅហើយ​។​

​លោក​ខេ​ត​បាន​រៀបការ​ជាមួយ​មិត្តស្រី​ដែល​ស្រឡាញ់គ្នា​៣០​ឆ្នាំ ឈ្មោះ យូ ហួ​ឈី​ង នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៩​។ គួរឱ្យ​សោកស្តាយ អាពាហ៍ពិពាហ៍​របស់​ពួកគេ​មាន​រយៈពេល​ត្រឹម​៣​ខែ​ប៉ុណ្ណោះ​មុនពេល​ស្ថានភាព​របស់​ខេ​ត​កាន់តែ​ដុនដាប​។ កោសិកា​មហារីក​បាន​រីក​រាលដាល​ដល់​សួត​របស់គាត់ ហើយ​ការប្រឹងប្រែង​ដើម្បី​សង្គ្រោះ​គាត់​បាន​បរាជ័យ​។​

​ខេ​ត​ល្បីល្បាញ​បំផុត​នៅពេល​ដើរតួ​ជា​បង​ពា​វ ឬ “Boss Keith” នៅក្នុង​រឿង Young and Dangerous និង​បាន​សម្តែង​ក្នុង​រឿង​របស់លោក​ស្តេ​ហ្វិ​ន ចូ​វ (​ទិន ហ្វី​) ជាច្រើន​រឿង​ដូចជា​រឿង The God of Cookery និង​រឿង Lawyer Lawyer​។​

​អតីត​តួ​បង​ពា​វ​រូបនេះ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ទសវត្សរ៍ ១៩៩០ ដោយ​សម្តែង​ផង​និង​ដើរតួ​ជា​អ្នក​ប្រឹក្សា​យោបល់​ផង​អំពី​ភាពយន្ត​បែប​សង្គមងងឹត​ហុងកុង​៕ ដោយ៖ កញ្ញាដាលីស/Ha

តារា​សម្តែង​ហុងកុង ខេ​ត លី​ស៊ីវ​កី ស្លាប់​កាលពី​ថ្ងៃទី​២​មិថុនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ