លោក ថោង ខុន ផ្ដល់ជូន​អគារសិក្សា​១​ខ្នង​នៅ​ស្រុក​តាំងគោក ហើយ​ថ្ងៃនេះ​ត្រូវបាន​បញ្ចុះបឋមសិលា​ជា​ផ្លូវការ

849
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ដើម្បី​បំពេញ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​កំពុងមាន​ភាពខ្វះ​ខាត​នូវ​អគារសិក្សា​រៀនសូត្រ និង​ដើម្បី​ចូលរួម​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផង​នោះ លោក ថោង ខុន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ បានផ្ដល់​ជូន​នូវ​អគារសិក្សា​ថ្មី​មួយ​ខ្នង​ដល់​សាលាបឋមសិក្សា​ឧទុម្ពរ ស្ថិតនៅ​ភូមិ​ឧទ្ទម្ពរ ឃុំ​ស្រឡៅ ស្រុក​តាំងគោក​។​

លោក រដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​នៅ​ថ្ងៃទី​16​ខែមិថុនា​នេះ​ផងដែរ ដែលមាន​មន្ត្រីរាជការ កម្លាំង​សមត្ថកិច្ច ក្រុមការងារ​មូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ចូលរួម​ជិត​៤០០​នាក់​។ អគារសិក្សា​១​ខ្នង នេះ​មាន​៦​បន្ទប់ ប្រក់​ស័ង្កសី​នេះ នឹង​ចំណាយ​រយៈពេល​សាងសង់​ប្រមាណ ៧​ខែ ចាប់ពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ដល់​ខែមករា ឆ្នាំ​២០២០​។​

លោក ថោង ខុន បាន​លើកឡើងថា ថវិកា​ដែល​ឧបត្ថម្ភ​ដល់​ការសាងសង់​អគារសិក្សា​ថ្មី​នេះ គឺជា​ថវិកា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​។​

​លោក ថា ក្រោម​ពន្លឺ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ផ្លែផ្កា​នៃ​សន្តិភាព បានធ្វើ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​មកដល់​សព្វថ្ងៃ ហើយ​កម្ពុជា​ក៏បាន​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ដោយ​ស្មើមុខស្មើមាត់ ស្មើ​សិទ្ធិ និង​ស្មើភាព​នៅលើ​ឆាក​អន្តរជាតិ​។

​លោក​ប្រាប់​អ្នកចូលរួម​ថា​កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​២​ទសវត្សរ៍​ចុងក្រោយ​នេះ​។ អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់​ចុះមក​នៅ​រង្វង់ ១០% នាពេល​បច្ចុប្បន្ន​។ ចំណូល​មធ្យម​សម្រាប់​មនុស្ស​មា្ន​ក់បាន​កើន​ដល់ ១,៥៦៣​ដុល្លារ នៅ​ឆ្នាំ​២០១៨​។​

រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​កំពុង​ផ្លាស់ប្តូរ​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក​ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​បង្កបង្កើនផល​កសិកម្ម ដំណាំ ស្រែចម្ការ​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន ពិសេស​គឺ​ដំណាំ​ស្រូវ ពីព្រោះ​ភាគី​មិត្ត​ចិន​បាន​ព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ជាច្រើន​ម៉ឺន​តោន​។​

​លោក​បាន​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ត្រូវខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​ចាប់យក​ឱកាស​ការងារ​ជាច្រើន​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ក្នុងនោះ​លោក​ក៏បាន​លើកឡើង​ពី​តម្រូវការ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ពីមួយ​ទៅមួយ​ឆ្នាំ​ផងដែរ​។​

​លោក ថោង ខុន បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ រដ្ឋបាល​ស្រុក ឃុំ ភូមិ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងដូច​នេះ​ថា​៖

  • ត្រូវមាន​គោលជំហរ​ស្មារតី​រឹងមាំ និង​មាន​ភាពជឿជាក់ និង​ទុកចិត្ត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការបន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​
  • បន្ត​ខិតខំ​ការងារ​បង្កបង្កើនផល​ស្រូវ ដំណាំ ចម្ការ និង​មុខរបរ ដើម្បី​បង្កើន​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។​
  • ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ជួយ​គ្នា​ទៅវិញទៅមក​។​
  • មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ត្រូវខិតខំ​ធ្វើអំពើ​ល្អ និង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​សមត្ថភាព​។​
  • ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល​។​ លោក ថោង ខុន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​រដ្ឋបាល​ឃុំ​ស្រឡៅ​ចំនួន ៥០​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​ចំនួន ២៦​នាក់ ក្នុង​ម្នាក់ ៥​ម៉ឺន​រៀល សិស្សានុសិស្ស​ចំនួន ១៤០​នាក់ ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ២​ក្បាល ប៊ិច ២​ដើម ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៣២០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ក្រមា ១ និង​ថ្នាំពេទ្យ TIFY ៣​បន្ទះ​៕​B/