រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ប្រែក្លាយ​ប្រទេស​ជា​ដែនដី​សម្រាប់​ការវិនិយោគ​ពី​បរទេស​

970
ចែករម្លែក

ដោយ:ពៅ និមល​/ភ្នំពេញ : តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្មបាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការបន្ត​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ជួយ​សម្រួល​ការធ្វើ​ធុរកិច្ច​របស់​វិស័យ​ឯកជន សំដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​បរទេស​លើ​វិស័យ​សំខាន់ៗ ជាពិសេស​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ជូន​លោក គ្រី​ស ហេ​ល​ហ្សឺ (CHRIS Helzer) អនុប្រធាន​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ ណៃ​ស៍ (NIKE) ដ៏​ធំ​របស់​សហរដ្ឋ អាមេរិក អំពី​វិធាន​ការសំខាន់ៗ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​តាមរយៈ​វេទិការ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​វិនិយោគិន សំដៅ​ពង្រឹង​ឯករាជ្យភាព និង​លើកស្ទួយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​ជាតិ​។ ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក និង​សហការី​នៅ​ទីក្រុង​ហុងកុង​ថ្មីៗ​នេះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍ និង​ប្រែក្លាយ​វិស័យ​កាត់ដេរ​មួយ​ជំហាន​បន្ថែមទៀត​។​
​ ​

ជាការ​ឆ្លើយតប​លោក គ្រី​ស ហេ​ល​ហ្សឺ បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី ដែល​បាន​ចែក រំលែក​នូវ​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា និង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​។ ទន្ទឹមនេះ​លោក​ក៏បាន​ឲ្យ​ដឹងថា​កម្ពុ​ជាមាន​អនុលោមភាព​ខ្ពស់​ទៅនឹង​ស្តង់ដារ​ពលកម្ម​អន្តរជាតិ តាមរយៈ​កម្មវិធី​ត្រួតពិនិត្យ​រោងចក្រ​នានា​ដែល​បាន​អនុវត្ត​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ចំពោះ​ក្រុមហ៊ុន​ដូចជា ណៃ​ស៍​អនុលោមភាព​ស្ដង់ដារ​ពលកម្ម​អន្តរជាតិ ជា​កត្តា​មួយ​ចម្បង​ផងដែរ​ក្នុងការ​វិនិយោគ​និង​ធ្វើ​ការបញ្ជាទិញ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា ដោយយោង​លើក​ត្តា​នេះ​។

​បន្ថែម​លើ​នេះ​ទៀត ភាគី​ជំនួប​បាន​គូស​បញ្ជាក់ប្រាប់ ឯកឧត្តម​រដ្ឋមន្ត្រី ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​បន្ត​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបណ្តាក់ ទុន​វិនិយោគ​បន្ថែម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​៕B/