​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​ទុនវិនិយោគ​វិស័យ​សំណង់​មាន​៣​ពាន់​លាន​ដុល្លារ​

864
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​ទុនវិនិយោគ​វិស័យ​សំណង់​មាន​ប្រមាណ​២.៧៤២​លាន​ដុល្លារ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨​គឺមាន​ការកើនឡើង​ចំនួន​៦៧,៣៧​ភាគរយ​។​នេះ​បើ​យោងតាម​លោក​ឡៅ​ទិព្វ​សីហា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅក្នុង​ពិព័រណ៍​ដេរ​គ័​រ​និង​សំណង់​ស្ថាបត្យកម្ម​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​៥.៧៥៥​លាន​ដុល្លារ​បើ​ប្រៀបធៀប​ទុនវិនិយោគ​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​គឺមាន​ការកើនឡើង​២៥,៥៥​ភាគរយ​។​លោក​ឡៅ​ទិព្វ​សីហា​បាន​ថ្លែង​ឱ្យដឹងទៀតថា​៖​ការបោះ​ទុនវិនិយោគរ​បស់​វិស័យ​ឯកជន​មកពី​បរទេស​គិត​ចាប់ពី​ឆ្នាំ​២០០០​ដល់​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​មាន​ចំនួន​៣៩៥​គម្រោង​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​៥.៦១៥​លាន​ដុល្លារ​ក្នុងចំណោម​អ្នកវិនិយោគ​បរទេស​មកពី​ចំនួន​២១​ប្រទេស​។​

​លោក​រដ្ឋលេខាធិការ​បា​ន​គូសបញ្ជាក់ថា​៖​កំណើន​វិនិយោគ​នៃ​វិស័យនេះ​គឺ​បណ្តាលមកពី​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​បាន​មើលឃើញ​ពិការ​រីកចម្រើន​យ៉ាង​លឿន​របស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​ជាង​២០​ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគរយ​កម្ពុ​ជាមាន​ស​ន្តិ​ភាព​ពេញលេញ ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​។​

​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​មានការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​និង​សាងសង់​បច្ចុប្បន្ន​ក្រសួង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​សាងសង់​និង​សិក្សា​គម្រោង​ប្លង់​សុពលភាព​ចំនួន​៩៧៥​។​ក្នុងនោះ​មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​៤៦​និង​ក្រុមហ៊ុន​សាងសង់​៩២៩​និង​បាន​ចុះបញ្ជី​ដល់​រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​ដែល​នៅមាន​សុពលភាព​ចំនួន​១៣៤​នាក់​។​

​ក្នុងនោះ​មាន​ស្ថាបត្យករ​ចំនួន​៩៤​រូប​និង​វិស្វករ​ចំនួន​៤០​រូប​និង​បាន​ចុះបញ្ជី​ស្ថាបត្យករ​កម្ពុជា​បាន​ចំនួន​៧៦៥​រូប​ក្នុងនោះ​មាន​ស្ថាបត្យករ​បរទេស​ចំនួន​១៣​រូប​។​ទាក់ទង​នឹង​វិស័យ​សំណង់​ដែរនោះ​លោក​ឡៅ​ទិព្វ​សីហា​បានឱ្យដឹង​ទៀតថា​៖​សំណង់​ទំនើប​ខ្ពស់ៗ​នៅតាម​ទីតាំង​នានា​ដែល​សមស្រប​ដូចជា​នៅ​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ​ដែលមាន​កម្ពស់​ចាប់ពី​៥​ជាន់​ឡើងទៅ​ចំនួន​១.២៤១​អគារ​៕S/

​ចំណងជើង​រូបថត​៖​វិស័យ​សំណង់​អគារ​នៅ​កម្ពុជា​មានការ​រីកចម្រើន​(​រូបៈ​សុផល​)