​ក្រុម​កម្ពុជា ឈ្នះ​ប៉ា​គី​ស្ថាន ២​ទល់​០ ក្នុង​វគ្គ​ជម្រុះ World Cup ជើង​ទី​១ វគ្គ​ជម្រុះ​បឋម​

1044
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ២​ទល់​០ នា​យប់​ថ្ងៃទី​៦ មិថុនា ២០១៩ ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក វគ្គ​បឋម (2022 World Cup Qualification AFC) ។ ទោះជា​យ៉ាងណា ក៏​កម្ពុជា នឹងត្រូវ​ទៅលេង​ជើង​ទី​២ ជាមួយ​ប៉ា​គី​ស្ថាន នៅក្រៅ​ដី​របស់ខ្លួន នា​ថ្ងៃទី​១១ មិថុនា ២០១៩​។ កីឡាករ​សៀង ច​ន្ធា រកបាន​មួយ​គ្រាប់ នៅ​នាទី​៨២ និង​កីឡាករ គួច សុ​កុម្ភៈ រកបាន​មួយ​គ្រាប់​បន្ថែម នៅ​នាទី​៨៤​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត បន្ទាប់ពី​ចប់​ការប្រកួត គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន របស់​កម្ពុជា គឺ​លោក Filex Dalmas បាន​និយាយថា​៖ «​ជាដំបូង អបអរសាទរ ដល់​កីឡាករ មិនមែន​តែ ២៣ នាក់​ទេ តែ ២៦ នាក់ ដែល​បាន​ចូល​ជំរំ​ហ្វឹកហាត់ ដែល​ពួកគេ បានធ្វើការ​យ៉ាងខ្លាំង មិនមែន​ត្រឹមតែ ក្នុង​ទីលាន និង​ក្រៅ​ទីលាន​ឡើយ ដូច្នេះ​យើង​ត្រូវ​អបអរ ចំពោះ​ការប្រឹងប្រែង​របស់​ពួកគេ ។​»

​ចំពោះ​លោក José Antonio Nogueira គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន បានបង្ហាញ​ពី​ការសោកស្ដាយ ចំពោះ​លទ្ធផល នៃ​ការ​ចាញ់​នេះ​។ លោក​លើក​ហេតុផល​ថា មុន​កម្ពុជា ទាត់​ចូល ២ គ្រាប់ ប៉ា​គី​ស្ថាន មានឱកាស​ល្អ ២ ដង តែ​កូនក្រុម​របស់លោក ធ្វើ​មិនបាន​សម្រេច​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​នូវ​ការកោតសរសើរ ដោយបាន​បញ្ជាក់ នៅក្នុង​ផេ​ក​របស់​សម្ដេច​ថា “​សូម​កោតសរសើរ ដល់​ក្រុម​កីឡាករ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ ក្នុងការ​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ក្នុង​លទ្ធផល ( កម្ពុជា​២ Vs ប៉ា​គី​ស្ថាន ០ )​សម្រាប់​វគ្គ​ជម្រុះ​ដំបូង នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ដែល​ទើប​បញ្ចប់​ការប្រកួត​មុននេះ​បន្ដិច នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​”

​ជាមួយគ្នានេះ សម្តេច​ក៏បាន​អរគុណ ដល់​អ្នកគាំទ្រ ដោយ​បន្ថែមថា​៖ “​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាំទ្រ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់ នៅ​ពហុ​កីឡដ្ឋាន តាម​ទូរទស្សន៍​។ សូម​ជូនពរ​កីឡាបាល់ទាត់ ជម្រើសជាតិ​កម្ពុជា ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់​ទៀត​៕”v

ទិដ្ឋភាព​ប្រកួត​

ទីតាំងផ្សាយពាណិជ្ជកម្ម