ចិន​និយាយថា​ខ្លួន​បារម្ភ​ជាខ្លាំង​អំពី​ផែនការ​លក់​អាវុធ​២​ពាន់​លាន​ដុល្លារ​អោយ​កោះ​តៃវ៉ាន់​

900
ចែករម្លែក

​ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​ថា ខ្លួន​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ការលក់​អាវុធ​របស់​អាម៉េរិក​ទៅអោយ​កោះ​តៃវ៉ាន់ ក្រោយ​ពី​ប្រភព​​ព័ត៌មាន​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថារដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ផែនការ​លក់​សព្វាវុធ​តំលៃ​២​ពាន់​លាន​ដុល្លារ​អាម៉េរិក​ទៅអោយ​កោះ​ដែល​ចិន​​អះអាង​ជា​ទឹកដី​របស់​ខ្លួន​នេះ​។​

​អ្នកនាំពាក្យ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​នៅ​ក្រុង​ប៉េកាំង​ថា ចិន​ទទ​ទូច​អោយ​អាម៉េរិក​បញ្ឈប់​ការលក់​អាវុធ​ទៅអោយ​តៃវ៉ាន់​ដើម្បី​កុំអោយ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​។​

​ប្រភព​ព័ត៌មាន​អំពី​ការលក់​អាវុធ​បានឱ្យដឹងថា គ្រឿង​សព្វាវុធ​ដែល​លក់​នេះ គឺ​មាន​រថក្រោះ​M1A2 Abrams អាវុធ​ប្រឆាំង​រថក្រោះ​និង​អាវុធ​ប្រឆាំង​យន្តហោះ​ជាច្រើន​។​

​សហរដ្ឋ​អាម៉េរិក​ជា​អ្នក​ផ្គត់ផ្គង់​អាវុធំ​ដ៏​សំខាន់​សម្រាប់​កោះ​តៃវ៉ាន់ ដែល​ចិន​យល់​ថា​ខ្លួន​ជា​ម្ចាស់​នៃ​កោះ​នេះ ហើយ​មិន​ដែល​បោះបង់​ការប្រើ​កម្លាំង​ទ័ព​ដើម្បី​នាំ​យក​កោះ​​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​មក​ដាក់​នៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​នោះ​ទេ​។​

​លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​បាន​និយាយ​កាលពី​ខែ​មីនា​ថា សហរដ្ឋ​អាម៉េរិក​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​(​តៃវ៉ាន់​)​ចំពោះ​​ការលក់​អាវុធ​ថ្មីៗ​ដើម្បី​បង្កើន​ការការពារ​ខ្លួន​នៅក្នុង​ការ​ប្រឈម​នឹង​សម្ពាធ​ពី​ចិន​។

​សហរដ្ឋ​អាម៉េរិក​មិន​មាន​ចំណងទាក់ទង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​នោះទេ​ប៉ុន្តែ​ត្រូវបាន​ចង​ភ្ជាប់​ដោយ​ច្បាប់​ដើម្បី​ជួយ​ផ្តល់​ឱ្យ​កោះ​តៃវ៉ាន់​នូវ​មធ្យោបាយ​ការពារ​ខ្លួន​៕ដោយ៖វាសនា

ទាហាន​តៃវ៉ាន់​នៅលើ​រថក្រោះ CM11 ក្នុង​សមយុទ្ធ​មួយ​នៅ​តៃវ៉ាន់​កាលពី​ថ្ងៃ​២៩ ឧសភា ឆ្នាំ​២០១៩