ហួសចិត្ត​! មាន​ជំងឺ​ខំ​ទៅឱ្យ​ពេទ្យ​សង្គ្រោះ បែរជា​ជួប​គ្រោះ​ត្រូវ​ពេទ្យ​វ៉ៃ​

1069
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ហួសចិត្ត និង​ភ្ញាក់ផ្អើល​ដែល​គ្រូពេទ្យ​ឆេវឆាវ​ម្នាក់​ផ្ទុះ​កំហឹង​ឡើងចំទែង​លើ​គ្រែ​វាយ​សង្គ្រប់​លើ​បុរស​អ្នកជំងឺ​វ័យ ៣០ ឆ្នាំ​ម្នាក់​ដូចកំរោលចូល​នៅក្នុងសាល​មន្ទីរពេទ្យ​ដែលមាន​អ្នកជំងឺ​ជាច្រើន​។​

​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​ថត​បាន​នៅ​មន្ទីរពេទ្យ សា​វ៉ៃ ម៉ាន់ ស៊ី​ង (Sawai Man Singh Hospital) ក្នុង​ក្រុង​ចៃ​ពួ (Jaipur) រដ្ឋ​រ៉ា​ចា​ស្ថាន (Rajasthan) ប្រទេស​ឥណ្ឌា យើង​ឃើញគ្រូពេទ្យ​រូបនោះ​ឡើង​វាយ​សង្គ្រប់​លើ​អ្នកជំងឺ​ឈ្មោះ មូ​បា​រីក (Mubarik) ដល់​លើ​គ្រែ​។​

​ខាង​មន្ទីរពេទ្យ​អះអាងថា ករណី​ផ្ទុះ​អំពើហិង្សា​នេះ​កើតឡើង បន្ទាប់ពី​បុរស​ជា​អ្នកជំងឺ ឈឺក្រពះ​ប្រើ​អំពើហិង្សា​ទៅលើ​គ្រូពេទ្យ​ពីរ​នាក់​មុន ហើយ​ថា វីដេអូ​ឃ្លី​ប ដែល​គេ​បង្ហោះចែករំលែក​តៗ​គ្នា​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​គ្រាន់តែ​ជាការ​កាត់ត​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​គ្រូពេទ្យ និង​មន្ទីរពេទ្យ​។

​ទោះជា​យ៉ាង វីដេអូ​ឃ្លី​ប​បង្ហាញ​យ៉ាងច្បាស់​ក្រឡែត​ថា គ្រូពេទ្យ​ដែល​ពាក់អាវ​ខៀវ​ជាអ្នក​ប្រើ​ហិង្សា​ទៅលើ​អ្នកជំងឺ​។ ពេលនោះ​គ្រូពេទ្យ​ផ្សេងទៀត​បាន​អន្តរាគមន៍ និង​ប្រាប់​ឱ្យសហការី​ទាំងអស់​ចេញ​ឱ្យ​ឆ្ងាយ​ពី​បុរស​អ្នកជំងឺ​នោះ ហើយ​អ្នកជំងឺ​នោះ​ក៏​ត្រូវបានបណ្ដេញ​ឱ្យទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃកើតហេតុ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល និង​សុខុមាលភាព​គ្រួសារ រ៉ា​ហ្គូ សា​ម៉ា (Raghu Sharma) ប្រចាំ​រដ្ឋ​រ៉ា​ចា​ស្ថាន បាន​ស្នើសុំ​របាយការណ៍​លម្អិត​ជុំវិញ​ករណីនេះ ហើយ​ទន្ទឹមនេះ គណៈកម្មការ​សិទ្ធិមនុស្ស​ក៏បាន​ទាមទារ​ព័ត៌មាន​លម្អិត​ពី​ខាង​រដ្ឋបាល​មន្ទីរពេទ្យ​នេះ​ឱ្យបាន​មុន​ថ្ងៃទី​២៥ ខែមិថុនា ផងដែរ​ដើម្បី​ស៊ើបអង្កេត​លើ​រឿងនេះ​៕ ប្រែ​សម្រួលៈ ខុម​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ