អាមេរិក​ដាក់ទណ្ឌកម្ម​ធនាគារ​ចិន​ចំពោះ​ការលាង​លុយ​កូរ៉េខាងជើង​

1877
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា ទៅលើ​ធនាគារ​ចិន​មួយ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​លាង​លុយ​កូរ៉េខាងជើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​រារាំង​កម្មវិធី​នុយ​ក្លែ​អ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាងនោះ បាន​បរាជ័យ​។​

​ស្របពេល ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នោះ ក្រសួង​រតនាគារ​អាមេរិក បានប្រកាសថា ធនាគារ Bank of Dandong របស់​ចិន នឹង​ត្រូវបាន​កាត់ផ្តាច់​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​ចំពោះ​ការធ្វើសកម្មភាព ជា​បណ្តាញ​មួយ​សម្រាប់​សកម្មភាព​ហិរញ្ញវត្ថុ​កូរ៉េខាងជើង​ខុសច្បាប់​។​

​​ខណៈដែល​លោក ស្តេ​ហ្វិ​ន អេ​ញូ​ជីន (Steven Mnuchin) រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អ​មេ​រិ​កបាន​និយាយថា ចំណាត់ការ​នេះ​មិន​សំដៅលើ​រដ្ឋាភិបាល​ចិន​នោះទេ ប៉ុន្តែ ករណីនេះ វា​ទំនងជា​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹងសម្បា​។​

ក្រសួង​រតនាគារ​អាមេរិក​បានប្រកាសថា ធនាគារ Bank of Dandong ត្រូវបាន​ស្គាល់​ថា​ជា​ធនាគារ​បរទេសមួយ​ដែលមាន​ការជាប់​ទាក់ទង​ការលាង​លុយ​ដោយ​បង្ក​ការងាយស្រួល​ដល់​ការផ្ទេរ​ប្រាក់​រាប់លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​ជាច្រើន ដែល​បាន​ជាប់ទាក់ទង​ជាមួយ​កម្មវិធី​អាវុធ​កូរ៉េខាងជើង​។​

ឥឡូវនេះ ធនាគារ​នេះ នឹង ត្រូវបាន​រារាំង​ពី​ការ​មាន​គណនី​ឬ​ធ្វើ​កិច្ចការ​ពាណិជ្ជកម្ម​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អាមេរិក​៕ ​ដោយ ៖សុខា

ទីតាំងផ្សាយពាណិជ្ជកម្ម