កម្ពុជា​ស្នើ​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​លើក​ទី​១០៨​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​ការងារ

832
ចែករម្លែក

ដោយ​៖​ដេប៉ូ​ហ្សឺ​ណែវ​៖​កម្ពុជា​បានស្នើ​ដល់​ដៃគូ​អន្តរជាតិ​នានា​ពិសេស​អង្គការ​ILO​ឱ្យ​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​បរិបទ​បដិវត្ត​ឧស្សាហកម្ម​៤.០​។​

ការស្នើសុំ​នេះ​ធ្វើឡើង​ដោយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នាឱកាស​ថ្លែង​សុន្ទរកថា​ក្នុងសម័យ​ប្រជុំ​លើក​ទី​១០៨ នៃ​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក​។​

ថ្លែង​ក្នុង​ពិធី​នេះ​លោក​អ៊ិត​សំហេង​បាន​បញ្ជាក់ថា​ក្នុងខណៈ​ពេលដែល​ប្រភេទ​ការងារ​មួយចំនួន​បាននិងកំពុង​មានការ​ផ្លាស់ប្តូរ​នៅក្នុង​ដំណើរ​ការវិវត្ត​ផ្នែក​បច្ចេកវិទ្យា​និង​បដិវត្ត​ឧស្សាហកម្ម​៤.០​កម្ពុជា​ជឿជាក់ថា​គ្រប់ភាគី​ពាក់ព័ន្ធ​នឹងចូលរួម​ជាមួយ​កម្ពុជា​ដើម្បី​ដាក់ចេញ​ជា​វិធានការ​និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​អាច​កើតមានឡើង​នៅក្នុង​ទីផ្សារការងារ​និង​ការងារ​នាពេល​អនាគត​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ឱ្យដឹងថា​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាពិសេស​គោលដៅ​ទី​៨ «​ការងារ​សមរម្យ​» នៅក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ប្រទេស​សមាជិក​អង្គការ ILO ចាំបាច់​ត្រូវ​ធានា​ឱ្យបាន​ថា​កម្មករនិយោជិត និង​យុវជន​ទទួលបាន​ការអប់រំ​ចំណេះដឹង​ទូទៅ ។​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​និង​ឱកាស​ទទួលបាន​ការសិក្សា​ពេញ​មួយជីវិត ដើម្បី​ទទួលបាន​ជំនាញ​មួយ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុងស្រុក និង​ក្នុង​តំបន់​។​

ក្នុងន័យនេះ​ប្រទេស​សមាជិក​អង្គការ​ILO​គប្បី​ផ្ដោតលើ​ការបង្កើន​សមត្ថភាព​ជំនាញ​ដល់​កម្លាំង​ពលកម្ម បង្កើន​ផលិតភាព បង្រួម​គម្លាត​ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ ពង្រឹង​សេវា​ព័ត៌មាន​ទីផ្សារការងារ និង​សេវា​រក​ការងារ​ធ្វើ​បង្កើន​គុណភាព​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ជា​អតិបរមា​និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ​និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការជំនាញ​នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បានបង្ហាញ​ការ​ជឿជាក់ថា អង្គការ ILO នៅតែ​បន្ត​មាន​តួនាទី​យ៉ាងសំខាន់ និង​ជា​ស្ថាប័ន​ត្រីភាគី​មួយ ដែល​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ប្រែក្លាយ​បញ្ហា​ប្រឈម ដែល​បាននិងកំពុង​កើតឡើង​នៅក្នុង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ទៅជា​កាលានុវត្តភាព​នៃ​អនាគត​ការងារ​ដ៏​ត្រចះត្រចង់​សម្រាប់​បុគ្គល​គ្រប់រូប ដោយ​មិន​បោះបង់​បុគ្គល​ណា​ម្នាក់​នោះទេ​៕S/

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្លែង​សុន្ទរកថា​ក្នុងសម័យ​ប្រជុំ​លើក​ទី​១០៨ នៃ​សន្និសីទ​អន្តរជាតិ​ខាង​ការងារ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩(​រូប​៖​ក្រសួង​)​

ទីតាំងផ្សាយពាណិជ្ជកម្ម