ក្រុង​ប៉ោយប៉ែត​ទើប​មាន​ភ្លើងស្តុប​១​ជា​លើកដំបូង​តែ​រាង​តូច​បន្តិច​

669
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ទោះ​គេ​ស្គាល់​ល្បីឈ្មោះ​បោះ​សំឡេង​ថា​រីកចម្រើន​ខ្លាំង​មាន​សំណង់​អគារ​ផ្ទះថ្ម​ថ្មីៗ​ខ្ពស់ៗ​ច្រើន​ហើយ​ហាងឆេង​ដីធ្លី​ក៏​ឡើង​ថ្លែង​ផង​នោះ​។​តែ​មកទល់ពេលនេះ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទើប​មាន​ភ្លើងស្តុប​១​កន្លែង​ជា​លើកដំបូង​។​

​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី​៧​ខែមិថុនា​ថា : សម្ភារៈ​ភ្លើងស្តុប និង​ថ្លៃ​សេវា​ដំឡើង​ផ្សេងៗ រួច​តម្លើង​រួច​មានតម្លៃ​សរុប​ជា​ទឹកប្រាក់​ចំនួន​២២.៥១០​ដុល្លារ​អាមេរិក​។​ភ្លើងស្តុប​នេះ​ជាការ​ការចំណាយ​របស់​លោក គាត ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត ជូន​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​នេះ ។​

​យោង​គោលការណ៍​ការឯកភាព​របស់ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក ភ្លើងស្តុប​នោះបាន​ដាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​កែង​ផ្លូវ​ក្បែរ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុងភូមិ​បាលី​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត ។​

​តែ​អ្នកជំនាញ​ថា​ភ្លើងស្តុប​នេះ​រាង​ទាប​តូច​បន្តិច​ហើយ​មិនទាន់​ស្មើនឹង​ភ្លើងស្តុប​នៅ​ក្រុង​សិរីសោភ័ណ ស្រុក​ព្រះនេត្រព្រះ​និង​ស្រុក​អូរជ្រៅ​ឬ​នៅ​ស្រុក​អារញ្ញប្រទេស​ថៃ​នៅឡើយ​ទេ​។​តែ​មន្ត្រី​សាលាក្រុង​ថា​:​បាន​ភ្លើងស្តុប​តូច​មួយ​នេះ​ក៏​គ្រាន់បើ​ជាង​អត់​ដែរ​។​ម្យ៉ាង​ក្រុង​នេះ​ដូចជា​មានឈ្មោះ បោះ​សំឡេង​ល្បី​ទៅក្នុង​និង​ក្រៅប្រទេស​ណាសដែរ ។​

​បើ​វា​មិនទាន់​ស៊ីវីល័យ​វា​ក៏បាន​ជួយ​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ខ្លះ​ដែរ​ក៏ដូចជា​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​។​ទៅមុខទៀត​ក្រុង​នេះ​ក៏​នឹងដាក់​ភ្លើងស្តុប​ច្រើន​កន្លែង​ទៀត​ក៏ដូចជា​ដាំ​បង្គោល​ភ្លើង​ផ្លូវ​ដែល​ត្រូវ​ស្តង់ដា​ជំនួស​បង្គោល​និង​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​តូច មិនសូវ​ភ្លឺ មិនត្រូវ​ស្តង់ដា​ផងដែរ ។​

ប៉ុន្តែ​លោក​គាត​ហ៊ុល​អភិបាល​ថ្មី​ក្រុង​ប៉ោយប៉ែត​នៅ​មិនទាន់​ហ៊ាន​អួតអាង​ថា​នឹងធ្វើ​ការអភិវឌ្ឍន៍​ដ៏​សម្បើម​ដូច​កាលពី​លោក​សាន ស៊ានហូ នោះទេ ។​នោះ​អាចមកពី​លោក​ខ្លាច​ធ្វើ​មិនបាន​ដូច​លោក​សាន ស៊ានហូ ដែល​បាក់អំនួត​ជាមួយ​ការសន្យា​ខ្យល់​របស់លោក ៕S/

​រូបថត : ទោះ​គេ​ស្គាល់​និង​ហាក់​ល្បីឈ្មោះ តែ​ក្រុង​ប៉ោយប៉ែត​ទើប​មាន​ភ្លើងស្តុប​១​ជា​លើកដំបូង​, រាង​តូច​ទាប​បន្តិច​(​រូប​: ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ